ជំនន់​ទឹក​ភ្លៀង​ ធ្វើឱ្យបារម្ភ​ខ្លាច​រលួយ​ស្រូវ

ខេត្ដកំពង់ស្ពឺ ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ភ្លៀង​បាន​ចាប់ផ្ដើម​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ជាប់​ៗ​គ្នា​នៅ​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ឧដុង្គ ស្រុក​ថ្ពង ស្រុក​សំរោង​ទង និង​ក្រុង​ច្បារមន ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច​ភូមិឋាន ហេដ្ឋារចនាសម្ព័ន្ធ និង​ស្រែ​របស់​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ និង​ស្រុក​ថ្ពង ។ ក្នុង​នោះ​ផង​ដែរ ទឹកបាន​និង​បន្ត​ហូរ​ចុះ​មក​តំបន់​ទំនាប និង​បង្ក​ឲ្យ​មានការ​ជន់​លិច​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត ។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ មជ្ឈដ្ឋាន​ប្រជា​កសិករ​បាន​លើក​ឡើង​ថា បើសិនជា​ខាង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ជួយ​រំដោះ​ជំនន់​ទឹកភ្លៀង​នេះ​មិន​ទាន់​ទេ​នោះ តំបន់​ដែល​ជន់​លិច​ប្រាកដជា​ត្រូវ​រលួយ​ស្រូវ​ជាក់​ជា​មិន​ខាន​ឡើយ​។មានការ​លើក​ឡើង​ថា ស្រូវ​ទាំងអស់​បើ​មិន​ត្រាំ​ទឹក​យូរ​ទេ​នឹង​ល្អ តែបើ​យូរថ្ងៃ​ទឹក​មិន​ហូរ ឬ​រំដោះ​ទឹក​ចេញ​មិន​ទាន់​នោះ​ស្រូវ​នឹង​រលួយ​អស់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​នឹង​ជំនន់​ទឹកភ្លៀង​នេះ​ដែរ លោក ញ៉ា​ញ់ ជៀប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ថា ក្រុមការងារ​របស់​មន្ទីរ និង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កំពុងធ្វើការ​រំដោះ​ទឹកជំនន់​នេះ​ទម្លាក់​ទៅ​តាម​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង​មក​កាន់​អូរ​ក្រាំង​អំបិល រួច​បន្ត​បង្ហូរ​តាម​ប្រឡាយ​មេតា​ហោ​ទម្លាក់​ចូល​ទៅ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ជា​បន្ត ដើម្បី​ឱ្យ​ទឹក​ស្រក​ពី​តំបន់​ខាងលើ​កុំឱ្យ​មានការ​ខូចខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ ។

ទោះជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ​ទឹក​នៅ​ទំនប់​តា​សាល ស្រុក​ឱ​រ៉ា​ល់ បាន​ហក់​ឡើង​៨​តឹក​បន្ថែម​ទៀត​លើ​កម្ពស់​ទឹក​១៩,៩២​ម៉ែត្រ​ក្នុង​ទំនប់ ។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ពេល​នេះ​ទឹកបាន​និង​កំពុង​ហូរ​លើ​ទំនប់​បង្ហៀរ​កម្ពស់​៨​តឹក​ធ្លាក់​ទៅ​ក្រោម ។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រជា​កសិករ​ដែល​ថា បើ​មិន​មានការ​បង្ហូរ​ចុះ​ទៅ​ក្រោម​ទាន់​ពេល​ទេ​ស្រូវ​របស់​ពួក​គាត់​នឹង​រលួយ​នោះ លោក​ប្រធាន​មន្ទីរ​លើក​ឡើង​ថា នេះ​ជា​កត្តា​ធម្មជាតិ ខាង​ជំនាញ​បាន​និង​កំពុង​ស្វះស្វែង​ដើម្បី​បង្ហូរ​ទម្លាក់​ចុះ​មក​ក្រោម ​ចៀស វាង​ការ​ជន់​លិច ដូច្នេះ​យើង​អាច​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ទម្រាំ​ទឹក​ហូរ​ធ្លាក់​ទៅ​អស់ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ដែរ​ថា បើសិន​ករណី​ចាំបាច់​នោះ​នឹង​យក​គ្រឿងចក្រ​កាយ​ដី​បើកមុខ​ទឹក​ឱ្យ​ហូរ​កាន់តែ​ខ្លាំង​ថែម​ទៀត ។ នៅ​ព្រឹក​ថ្ងៃ​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ក៏​បាន​ចុះ​មក​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​ផង​ដែរ ។

បើ​ទោះជា​យ៉ាងនេះ​ក្តី ប្រជា​កសិករ​បាន​សម្ដែង​នូវ​ការ​ត្រេកអរ​ចំពោះ​ក្រុមការងារ​ធនធានទឹក ដែល​បាន​ធ្វើការ​រំដោះ​ជំនន់​ទឹកភ្លៀង​នេះ​ទាន់​ពេលវេលា បើ​ទោះជា​មិន​បាន​រហ័ស​ដូច​ចិត្ត​ក្តី​ក៏​អាច​កាត់​បន្ថយ​ការ​ជន់​លិច​បាន​មួយ​កម្រិត​ដែរ ។ បើ​មិន​ដូច្នោះ​ទេ ស្រូវ​របស់​ពួក​គាត់​ប្រាកដជា​រលួយ​អស់​ជា​មិន​ខាន​ព្រោះតែ​ត្រាំ​ទឹក​យូរ​ពេក ៕