បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា ខេត្តព្រះវិហារ នៅតែ​រាលដាល​ឥតឈប់ឈរ​

​ព្រៃ​សហគមន៍​ព្រះ​រកា ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជិត​១០​ម៉ឺន​ហិកតា​ហើយ​ជា​តំបន់​ដែនជម្រកសត្វព្រៃ​សំបូរ​ទៅដោយ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១​កំពុងតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​ក្រុម​ជនល្មើស​។ ទាក់ទង​នឹង​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា​យ៉ាង​មហន្តរាយ​នេះ មិនទាន់​ឃើញ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តព្រះវិហារ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តព្រះវិហារ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជុំវិញ​ព្រៃ​សហគមន៍​ព្រះ​រកា បាន​ឲ្យ​ដឹងថា​រយៈពេល​កន្លះ​ខែ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ក្រោយ​ពេលដែល​ព្រៃ​សហគមន៍​ព្រះ​រកា ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស គឺ​បទល្មើស​កើតឡើង​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ហើយ​ប្រជា​សហគមន៍​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​មិនអាច​ទប់ស្កាត់​បានឡើយ​។ ចំណុច​ដែល​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​នោះ គឺ​នៅ​តំបន់​អូរ​បាច​កន្ទប អូរ​ក្រូច សា​ច់ស ក្បាល​សោម​និង​ទឹកខ្មៅ​ជាដើម ដោយ​ក្រុម​ជនល្មើស​មិន​ញញើត​អ្វី​ទាំងអស់​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ចំនួន​៣​នៃ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​គោយន្ត​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ចំណែក​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា នៅតាម​ដងផ្លូវ​មួយចំនួន​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​នគរបាល​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ គឺ​ចាំ​ប្រមូល​លុយ​ពី​អ្នកដឹកឈើ ក៏ដូចជា​អ្នកយក​ម៉ាស៊ីន​អារឈើ​ចូលក្នុង​ព្រៃ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តព្រះវិហារ​ជាបន្ទាន់ ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់​ដាក់​ហោប៉ៅ​៕

1_26-5-16_4

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

b5593954-244a-4e14-a94e-674efd560d0c