Maria Sharapova ​ត្រូវ​បាន​បន្ថយ​ការ​ពិន័យ​ពី​២​ឆ្នាំ​ មក​ត្រឹម​១៥​ខែ

ការ​ដាក់​ពិន័យ​២​ឆ្នាំ​របស់​កីឡា​ការិនី​វាយ​កូន​បាល់ Maria Sharapova ​​ត្រូវ​បាន​​កាត់​បន្ថយ​មក​ត្រឹម​​រយៈពេល​១៥​ខែ​ បន្ទាប់​ពី​នាង​​​​ឈ្នះ​បណ្ដឹង​នៅ​តុលាការ​​អាជ្ញាកណ្ដាល​កីឡា (Court of Arbitration for Sport)។

 

Maria Sharapova ​ត្រូវ​បាន​បន្ថយ​ការ​ពិន័យ​ពី​២​ឆ្នាំ​ មក​ត្រឹម​១៥​ខែ

Maria Sharapova កីឡា​​ការិនី​វាយ​កូន​បាល់​សញ្ជាតិ​រុស្សី

 

ម្ចាស់​ពាន​រង្វាន់​ Grand Slam ​៥​សម័យ​កាល ​សញ្ជាតិ​រុស្សី​វ័យ​២៩​ឆ្នាំ​រូប​នេះ​​ ​ត្រូវ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​​ដាក់​ពិន័យ​២​ឆ្នាំ​ បន្ទាប់​ពី​ធ្វើតេស្ត​ឃើញ​ថា នាង​បាន​ប្រើ​ប្រាស់​​​ថ្នាំ​ហាម​ឃាត់​ម្យ៉ាង​ឈ្មោះ​ថា Meldonium ​កាល​ព្រឹត្តិការណ៍​ 2016 Australian Open។ ការ​កាត់​បន្ថយ​មក​ត្រឹម​១៥​ខែ​នេះ​ មាន​ន័យ​ថា Sharapova ​នឹង​អាច​វិល​​ទៅ​កាន់​ទីលាន​ប្រកួត​វិញ​បាន​​នៅ​​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។

 

“ខ្ញុំ​កំពុង​​រាប់​ថ្ងៃ​ថយ​ក្រោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ថ្ងៃ​​ខ្ញុំ​អាច​ត្រឡប់​លេង​បាន​វិញ។ ខ្ញុំ​មាន​អារម្មណ៍​ថា ​​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ហាក់​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​​វា​នឹង​មាន​អារម្មណ៍​ល្អ​​ពេល​វា​ត្រឡប់​មក​វិញ។ ​​វាយ​កូន​បាល់​ ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​បំផុត ហើយ​ខ្ញុំ​នឹក​វា​ខ្លាំង​ណាស់”។ អតីត​កីឡា​ការិនី​លំដាប់​លេខ​១​លើ​លោក​ Sharapova ​​បាន​លើក​ឡើង។

 

Maria Sharapova ​ត្រូវ​បាន​បន្ថយ​ការ​ពិន័យ​ពី​២​ឆ្នាំ​ មក​ត្រឹម​១៥​ខែ

 

Maria Sharapova ​ត្រូវ​បាន​បន្ថយ​ការ​ពិន័យ​ពី​២​ឆ្នាំ​ មក​ត្រឹម​១៥​ខែ

 

Meldonium ​ជា​ថ្នាំ​​ព្យាបាល​ជំងឺ​បេះដូង​ម្យ៉ាង​ ​ដែល​បាន​ដាក់​បញ្ចូល​ជា​​សារធាតុ​ហាម​ឃាត់​​ កាល​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦។ រីឯ​ Sharapova ​បាន​​បញ្ជាក់​ថា នាង​​ប្រើ​ប្រាស់​ថ្នាំ​នេះ​តាំង​ពី​ឆ្នាំ​២០០៦ ​ដើម្បី​ជួយ​សម្រួល​​បញ្ហា​សុខភាព​របស់​នាង​ ​និង​​​គ្មាន​បំណង​ណា​មួយ​ ចង់​​ប្រើ​វា​ដើម្បី​ជំនួយ​​ដល់​ការ​ប្រកួត​នោះ​ឡើយ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC