9​ខែ​ដើមឆ្នាំ ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​កើនឡើង​ជាង​2,5%

រាជធានី​ភ្នំពេញ ៖ ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​៩​ខែ ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​នេះ មាន​ចំនួន​៤៤.៤០៧.៩៤០​ដុល្លារ កើន​ឡើង​​២,៥៦% បើ​ធៀប​នឹង​រយៈ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​មាន​ចំនួន​១.៥៦៣.១៧២​នាក់ កើនឡើង​២,៥៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ខែកញ្ញា​កន្លង​មក ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា មាន​ចំនួន​១៣០.៨៥៦​នាក់ កើនឡើង​៩,១០% បើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំ​មុន ។ ចំណែក​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​ប័ណ្ណ​មាន​ចំនួន​៣.៦៤០.២៦០​ដុល្លារ កើនឡើង​៤,៧២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។

តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ប្រចាំ​ខែកញ្ញា បើ​ប្រៀបធៀប​នឹង​ខែសីហា ក្នុងឆ្នាំនេះ ឃើញ​ថា ធ្លាក់​ចុះ​ប្រមាណ​ជាង​២៣% រីឯ​ចំណូល ក៏​ធ្លាក់​ចុះ​ប្រមាណ​ជាង​២៥%​ផង​ដែរ ។

តាម​របាយការណ៍​របស់​គ្រឹះស្ថាន​ដដែល​បាន​បង្ហាញ​ថា ក្នុង​ខែសីហា​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​១៧២.០៤៦​នាក់ និង​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចំនួន​៤.៨៩០.៧០០​ដុល្លារ​អា​មេ​រិ​ក ។

គ្រឹះស្ថាន​អង្គរ ជា​អង្គភាព​ស្ថិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍ និង​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ភារកិច្ច​គ្រប់គ្រង​ការ​ប្រមូល និង​បង់​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ។ រៀបចំ​លើក​សំណើ​អំពី​យុទ្ធសាស្ត្រ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ។ ចូលរួម​រៀបចំ​ថវិការដ្ឋ​ប្រចាំឆ្នាំ​នីមួយ​ៗ ជា​ពិសេស​ផ្នែក​ចំណូល​។ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ។ គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ គ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ និង​មាន​ភារកិច្ច​ផ្សេង​ៗ​ជា​ច្រើន​ទៀត ៕