រមណីយ​ដា្ឋ​ន​ភ្នំ​ហាន់ជ័យ​ទាក់ទាញ​អ្នកទេសចរ​ពី​គ្រប់​ទិស​ទី

ខេត្តកំពង់ចាម ៖ តំបន់​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត​លេង​ដោយសារ​តែ​មាន​ប្រាសាទបុរាណ និង​មាន​សមិទ្ធផល​ជា​ច្រើន​ដែល​គ្រប់គ្រង​ដោយ​ព្រះ​មុនី​សោភ័ណ ប៊​ត តាំង​ចេ​ង ព្រះ​ចៅអធិការ​វត្ត​។ រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ជាប់​ដង​ទន្លេមេគង្គ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ទៅ​កម្សាន្ត​ម្តង​ហើយ​ចង់ទៅ​ម្តងទៀត ។

ព្រះ​ភិក្ខុ ជា ចាន់​ធា គ្រូបង្រៀន​បាលី  គង់នៅ​វត្ត​ភ្នំ​ហាន់ជ័យ មាន​ថេរ​ដីកា​ថា  កម្លាំង​នគរបាល​ចរាចរណ៍​បាន​សម្រួល​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​ចំណុច​ស្ពានបេតុង​ជើងភ្នំ​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍ ។ នៅ​ចង្កេះភ្នំ​រហូត​ដល់​បរិវេណ​លើ​ភ្នំ មាន​ដាក់​កម្លាំង​សន្តិសុខ និង​នគរបាល​នៅ​កន្លែង​រាំ​ធុងបាស់ និង​នគរបាល​ទេសចរណ៍​ជា​ច្រើន​នាក់ ដោយ​ដើរ​ចល័ត​ទៅ​វិញ​ទៅ​មក​ការពារ​ពង្រឹង​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ ។ 

តាម​ការ​សង្កេត អ្នក​ទៅ​លេង​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ដោយសារ​មានការ​ទុកចិត្ត​លើ​ព្រះ​ចៅអធិការ​វត្ត ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយ​ក៏​មាន​តារា​កំប្លែង តា​វីតាមីន​សេ​មក​សម្តែង​ឲ្យ​លោកតា​លោកយាយ ញាតិ​ញោម​ពុទ្ធបរិស័ទ​ទស្សនា​សើច​សប្បាយ​ដែរ ។ ចំណែក​នៅ​មាត់ទន្លេ​វិញ មានការ​រៀបចំ​ប្រណាំងទូក​.​ង​ចំនួន​៥​គូ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ថ្ងៃ​ទី​១ ខែតុលា ហើយ​នៅ​ឆ្នាំ​ក្រោយ​នឹង​មានការ​រៀបចំ​ពិធី​ឲ្យ​កាន់​អធិកអធម​ទៀត ។

លោក ប៊ុ​ន តឿ អាយុ​២៩​ឆ្នាំ មក​ពី​ភូមិ​ប្រវាស ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ និយាយ​ថា រូប​គាត់​សប្បាយ​រីករាយ​ណាស់​ពេល​បាន​មក​លេង​នៅ​ភ្នំ​ហាន់ជ័យ​ជាមួយ​ប្រពន្ធ និង​ឃើញ​មនុស្ស​មក​លេង​ច្រើន​ជាង​ឆ្នាំ​មុន ។ នៅ​ឆ្នាំ​ក្រោយ​គាត់​នឹង​នាំ​ប្រពន្ធ ព្រមទាំង​មិត្តភក្តិ​មក​លេង​ទៀត​ព្រោះថា​នៅ​លើ​ភ្នំ​មាន​កន្លែង​ធំ​ទូលាយ ហើយ​ខ្យល់អាកាស​បរិសុទ្ធ​ល្អ ។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍​ថា តំបន់​រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្តកំពង់ចាម ក្នុង​នោះ​កន្លែង​ដែល​បង្កើត​ថ្មី​មាន​ដូច​ជា​បឹង​ធំ ទំនប់​តា​កុ​ត​ឃើញ​ថា នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​ប្រជាពលរដ្ឋ​មក​លេង​ច្រើន ។ ចំណែក​នៅ​រមណីយដ្ឋាន​ទឹកឆា ប្រាសាទ​នគរ​បា​ជ័យ​ព្រមទាំង​ភ្នំ​ហាន់ជ័យ ប្រជាពលរដ្ឋ​មក​លេង ប្រហាក់ប្រហែល​នឹង​ឆ្នាំ​កន្លង​ទៅ រីឯ​សន្តិសុខ​វិញ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច ៕