កីឡាករ​២​នាក់​ ​ត្រូវ​ពិន័យ​ឲ្យ​​ទៅ​ហាត់​ជាមួយ​ក្រុម​នារី ​ព្រោះ…

កីឡាករ​របស់​ក្រុម​ Sparta Prague​​ ​នៅ​ប្រទេស​សាធារណរដ្ឋឆេក​២​នាក់​ ​ត្រូវ​បាន​ថ្នាក់​លើ​របស់​ក្លឹប​សម្រេច​ដាក់​ពិន័យ​​ឲ្យ​ពួកគេ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​​បាល់ទាត់​នារី ​​បន្ទាប់​​ពី​កីឡាករ​ទាំង​២​រូប​នេះ​ បញ្ចេញ​មតិ​​​មើល​ងាយ​អាជ្ញាកណ្ដាល​ស្រី​ ដែល​បញ្ជា​ការ​ប្រកួត។

 

កីឡាករ​២​នាក់​ ​ត្រូវ​ពិន័យ​ឲ្យ​​ទៅ​ហាត់​ជាមួយ​ក្រុម​នារី ​ព្រោះ…

អ្នកចាំទី​ Tomas Koubek ​​វ័យ​២៤​ឆ្នាំ​

 

ក្នុង​ការ​ប្រកួត​លីគ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ក្រុម​ Sparta Prague​​ ​បាន​នាំ​មុខ​ Brno ​៣-២ ​​​ខណៈ​ដែល​នៅ​ចុង​ម៉ោង​​​នាទី​៩០+​ទៅ​ហើយ​ ក្រុម Brno ​តាម​ស្មើ​ ៣-៣ វិញ ប៉ុន្តែ​កីឡាករ​ Alois Hycka ​បាន​ស្ថិត​នៅ​ទីតាំង​ Offside យ៉ាង​ច្បាស់​ ​តែ​អាជ្ញាកណ្ដាល​ស្រី ​Lucie Ratajova ​ពុំ​បាន​ចាប់​បាល់​ Offside នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​កីឡាករ​ក្រុម​ Sparta ​ច្រឡោត​ខឹង​យ៉ាង​ខ្លាំង។

 

កីឡាករ​២​នាក់​ ​ត្រូវ​ពិន័យ​ឲ្យ​​ទៅ​ហាត់​ជាមួយ​ក្រុម​នារី ​ព្រោះ…

អាជ្ញាកណ្ដាល​ស្រី ​Lucie Ratajova

 

ក្រោយ​ចប់​ការ​ប្រកួត​ អ្នកចាំទី​ Tomas Koubek ​​វ័យ​២៤​ឆ្នាំ​ ​បាន​និយាយ​​ថា៖ “ស្ត្រី​គួរ​តែ​នៅ​កន្លែង​ចង្ក្រាន​ចាន​ឆ្នាំង និង​មិន​គួរ​មក​ធ្វើ​អាជ្ញាកណ្ដាល​សម្រាប់​ការ​ប្រកួត​របស់​បុរស​ទេ”។ ​រីឯ​​ខ្សែ​បម្រើ​ Lukas Vacha ​​វ័យ​២៧​ឆ្នាំ​ បាន​បង្ហោះ​រូប​អាជ្ញាកណ្ដាល​ស្រី​​រូប​នោះ​លើ​ Twitter ​ភ្ជាប់​ជាមួយ​សារ​ថា៖ “ចូល​ចង្ក្រាន​វិញ​ទៅ”។

 

កីឡាករ​២​នាក់​ ​ត្រូវ​ពិន័យ​ឲ្យ​​ទៅ​ហាត់​ជាមួយ​ក្រុម​នារី ​ព្រោះ…

ខ្សែ​បម្រើ​ Lukas Vacha ​​វ័យ​២៧​ឆ្នាំ​ របស់ក្រុម​ Sparta Prague

 

លោក​ Adam Kotalík ​នាយក​ប្រតិបត្តិ​ក្លឹប​ Sparta Prague ​បាន​ឲ្យ​ដឹង​ថា ទង្វើ​របស់​កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ​ ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ ហើយ​ក្លឹប​សម្រេច​ដាក់​ពិន័យ​ពួកគេ​ឲ្យ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​​បាល់ទាត់​នារី ដើម្បី​ឲ្យ​ពួកគេ​ភ្ញាក់​ខ្លួន​ដឹង​ថា ​ស្ត្រី​មិន​ត្រឹម​ចេះ​តែ​ក្បែរ​ចង្ក្រាន​ចាន​ឆ្នាំង​ប៉ុណ្ណោះ​នោះ​​ទេ។

 

យ៉ាងណាក្ដី កីឡាករ​ជម្រើស​ជាតិ​សាធារណរដ្ឋឆេក Vacha ​និង​អ្នកចាំទី​ Koubek ​​ក៏​បាន​បង្ហោះ​សារ​លើ​ Facebook​ សុំទោស​​​ដល់​ស្ត្រី​ជុំ​វិញ​ពិភពលោក ​ដោយ​ពួកគេ​បញ្ជាក់​ថា ​​ការ​បញ្ចេញ​មតិ​ទាំង​នោះ​​គឺ​​កើត​ឡើង​ដោយ​អចេតនា​ទេ គ្មាន​បំណង​មើល​ងាយ​ស្ត្រី​ទាំង​អស់​នោះ​ឡើយ​ ព្រោះ​តែ​​​ពេល​នោះ​វា​ប៉ះ​ពាល់​ដល់​លទ្ធផល​ការ​ប្រកួត​ខ្លាំង​​ពេក៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC | Mirror