លុយ​ធីប​​​សន្តិសុខ​ ឲ្យ​ដោយ​​​ទឹក​ចិត្ត ឬ​ជា​ការ​រអៀស​ខ្លួន?

លុយ​​ធីប​​​ឲ្យ​​ទៅ​​​សន្តិសុខ​ចាំ​យាម​​ម៉ូតូ​-ឡាន ជា​និច្ច​ជា​កាល​​ គេ​តែង​សង្កេត​ឃើញ​អ្នក​​​​ចេញ​ពី​​​​​ហាង​​លក់​ទំនិញ​ ឬ​ភោជនីយដ្ឋាន​​មួយ​ចំនួន ​ហុច​​ឲ្យ​ជា​រឿយ​ៗ។ តែ​យ៉ាង​ណា​មិញ​ ចំពោះ​​ទស្សនៈ​របស់​​​អ្នក​ជូន​លុយ​​ទៅ​​សន្តិសុខ​ផ្ទាល់​ តើ​​​ពួក​គេ​យល់​យ៉ាង​ណា? ជា​ការ​ឲ្យ​​ដោយ​ចេញ​ពី​​ក្ដី​​​​អាណិត ពេញ​ចិត្ត​​ ឬ​ជា​ការ​​រអៀស​ខ្លួន?

 

លុយ​ធីប​​​សន្តិសុខ​ ឲ្យ​ដោយ​​​ទឹក​ចិត្ត ឬ​ជា​ការ​រអៀស​ខ្លួន?
 

លោក សាង​ប៊ូ បុគ្គលិក​ផ្នែក​រដ្ឋបាល​នៅ​​ស្ថាប័ន​អប់​រំ​ឯក​ជន​មួយ​ បាន​​​ឲ្យ​ដឹង​ថា រាល់​​ពេល​​ចេញ​​ពី​​ហាង​​ទំនិញ ឬ​​ហាង​អាហារ​​​ ដែល​មាន​សន្តិសុខ​​នៅ​ចាំ​យាម​ម៉ូតូ​ លោក​តែង​​​​​​ឲ្យ​​​អ្នក​ចាំ​យាម​នោះ​ ​១០០០​រៀល។ លោក​ ប៊ូ​​​​ប្រាប់​​​បន្ថែម​ថា ការ​ឲ្យ​នោះ​គឺ​​​​​​ជា​សន្តាន​ចិត្ត​របស់​លោក តែ​ក៏​មើល​​តាម​​សភាព​ជាក់​ស្ដែង​ផង​ដែរ។

 

” តាម​ភាព​ជាក់​ស្ដែង​ ១០០០​រៀល ទី​មួយ​គាត់​មើល​ម៉ូតូ ទី​ពីរ​គាត់​បណ្ដើរ​ម៉ូតូ​ឲ្យ​ ដូច​ក្នុង​បំណង​គាត់​ចង់​បាន​​លុយ​ធីប។ សម្រាប់​ខ្ញុំ​ការ​ឲ្យ​​លុយ​ធីប​សន្តិសុខ​​ ជា​សន្តាន​ចិត្ត​ ប៉ុន្តែ​ស្រុក​ខ្មែរ​ភាគ​ច្រើន​រអៀស​ខ្លួន​ ខ្លាច​គេ​ថា​ខ្លួន​មាន​លុយ​ចូល​ហាង​ទំនើប​គ្មាន​លុយ​ឲ្យ​ធីប​ ខ្លាច​​គេ​មើល​ងាយ” ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ សាងប៊ូ។

 

ងាក​ទៅ​ស្ដាប់ កញ្ញា ឆេង ហួង គ្រូ​បង្រៀន​​ភាសា​ចិន​នៅ​សាលា​ឯក​ជន​មួយ​ បាន​​ប្រាប់​ថា នៅ​​រាល់​ពេល​ចូល​ទៅ​ទិញ​អីវ៉ាន់​​នៅ​តាម​ហាង ឬ​ចូល​កន្លែង​ញ៉ាំ​អី​​​​​ កញ្ញា​តែង​ឲ្យ​​​​លុយ​បន្តិច​បន្តួច​ទៅ​សន្តិសុខ​។ កញ្ញា​ប្រាប់​ថា ការ​ឲ្យ​នោះ​ជា​ចិត្ត​អាណិត​ដល់​ពួក​គាត់។

 

“ ឲ្យ​គាត់​ដោយ​ចិត្ត​ស្មោះ​ ពេល​ខ្លះ​ទៅ ឲ្យ​៥០០​ (រៀល) ពេល​ខ្លះ​ឲ្យ ១០០០ (រៀល) ព្រោះ​អី​បើ​យើង​គិត​ទៅ ពួក​គាត់​ប្រាក់​ខែ​តិច​តួច ចឹង​យើង​ឲ្យ​ហ្នឹង​ជា​​ក្ដី​អាណិត​របស់​យើង“ ។ នេះ​ជា​​លើក​ឡើង​របស់​ កញ្ញា ឆេង ហួង។

 

ទៅ​ស្ដាប់​មតិ​របស់ យុវជន​ ចាន់​ណា​រិទ្ធិ និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា នៅ​វិទ្យាស្ថាន​ស៊ីតិក បាន​​លើក​ឡើង​ថា៖ ” យូរ​ៗ​ម្តង​ ពេល​ទៅ​កន្លែង​ញ៉ាំ​អី​​ គឺ​​ឲ្យ​គាត់​៥០០​(រៀល) អី​ហ្នឹង”។ យុវជន​​​ណា​រិទ្ធិ​​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ការ​ឲ្យ​លុយ​ធីប​​ទៅ​​​សន្តិសុខ​នោះ​​ គឺ​ធ្វើ​ឡើង​ពី​ការ​អាណិត​ ចង់​ជួយ​ពួក​​គេ​តាម​អ្វី​ដែល​អាច​​ជួយ​បាន ដោយ​មិន​មែន​ជា​ការ​រអៀស​ខ្លួន​​នោះ​ទេ។

 

ផ្ទុយ​ទៅ​វិញ ផល្លា ដែល​ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​នៅ​ភ្នំពេញ បាន​លើក​ឡើង​ថា តាម​ពិត​នាង​ឲ្យ​លុយ​ធីប​ទៅ​សន្តិសុខ ដោយសារ​ទម្លាប់​តាម​គ្នា​ប៉ុណ្ណោះ។ “ឃើញ​គេ​ឲ្យ​គ្រប់​គ្នា អីចឹង​ក៏​ទម្លាប់​ឲ្យ​ដែរ​ទៅ… តាម​ពិត​សន្តិសុខ​គេ​មាន​ប្រាក់​ខែ​គេ​ហើយ មក​ពី​យើង​ចេះ​តែ​រអៀស​ខ្លួន​ចង់​ឲ្យ​ដែរ ខ្លាច​ខ្មាស​គេ។ តែ​ពេល​ខ្លះ​ដូច​ជា​អាណិត​ពួក​គាត់​ដែរ ព្រោះ​ប្រាក់​ខែ​តិច​ណាស់ ហើយ​មក​ហត់​យាម​ម៉ូតូ​ចឹង”។

 

ខាង​លើ​នេះ​​ ជា​មតិ​មួយ​ចំនួន​ប៉ុណ្ណោះ ចុះ​ប្រិយមិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?

 

អត្ថបទ៖ មាន​ រតនា
​​​​​​​​​​​​​​​​
​​​​​​​​​​​​