ប្រាក់ មុន្នីឧត្តម ​ថា​មាន​​២​ចំណុច​ កម្ពុជា​អាច​ឈ្នះ​ហុងកុង​ស្អែក​បាន​

ប្រាក់ មុន្នីឧត្តម ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​កម្ពុជា ​បាន​​លើក​ឡើង​២​ចំណុច​សំខាន់​ៗ ដែល​ក្រុម​គោ​ព្រៃ​កម្ពុជា​អាច​នឹង​យក​ឈ្នះ​ក្រុម​ហុង​កុង​បាន​នៅ​ថ្ងៃ​ស្អែក​នេះ។ ​ចំណុច​ទាំង​២​នោះ​រួម​មាន​៖

 

ប្រាក់ មុន្នីឧត្តម ​ថា​មាន​​២​ចំណុច​ កម្ពុជា​អាច​ឈ្នះ​ហុងកុង​ស្អែក​បាន​

 

១. ការ​ត្រៀម​ខ្លួន​​យ៉ាង​ល្អ​របស់​កម្ពុជា​

 

ប្រាក់ មុន្នីឧត្តម និយាយ​ថា​​សមាជិក​ក្រុម​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ។ ណាមួយ​ការ​ប្រកួត​នេះ ក៏​អាច​ជា​ផល​ល្អ​សម្រាប់​ការ​ចូល​លេង​វគ្គ​ជម្រុះ​ AFF Suzuki Cupនៅ​ពេល​ខាង​មុខ​ផង​​ដែរ។ ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​១០​ថ្ងៃ និង​ហ្វឹកហាត់​មិន​ឈប់ឈរ​របស់​កម្ពុជា អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​លេង​កាន់​តែ​ល្អ និង​យល់​ពី​គ្នា​កាន់​តែ​ច្បាស់​ជាង​មុន​ទៅ​ទៀត។

 

២. លេង​នៅ​ទឹក​ដី​កម្ពុជា អំណោយ​ផល​ច្រើន

 

ការ​ប្រកួត​ជើង​ទី​២​នេះ ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជា​កន្លែង​ដែល​ក្រុម​កម្ពុជា​ស្គាល់​ច្បាស់ ​មិន​ដូច​កាល​លេង​នៅ​ហុងកុង​ដែល​កីឡាករ​មួយ​ចំនួន​និយាយ​ថា​មាន​សភាព​រអិល​នោះ​ទេ។ បូក​រួម​ជាមួយ​អ្នក​គាំទ្រ​ច្រើន​ផង​នោះ ពួកគេ​នឹង​កាន់​តែ​លេង​បាន​ល្អ​ថែម​ទៀត។

សូម​បញ្ជាក់​ថា​កាល​ពី​ជើង​ទី​១ ​កម្ពុជា​ចាញ់​ក្រុម​ហុងកុង​ក្នុង​លទ្ធផល ៤-២ ​ខណៈ​ដែល​ជើង​ទី​២​នេះ​​វិញ​ក្រុម​កម្ពុជា​មាន​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ។ មួយ​វិញ​ទៀត ​ការ​ប្រកួត​នេះ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​កម្ពុជា​ចូល​លេង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ​៕

 

អត្ថបទ៖ មុន្នី រម្យ
រាយការណ៍៖ សុវណ្ណដារ៉ា