​លោក កឹម សុខា រំពឹងថា​ពី​ពេលនេះ​តទៅ​ស្ថានភាព​នយោបាយ​នឹងមាន​ភាពល្អ​ប្រសើរឡើង​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃនេះ​រំពឹងថា​ពី​ពេលនេះ​តទៅ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​។ លោក កឹម សុខា បាន​សម្តែង​ការ​ជឿជាក់ថា​ចាប់ពី​ថ្ងៃនេះ​ទៅ​យើង​សង្ឃឹមថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ហើយ​ដំណើរ​ទៅរក​ដំណោះស្រាយ​នយោបាយ និង​ដំណើរ​ទៅរក​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​នឹង​កើតមាន​នាពេលខាងមុខ​។​

​លោក កឹម សុខា បាន​ពន្យល់​ទៅដល់​អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​នេះ​ថា បំណង​របស់លោក​ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​រក​ដំណោះស្រាយ​នយោបាយ​ដោយ​អហិង្សា​និង​សន្តិវិធី​។ ដូចនេះ​ការដែល​លោក​ស្នាក់នៅ​ស្នាក់​គណបក្ស​ជាង​៤​ខែ​នេះ គឺ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ដែល​នេះ​ជា​ក្តី​ប្រាថ្នា​ដែល​យើង​ចង់បាន​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បរិយាកាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​គឺ​ដើម្បី​ចង់​ឲ្យ​គ្រប់ភាគី​គណបក្សនយោបាយ​ទាំងអស់​អាច​ចូលរួម​ការបោះឆ្នោត និង​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ធ្វើ​សេចក្តីសម្រេច​ដោយ​សេរី​និង​ត្រឹមត្រូវ​ផងដែរ​។​

នៅក្នុង​សប្តាហ៍​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ហេ​ដ ក៏បាន​បញ្ជាក់ដែរថា ក្នុងនាម​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​លទ្ធិប្រជាធិបតេយ្យ គឺ​សហរដ្ឋអាមេរិក​ចង់ឃើញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពរឹងមាំ និង​មាន​នីតិរដ្ឋ​ពិតប្រាកដ ដូចនេះ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​ដំណើរការ​បោះឆ្នោត​ជាអាទិ៍​៕

14502889_1483075768376384_6083202613781364651_n​ ​