Yaya Urassaya បង្អួតឈុតគ្រឿងពេជ្រ តម្លៃមហាសាល ធ្វើឱ្យផ្អើលអ្នកគាំទ្រ!

ថៃ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា Yaya Urassaya ត្រូវបានក្រុមអ្នកគាំទ្រ ជាច្រើននាក់ សរសើរមិនដាច់ពីមាត់ថា នាងជាតារាស្រីម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាតក្រមិចក្រមើមគួរឱ្យខ្នាញ់ខ្លាំងណាស់ តាំងពីនៅវ័យក្មេងរហូតមកដល់បច្ចុប្បន្ននេះ។ ហើយកាលពីពេលថ្មីៗកន្លងទៅ តារាស្រីក្មេងខ្ចីរូបនេះក៏បាន បង្ហាញខ្លួននៅក្នុងកម្មវិធីបើកសម្ពោធផ្សារទំនើបថ្មីដ៏ធំសម្បើមអស្ចារ្យនៅហូហីន។

នៅក្នុងកម្មវិធីទាំងមូលនាងមានភាពស្រស់ស្អាតលេចធ្លោមែនទែន ជាមួយនឹងឈុតគ្រឿងពេជ្រដែលមានតម្លៃ ថ្លៃមហាសាលរបស់នាងរហូតទៅដល់២៥០លានបាត (ប្រហែល៧,២០៥,០០០ដុល្លារអាមេរិក) និងមានទំហំរហូតដល់ទៅ៣៧០ការ៉ាត់ ឯណោះ។

ការតុបតែងខ្លួនក្នុងសម្លៀកបំពាក់ពណ៌ស គ្រងជាមួយនឹងគ្រឿងពេជ្រឈុតធំមានតម្លៃបែបនេះ ពិតជាបានធ្វើឱ្យ Yaya Urassaya កាន់តែស្រស់ស្អាត ទ្វេឡើងថែមមួយកម្រិតទៀត និងព្រមទាំងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថានាង Yaya Urassaya ជាតារាស្រីមួយដួង ដែលមិនត្រឹមតែមានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈថៃប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាអ្នកមានមិនធម្មតានោះដែរ។

ទន្ទឹមនឹងនេះនៅក្នុងកម្មវិធីទាំងមូល តារាស្រីដ៏ស្រស់ស្អាតរូបនេះក៏បានបណ្តើរ គូស្នេហ៍សំណព្វចិត្តរបស់ខ្លួនគឺលោក Nadech Kugimiya យ៉ាងសង្ហារបង្អួតអ្នកគាំទ្រ ឱ្យផ្អើលគ្រប់ៗគ្នាព្រមទាំងបើកការទទួលស្វាគមន៍ដោយសម្លេង នៃការស្រែកហ៊ោរ កញ្ជ្រៀវគាំទ្រពេញចិត្តយ៉ាងខ្លាំងក្លាផងដែរ ជាពិសេសគឺអ្នកកាសែតប្រជែងជើងគ្នា តាមថតផ្តិតយករូបភាពទាំងមនុស្ស ទាំងខ្សែកពេជ្រ ក្រវិលពេជ្រគ្មានឈប់គ្មានឈរ។

គួរបញ្ជាក់ថា ឈុតគ្រឿងអលង្ការពេជ្រដ៏មានតម្លៃកប់ពពកនេះ គឺសុទ្ធតែច្នៃមកពី គ្រាប់ពេជ្រទឹកល្អមួយប្រភេទឈ្មោះថា Blue Sapphire មានភាពល្បីល្បាញជាយូរណាស់មកហើយ។ វាត្រូវបានកែច្នៃជាពិសេសចេញមកពី ក្នុងហាងល្បីឈ្មោះ Gems Pavillion សម្រាប់នាង Yaya Urassaya ពាក់បង្ហាញជានៅក្នុងកម្មវិធីនេះតែម្តង។

មនុស្សក៏ស្អាត ពេជ្រក៏ស្អាត សង្សារបណ្តើរចូលមកក្នុងកម្មវិធីក៏ស្រស់សង្ហាសមគ្នា គួរឱ្យទាក់ទាញបែបនេះ ក្រុមអ្នកគាំទ្រច្រណែនស្លាប់ហើយកញ្ញា Yaya Urassaya៕

តោះទៅមើលខ្សែកពេជ្រដ៏មានតម្លៃរបស់នាងបន្តិចទៅមើល៍៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload