ទង្វើ​អាក្រក់​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម ធ្វើ​ឲ្យ​ពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​

​អំពើអាក្រក់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម ដឹកនាំ​ដោយ​លោក មាស ប៊ុនធឿន ហៅ​ម៉ែ​ល ត្រូវបាន​គេហទំព័រ និង​សារព័ត៌មាន​នានា ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ដូចជា លោក មាស ប៊ុនធឿន ហៅ​ម៉ែ​ល និង​បក្ខពួក​ដែល​ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​តាម​អំពើ​ចិត្ត​នោះទេ​។ ហេតុនេះហើយ​ដែល​នាំ​ឲ្យ​មានការ​សង្ស័យថា លោក សារុន ចាន់​ធី ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​លោក មាស ប៊ុនធឿន និង​បក្ខពួក​ផងដែរ ទើប​បណ្ដោយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ថ្មីៗ​នេះ​មាន​លេចឮ​រឿង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ ដែល​ប្រើ​អំណាច​ចុះទៅ​គំរាមកំហែង​ប្រជា​នេសាទ​ដែល​ហ៊ាន​លាតត្រដាង​អំពើអាក្រក់​របស់​ពួកគេ​រហូតដល់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់​ហើយ​ដែល​ដកខ្លួន​ចេញពី​ពាក្យបណ្ដឹង​ដោយ​លុប​ស្នាម​មេដៃ​វិញ​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​មួយក្រុម ដឹកនាំ​ដោយ​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល កំពុង​ព្យាយាម​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ដោយហេតុថា​ក្រុម​លោក មាស ប៊ុនធឿន មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នោះទេ ហើយ​បែរជា​ប្រើ​អំណាច​ទៅ​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ យ៉ាង​ងងើល​ទៅវិញ​។

គួរ​រំលឹក​ដែរ​ថា​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុម​លោក មាស ប៊ុនធឿន ហៅ​ម៉ែ​ល ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​នៅពេលដែល​ក្រុម​នេះ​ដើរ​ជំរិត​យកប្រាក់​ពី​ប្រជា​នេសាទ​តាម​ដង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ក្នុង​មួយ​គ្រួសារ​ចាប់ពី​៣​លាន​ទៅ​៩​លាន​រៀល ហើយ​គ្រួសារ​ខ្លះ​ដែល​នេសាទ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បង់​ដល់​ទៅ​១៨​លាន​រៀល​។ ការ​ជំរិត​យកលុយ​យ៉ាង​ហូ​សហេតុ​បែបនេះ ធ្វើ​ឲ្យ​ប្រជា​នេសាទ​អត់ធ្មត់​តទៅទៀត​លែង​បាន ហើយ​រៀបចំ​ពាក្យបណ្ដឹង​ប្រឆាំង​ក្រុម​លោក មាស ប៊ុនធឿន ហៅ​ម៉ែ​ល ទៀតផង​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើអាក្រក់​របស់​មន្ត្រីក្រោមឱវាទ​ខ្លួន​។ ហេតុនេះហើយ​ទើប​ក្រុម​លោក មាស ប៊ុនធឿន កំពុង​គំរាមកំហែង​ទៅលើ​ប្រជា​នេសាទ​ដែល​ហ៊ាន​លាតត្រដាង​អំពើអាក្រក់​របស់​ពួកគេ​យ៉ាង​កំរោល ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​លោក មាស ប៊ុនធឿន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

14581499_1769635793303111_3125787559292257200_n

លោក មាស ប៊ុនធឿន ហៅម៉ែល

14572801_1769635826636441_2813407487997046008_n 14484975_1769635863303104_5727608484543103992_n 14462759_1769635803303110_8355667423777606810_n