បទល្មើស​នាំ​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

ប្រភពពី​សមត្ថកិច្ច​តូចតាច និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ និង​ច្រករបៀង​ក្បែរៗ​នោះ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​២​ធ្នូ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ក្រុម​យោធា​ជាច្រើន​នាក់​បានដាក់​កុងត្រូលជជុះ​និង​មាន​កម្លាំង​យាមកាម​ចំណុច​ទីតាំង​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ និង​បែងចែក​លក់​ទៅ​ឲ្យ​ឈ្មួញ​យួន​ដែល​មក​រង់ចាំ​ទិញ​ដល់​ព្រំដែន​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ លោក ទ្រី សុភ័ក្ត្រ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ កើតឡើង​យ៉ាង​ពេញបន្ទុក​។

តំបន់​ព្រំដែន​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ត្រូវបាន​គេ​ដឹងថា​ជា​តំបន់​គ្រប់គ្រង​ដោយ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ ហើយ​មេបញ្ជាការ​អង្គភាព​នេះ​គឺជា​អ្នករកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​មន្ត្រី​យោធា​តូចតាច​ក្នុងស្រុក​ស្នួល បាន​ឲ្យ​ដឹងថា​លោក មាស សុភាព មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​បាន​បង្កើត​ទីតាំង​ប្រមូល​ទិញ​ឈើ​និង​ស្តុក​ឈើ​ខុសច្បាប់​នៅក្នុង​ភូមិ​ត្រពាំង​ស្រែ​ជាច្រើន​ឆ្នាំ​មកហើយ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផត​ដែរ​។ ចំណែក​ឈ្មោះ គង់ ក្រឹ​ង មេបញ្ជាការរង​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ គឺជា​អ្នកដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​យួន​ដែល​ចូលមក​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុងភូមិ​ត្រពាំង​ស្រែ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គង់ ក្រឹ​ង មេបញ្ជាការរង​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​រូបនេះ​គឺជា​អ្នករត់​ការបែងចែក​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ឲ្យ​ជំនួញ​ឈើ​របស់លោក មាស សុភាព ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចូល​កន្លែង​ស្តុក​របស់លោក មាស សុភាព មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ទាំង​តាម​រថយន្ត និង​តាម​ម៉ូតូ​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ឈើ​ដែល​គេ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​លោក មាស សុភាព ដល់​កន្លែង​ស្តុក​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ គឺជា​ឈើ​ដែល​កាប់​ចេញពី​ព្រៃ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ចំណែក​មេបញ្ជាការ​យោធា​ខេត្តក្រចេះ ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ពី​លោក មាស សុភាព ផងដែរ​ទើប​ជំនួញ​ឈើ​របស់​មន្ត្រី​យោធា​រូបនេះ អាច​ប្រព្រឹត្ត​ដោយ​គ្មាន​ការរំខាន​៕

army-204-500x375 14572143_1133790653381190_363724954940856135_n 14469650_1133790626714526_8864470877181406221_n