សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​ព្រែក​ចាក ខេត្តកំពត បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​គ្រឿង​សមុទ្រ និង​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​

មួយ​រយៈពេល​កន្លងទៅ​នេះ​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​បង្ហើប​ឲ្យ​ដឹងថា​ចៅហ្វាយនាយ​របស់​ពួកគេ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខូចគុណភាព និង​គ្រឿង​សមុទ្រ​ដែលមាន​លាយ​សារ​ធាតុគីមី​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រី​គយ​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹងថា មេ​គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ព្រែក​ចាក​កាន់តែ​ច្រើនឡើងៗ​។

​ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​រកស៊ី​នាំចេញ​នាំចូល​ទំនិញ​តាម​ច្រក​ព្រែក​ចាក ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មួយ​រយៈពេល​កន្លងទៅនេះ ឈ្មួញ​មួយចំនួន​បាន​នាំចូល​គ្រឿង​សមុទ្រ​ដូចជា មឹក បង្គា ក្ដាម​ជាដើម យ៉ាង​អនាធិបតេយ្យ​ហើយ​មន្ត្រី​កាំកុងត្រូល​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ទាំង​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ និង​កាំកុងត្រូល​ប្រចាំ​ច្រក​ព្រែក​ចាក គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក​ព្រែក​ចាក​ម្នាក់ គឺជា​ឈ្មួញ​នាំចូល​គ្រឿង​សមុទ្រ​ពី​ស្រុក​យួន​តែម្តង​។ ការ​នាំចូល​គ្រឿង​សមុទ្រ​មាន​លាយ​សារ​ធាតុគីមី​ដើម្បី​រក្សាទុក​ឲ្យ​បានយូរ គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ចេញចូល​តាម​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​គ្រឿង​សមុទ្រ​និង​គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ​ទៀត​រាប់សិប​តោន​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រែក​ចាក ហើយ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ មិន​ត្រួតពិនិត្យ​គុណភាព​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ លើស​នេះ​ទៅទៀត​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជាពិសេស​ទឹក​ស៊ុប​ជាដើម​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រែក​ចាក​ស្រេច​តែ​អំពើ​ចិត្ត ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល មន្ត្រីនគរបាល​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​លុយ​ទាំងនោះ​ត្រូវ​ហូរ​ចូលទៅក្នុង​ហោប៉ៅ​មន្ត្រី​ពុករលួយ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ មិនត្រូវ​នៅ​ស្ងៀមឈឹង​តទៅទៀត​ទេ​៕

custom-kun-nhim1-500x333

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

kompot-food3-500x230 kompot-food1