ឥណ្ឌា​បាន​សារភាព​ពី​លុយខ្មៅ​ប្រមាណ​9.5​ប៊ី​លាន​ដុល្លារ

ប្រទេស​ឥណ្ឌា ៖ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា ជនជាតិ​ឥណ្ឌា​រាប់​សិប​ពាន់​នាក់​បាន​សារភាព​ពី​លុយខ្មៅ​សរុប​ប្រមាណ​៩.៥​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​រដ្ឋាភិបាល​មួយ ដែល​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​សារភាព ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Arun Jaitley ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ថា ការ​សារភាព​របស់​មនុស្ស​ប្រមាណ​៦៤.២៧៥​នាក់​នេះ​កើតឡើង​អស់​រយៈពេល​៤​ខែ​ហើយ និង​បាន​បញ្ចប់​ក្នុង​ថ្ងៃ​សុក្រ​មុន ។ ការ​សារភាព​នេះ​ធ្វើ​ឲ្យ​អ្នករក​ប្រាក់​ចំណូល​ខុសច្បាប់ និង​អ្នក​ផ្សេង​ទៀត​បង់ពន្ធ​បន្ថែម និង​ទទួល​ពិន័យ ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​៤៥% ដើម្បី​ចៀស​ផុត​ពី​ការ​កាត់ក្តី ។

ស្រ​ដៀង​គ្នា​នឹង​ករណី​ខាងលើ​ដែរ មន្ត្រី​ឥណ្ឌូ​ណេ​ស៊ី​បាន​ថ្លែង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ការ​លើកលែងទោស​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​នាំ​ចូល​នូវ​ប្រាក់​ចំណូល​ពន្ធ​ប្រមាណ៧.៤៥​ប៊ី​លាន​ដុល្លារ​មក​ដល់​ពេល​នេះ ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ដែល​បាន​ឈ្នះ​ឆ្នោត​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៤ សន្យា​ថា នឹង​ប្រឆាំង​អំពើ​ពុក​រលួយ លំហូរ​លុយខ្មៅ​បរទេស និង​ការ​ខ្វះខាត​នៃ​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ ។

រដ្ឋាភិបាល​ឥណ្ឌា​ក៏​កំពុង​តែ​ជួប​ប្រទះ​ការ​ដាក់​សម្ពាធ​ពី​គណបក្សប្រឆាំង​ផង​ដែរ តាំងពី​ការ​ប្រកាស​ឯកសារ​ហិរញ្ញវត្ថុ​សម្រាប់​ខែមេសា ដែល​បាន​បង្ហាញ​ពី​ឈ្មោះ​ក្រុមហ៊ុន និង​បុគ្គល​ប្រហែលជា​គេច​ពី​ការ​បង់ពន្ធ ។ លើស​ពី​នេះ​ទៀត មាន​ជនជាតិ​ឥណ្ឌា​ប្រមាណ​៥០០​នាក់​បាន​វិនិយោគ​លើ​ក្រុមហ៊ុន​ក្នុង Panama ផង​ដែរ ។

រដ្ឋមន្ត្រី Jaitley បន្ថែម​ទៀត​ថា ការ​លើកលែងទោស​មុន​នេះ គឺ​ក្នុង​ឆ្នាំ​១៩៩៧ បាន​នាំ​ចូល​នូវ​ប្រាក់​ប្រមាណ​១.៥​ប៊ី​លាន​ដុល្លារ​មក​កាន់​រដ្ឋាភិបាល​ទៀត​ផង ៕