កូន​​​ប្រុស​​​មេបញ្ជាការ​​​កងទ័ព​​​ជើង​​​ទឹក​​​បើក​​​សេវា​​​អូប័រល្បឿនលឿន

ក្រុមហ៊ុនអូប័រល្បឿនលឿនថ្មីមួយដែលបើកដោយលោក ទៀ វិចិត្រ កូនប្រុសរបស់លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នឹងចាប់ផ្តើមផ្តល់សេវាជាទៀងទាត់ ដោយតភ្ជាប់ក្រុងព្រះសីហនុជាមួយកោះរ៉ុងនិងកោះរ៉ុងសន្លឹមដែលមានការនិយមទៅកម្សាន្តនៅថ្ងៃនេះ។ លោក ហេង គឹមស័រ អគ្គនាយកនៃក្រុមហ៊ុន GTVC របស់លោក វិចិត្រ បាននិយាយថា ក្រុមហ៊ុននេះនឹងគិតថ្លៃសំបុត្រ២០ដុល្លារសម្រាប់ការចេញដំណើររបស់ខ្លួន៤ជើងរាល់ថ្ងៃតាមអូប័រល្បឿនលឿន២៥កៅអីពីរគ្រឿង និង ៥០កៅអីមួយគ្រឿង។ ជាមានតម្លៃទៅមកដូចគ្នានឹងគូប្រជែងអូប័រល្បឿនលឿន របស់ខ្លួននៅលើកោះនេះដែរ។ លោក តាង សុជាតិ គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និយាយថា មានក្រុមហ៊ុនកាណូត៤២បានប្រកបអាជីវកម្មទៅមកស្រាប់ហើយ ប៉ុន្តែអូប័ររបស់ក្រុមហ៊ុន GTVC លឿនជាងនិងថ្មីជាង។ លោក គឹមស័រ បាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុននេះបាននិងកំពុងផ្តល់សេវាធ្វើដំណើរឯកជនទៅគោលដៅនានានៅជុំវិញខេត្តព្រះសីហនុ ចាប់តាំងពីខែមិថុនាមក ហើយកំពុងពង្រីកដើម្បីផ្តល់សេវាជាទៀងទាត់ជូនសាធារណជនទូទៅ។ លោកបាននិយាយថា ការប្រើអូប័រថ្មីចែសផ្តល់ “សន្តិសុខខ្ពស់ដល់ភ្ញៀវទេសចររបស់យើង”។ លោក សេង ហួលាង ដែលក្រុមហ៊ុន កោះរ៉ុង ដាយសិនធឺរ របស់លោកជាក្រុមហ៊ុនអូប័រល្បឿនលឿនដំបូងគេទៅកាន់កោះនានា បាននិយាយថា ការប្រកួតប្រជែងនេះនឹងជួយលើកស្ទួយគុណភាពសេវា និងតម្លៃទាបជាងមុន។ លោកបាននិយាយថា “កាន់តែថោក កាន់តែប្រសើរ” ហើយថា សេវាបន្ថែមនេះនឹងបង្ខំឲ្យក្រុមហ៊ុននានា “ផ្តោតលើគុណភាពនៃការដឹកជញ្ជូន”។ ទោះជាខ្លួនឯងមិនមែនជាសមាជិកយោធាក៏ដោយ ក៏លោក វិចិត្រ មានមិត្តដែលមានបុណ្យស័ក្ដិធំច្រើន និងមានគ្រួសារដែលស្ថិតក្នុងជួរសេវាកងទ័ពរបស់ប្រទេសកម្ពុជា។ ទំព័រហ្វេសប៊ុករបស់លោកបង្ហាញរូបថតជាច្រើនជាមួយកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាឧត្តមសេនីយ៍ឯកយោធា។ ពូរបស់លោក វិចិត្រ គឺលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ មនុស្សម្នាក់ផ្សេងទៀតក្នុងចំណោមកូនប្រុសរបស់ឧត្តមនាវី ទៀ វិញ គឺ លោក ទៀ សុខា ជាមេបញ្ជាការសន្តិសុខលម្ហសមុទ្រ  នៅមូលដ្ឋានកងនាវាសមុទ្ររាម ក្នុងក្រុងព្រះសីហនុ ដោយមើលខុសត្រូវលម្ហសមុទ្រនៅទីនោះ។ ថ្លែងទៅកាន់អ្នកកាសែតកាលពីឆ្នាំមុន អ្នកនេសាទវៀតណាមដែលនេសាទមឹកខុសច្បាប់ពីដែនទឹកកម្ពុជានិយាយថា ពួកគេបានទទួលការអនុញ្ញាតឲ្យនេសាទ  បន្ទាប់ពីបង់ប្រាក់ជាទៀងទាត់ទៅឲ្យកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសរបស់ឧត្តមនាវី ទៀ វិញ ដែលគេស្គាល់ត្រឹមតែថាមានឈ្មោះ ម៉ា ត (Ma Tor) ប៉ុណ្ណោះ។ ឧត្តមនាវី ទៀ វិញ មានប្រសាសន៍នៅពេលនោះថា លោកមិនបានដឹងអំពីការនេសាទមឹកខុសច្បាប់នេះទេ៕ និត © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post កូន​​​ប្រុស​​​មេបញ្ជាការ​​​កងទ័ព​​​ជើង​​​ទឹក​​​បើក​​​សេវា​​​អូប័រល្បឿនលឿន appeared first on The Cambodia Daily.