ឈ្មួញ​ឈ្មោះ ចែ​ច្រឹប នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប នៅតែ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដូច​មុន​ដដែល ហើយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ការដែល​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ប្ដី​ជា​មេ​ប៉ុស្ដិ៍​ខ្លាធំ​ជាប់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​អូរ​យ៉ា​ដាវ និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​នេះ ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​រូបនេះ​បន្ត​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។

ថ្មីៗ​កន្លងទៅនេះ​មាន​សេចក្ដីរាយការណ៍​ថា​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប បាន​លាក់ទុក​ឈើ​ប្រភេទ​ធ្នង់​និង​សុ​ក្រំ​ជាច្រើន​គំនរ​នៅត្រង់ចំណុច​ព្រៃ​មះ ឃុំ​យ៉ា​ទុង និង​ស្តុក​ឈើ​ជាច្រើន​នៅ​ជិត​ប៉ុស្ដិ៍​អូរ​ថ្ម ដើម្បី​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប ដែល​ប្ដី​ជា​មេ​ប៉ុស្ដិ៍​ខ្លាធំ គឺជា​មូលហេតុ​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​ស្រុក​បរ​កែវ ស្រុក​លំផាត់ និង​ស្រុក​អូ​រយ៉ា​ដាវ ស្ទើរ​រលត់រលាយ​អស់​ទៅហើយ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏​ជា​អ្នកទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ប្រព្រឹត្ត​បំពាន​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​ចែ​ច្រឹប គឺ​ដោយសារ​ឈ្មួញ​ឈើ​រូបនេះ​ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាប្រចាំ ឬ​អាច​និយាយបានថា​ចែកគ្នា​រស់​។ ចំណែក​ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​ដែល​ស្គាល់​ចែ​ច្រឹប ច្បាស់​ដូច​ថ្ងៃ​រះ​បាន​ឲ្យ​ដឹងថា​ក្នុង​មួយខែៗ​ចែ​ច្រឹប ចែកចាយ​លុយកាក់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​សរុប​រាប់ម៉ឺន​ដុល្លារ ហេតុនេះហើយ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​ព្រោះ​ខ្លាច​បាត់បង់​ប្រាក់ចំណូល​របស់ខ្លួន​។ លើស​នេះ​ទៅទៀត​ចែ​ច្រឹប អាចបែងចែក​ផលប្រយោជន៍​ទៅដល់​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តរតនគិរី ជាច្រើន​អ្នកផង​ដែរ​ដូចជា អភិបាលខេត្ត និង​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​ជំនួញ​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​៕

sxfdr hygt loki nkopl