សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ជុំវិញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

ក្នុងពេលដែល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កាន់តែ​ខិតជិត​ចូលមក​ដល់ ហើយ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិនទាន់មាន​ភាពប្រក្រតី​នៅឡើយ​នោះ សហរដ្ឋអាមេរិក​តាម​រយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា គឺ​លោក វីលៀម ហេ​ដ បានបញ្ជាក់​នៅក្នុង​សប្តាហ៍​នេះ​ថា បើទោះជា​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព​ក៏ដោយ តែ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ពិសេស​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ គឺ​នៅតែមាន​ចំណុច​ខ្វះចន្លោះ​នៅឡើយ ហើយ​ថា​សហរដ្ឋអាមេរិក​នឹង​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​។​

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ហេ​ដ បាន​បញ្ជាក់ថា សហរដ្ឋ​អា​មេ​រិ​រំពឹងទុក​ថា ប្រទេស​កម្ពុជា​នឹង​អាចមាន​ការរីកចម្រើន​ទៅមុខ​លើ​គ្រប់​វិស័យ​តាមរយៈ​កិច្ចសហការ​ល្អ​រវាងរ​ដ្ឋា​ភិ​បាល​និង​គណបក្សជំទាស់ ពិសេស​ការរក្សា​ស្ថិរភាព​នយោបាយ និង​សន្តិភាព​នៅ​កម្ពុជា ។ លោក វីលៀម ហេ​ដ បាន​សង្កត់ធ្ងន់ថា លោក​ចង់ឃើញ​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​គ្រប់ភាគី​មុន​ការបោះឆ្នោត ហើយ​អាមេរិក​នៅតែ​បន្ត​ការគាំទ្រ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជំរុញ​ឲ្យ​មានដំណើរ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​។​

​លោក វីលៀម ហេ​ដ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ពន្យល់ថា ប្រទេស​កម្ពុជា​នឹង​រឹងមាំ ហើយ​អាច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​បាន​គឺ​អាស្រ័យ​ជាសំខាន់​ទៅលើ​យុវជន​កម្ពុជា​ដែល​ពួកគាត់​នឹង​ក្លាយជា​អ្នក​បន្តវេន​នាពេល​អនាគត ដូចនេះ​សហរដ្ឋ​អា​មេ​រិ​ក៏​នឹង​បន្ត​គាំទ្រ​នៅ​កម្ពុជា​លើ​វិស័យ​អប់រំ​និង​សុខាភិបាល​ជាអាទិ៍ ។ លោក វីលៀម ហេ​ដ បាន​បញ្ជាក់ថា ជា​បទពិសោធន៍​នៅ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ និង​មានការ​អភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងនោះ​អាច​រស់​នៅបាន​សម្បូរ​រុងរឿង គឺ​ដោយសារតែ​ប្រទេស​ទាំងនោះ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ មាន​នីតិរដ្ឋ​ពិតប្រាកដ ពិសេស​នោះ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ពិសេស​យុវជន​ផ្ទាល់​តែម្តង​៕

us1_973x615