ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា​បានបង្ហាញ​ឆន្ទៈ​បន្ត​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​នៅក្នុង​ឱកាស​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កាណាដា​កាលពីពេល​ថ្មីៗ​នេះ​ថា បើ​ទោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​កំណើត​ក៏ដោយ ក៏​ពួកគាត់​នៅតែមាន​ទឹកចិត្ត​ស្នេហា​ជាតិ និង​ព្រួយបារម្ភ​ពី​អាយុជីវិត​ប្រទេសជាតិ​ជា​ដរាប​។​

តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ថ្លែងប្រាប់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា មូល​ហេតុដែល​ពួកគាត់​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ពួកគាត់​បាន​សង្កេតឃើញ​ថា​របប​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​បង្កបញ្ហា​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន ហើយ​ពួកគេ​ក៏​មិនបាន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ពេញលេញ​ផងដែរ​។ ប្រភព​ដដែល​បានបង្ហាញ​ក្តី​សង្ឃឹមថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយគត់​ជា​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រទេស​កម្ពុជា​។​

យ៉ាងណាក្តី​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា​បាន​សង្កត់ធ្ងន់ថា​ពួកគាត់​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ តែ​មិនមែន​ការផ្លាស់ប្តូរ​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌ និង​ការផ្លាស់ប្តូរ​ដោយ​ប្រើ​អំពើហិង្សា​ដូច​កាលពី​អតីត​កាលដែល​ធ្វើ​ឲ្យ​កម្ពុជា​ជួបប្រទះ​សង្គ្រាមស៊ីវិល និង​ការបែកបាក់​ជាតិ​ធ្ងន់ធ្ងរ​នោះទេ​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កាណាដា​បានបង្ហាញ​ចេតនា​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ ហើយ​រក្សាបាន​នូវ​ឯកភាព​ជាតិខ្មែរ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​ដោ​យ​មិនត្រូវ​ទុក​ខ្មែរ​ណា​ជាស​ត្រូវ​ឡើយ​។​

​គួរ​បញ្ជាក់ថា កន្លងមក លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា ចលនា​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គោលនយោបាយ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នោះទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ ជា​អ្នកស្នេហាជាតិ និង​រក្សា​នូវ​ឯកភាព​ជាតិខ្មែរ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលជំហរ​នយោបាយ​ច្បាស់លាស់​ណាស់​គឺ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត ហើយ​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ពិត​នៅ​កម្ពុជា​៕

14522716_1211306598926071_7649169787119155978_n 14462974_1211306675592730_3621003982307812180_n