សំបូរហូរហៀរ​ពេក ឆ្មក់​បង្ក្រាប​ម្តង​បាន​ជិត​២០០​គីឡូក្រាម

ខេត្តស្ទឹងត្រែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​ឆ្មក់​បង្ក្រាប​ក្រុម​អ្នកលក់​សាច់សត្វ​ព្រៃ​នៅ​ផ្សារ​ស្ទឹង​ត្រែង ដោយ​ដកហូត​បាន សត្វ​រស់ សាច់​ស្រស់ សាច់​ងៀត និង​ក្រៀម​ជិត​២០០​គីឡូក្រាម ។

ក្នុង​ការ​បង្ក្រាប​នោះ គេ​សង្កេត​ឃើញ​កម្លាំង​ចម្រុះ​រួម​មាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពង់​មាន់ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយ​ធ្វើ​ឡើង​ទាំង​ព្រឹក​ព្រលឹម ខណៈ​ក្រុម​អ្នកលក់​សត្វព្រៃ​ទាំងនោះ​រៀបចំ​ដាក់​តាំង​បង្ហាញ​លក់ ។
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ចុះ​បង្ក្រាប​ឲ្យ​ដឹង​ថា ពេល​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប ក្រុម​អ្នកលក់​សត្វព្រៃ​ទាំងនោះ​បាន​រត់គេច​ខ្លួន​ចោល​ទីតាំង​អស់ ហើយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​នាំ​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង ដើម្បី​កម្ទេច​ចោល ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ផ្សារ​ស្ទឹង​ត្រែង​អ្នកលក់​សាច់សត្វ​ព្រៃ និង​សត្វព្រៃ​រស់​កើន​ឡើងជា​លំដាប់ ដោយសារ​មុខរបរ​មួយ​នេះ​រក​ប្រាក់​ចំណេញ​បាន​ទ្វេ​ដង​លើ​មុខរបរ​ផ្សេង​ៗ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នកលក់​ទាំងនោះ​ប្រជែង​គ្នា​ដាក់​តាំង​លក់ មិន​ថា​សត្វ​រស់ សាច់​ស្រស់ ឬ​សាច់​ងៀត និង​សាច់​ក្រៀម​នោះ​ឡើយ ដែល​ផ្ទុយ​ពី​មុន​អ្នកលក់​ត្រឹម​៣-៤​នាក់ លក់​ជា​លក្ខណៈ​លាក់លៀម ហើយ​សាច់​ព្រៃ​ទាំងនោះ​ត្រូវ​គេ​ឃើញ​មាន​ស្ទើរ​គ្រប់​ប្រភេទ ។

ជាក់ស្តែង​វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​រួម​មាន អណ្តើក​ភ្នំ​រស់​២​ក្បាល ទម្ងន់​២​គីឡូក្រាម ត្រកួត​រស់​១០​ក្បាល ទម្ងន់​១៥,៥​គីឡូក្រាម សាច់​ស្វា​២​ក្បាល ទម្ងន់​២,៧០​គីឡូក្រាម សាច់​ជ្រូកព្រៃ​ស្រស់ ទម្ងន់​៧២​គីឡូក្រាម សាច់​ឈ្លូស​ស្រស់ ទម្ងន់​២៧,១​គីឡូក្រាម សាច់​ប្រើស​ស្រស់ ទម្ងន់​៥៤,៥​គីឡូក្រាម និង​ងៀត​ឈ្លូស ទម្ងន់​៣,៥​គីឡូក្រាម សរុប​ទម្ងន់​១៧៧,៣​គីឡូក្រាម ព្រមទាំង​រញី​៣​ក្បាល ក្រពះ​ប្រ​ម៉ា​ក្រៀម​៨ ក្រពះ ។

វត្ថុ​តាង​ទាំងអស់​ក្រោយ​កម្លាំង​ចម្រុះ​បង្ក្រាប​ដកហូត និង​ធ្វើ​កំណត់ហេតុ​រួចរាល់ សម្រេច​ជីកដី​កប់​ចោល​នៅ​ក្នុង​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង ។ ចំណែក​សត្វព្រៃ​នៅរ​ស់ត្រូវ​សង្គ្រោះ​យក​ទៅ​ព្រ​លែង​នៅ​សួនសត្វ ៕