ថៃ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​11​ភាគរយ​ក្នុង​ខែសីហា​ឆ្នាំ​នេះ

ប្រទេស​ថៃ ៖ ថៃ​នៅ​តែ​បន្ត​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​លេខ​២​របស់​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​៨​ខែ​កន្លង​មកនេះ បើ​ទោះជា​ការ​នាំ​ចេញ​អង្ករ​បាន​ធ្លាក់​ចុះ​ជិត​១១% ក្នុង​ខែសីហា​ក្តី ។

តាំងពី​ខែមករា ដល់​ខែសីហា ប្រទេស​ថៃ​បាន​នាំ​អង្ករ​ចេញ​ប្រមាណ​៦.០៦​លាន​តោន (​កើនឡើង​២,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន​) ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​៩៦.២៣​ប៊ី​លាន​បាត (​កើនឡើង​១,៤% បើ​ធៀប​នឹង​ឆ្នាំ​មុន​) ។

ទីផ្សារ​ធំ​ជាងគេ​ក្នុងអំឡុងពេល​នោះ គឺ​ប្រទេស​បេ​ណាំង (១១%​នៃ​បរិមាណ​សរុប​), ចិន (៩%), Ivory Coast (៨,៤%), អាហ្វ្រិក​ខាងត្បូង (៦,២%) និង​ឥណ្ឌូ​ណេ​ស៊ី (៥,៨%)​។

ចំណែក​ប្រទេស​ឥណ្ឌា​វិញ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​៦.៧១​លាន​តោន​ក្នុងអំឡុងពេល​ដូច​គ្នា​។ លើស​ពី​នេះ​ទៀត វៀតណាម ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​លេខ​៣ ដែល​បាន​នាំ​ចេញ​៣.១២​លាន​តោន ។

នៅ​ក្នុង​ខែសីហា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ប្រមាណ​១០,៧% បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​បាន​កើនឡើង​៤០% បើ​ធៀប​នឹង​ខែ​មុន​ៗ ព្រោះតែ​អតិថិជន​ពី​អាហ្វ្រិក​បាន​ត្រឡប់​មក​វិញ ។ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ ៦២២.៦៣០​តោន ដែល​មាន​តម្លៃ​សរុប​ស្មើនឹង ១០.៤​ប៊ី​លាន​បាត​ក្នុង​ខែសីហា ។

សមាគម​បាន​ព្យាករណ៍​ពី​ការ​នាំ​ចេញ​ថា នឹង​មាន​ប្រមាណ​៦០​ម៉ឺន​ទៅ​៧០​ម៉ឺន​តោន​ក្នុង​ខែកញ្ញា ព្រោះ​អ្នក​នាំ​ចេញ​ត្រូវ​ដឹក​ជញ្ជូន​អង្ករ​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​រក​ទំនិញ​សម្រាប់​អតិថិជន​អាហ្វ្រិក​ផង​ដែរ ៕