អង់គ្លេស​ចង់​ចាប់ផ្តើម​ដំណើរ​ចាក​ចេញពី EU មុន​ចុងខែ​មីនា​ឆ្នាំ​ក្រោយ

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អង់គ្លេស​នឹង​ចាប់ផ្តើម​ដំណើរការ​ចាកចេញ​ជា​ផ្លូវការ​ពី​សហភាព​អឺរ៉ុប (EU) នៅ​មុន​ចុងខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ ។

គួរ​បញ្ជាក់​ថា មុន​ការ​សម្រេចចិត្ត​នេះ លោកស្រី May បាន​ត្រឹមតែ​និយាយ​ថា ប្រទេស​អង់គ្លេស​នឹង​មិន​លើក​ពី​មាត្រា​៥០ មុន​ចុងឆ្នាំ​នេះ​ទេ នៃ​សន្ធិសញ្ញា Lisbon ស្តី​ពី​រយៈពេល​២​ឆ្នាំ ដែល​សមាជិក​ត្រូវ​ឆ្លងកាត់​មុន​ពេល​អាច​ចាក​ចេញពី​សហភាព​នេះ​បាន ។

លោកស្រី​ឱ្យ​ដឹង​ថា នឹង​បន្ថែម​ព័ត៌មាន​លម្អិត​ក្នុង​ការ​ឡើង​ថ្លែង​សុន្ទរកថា​របស់​លោកស្រី​នា​ថ្ងៃអាទិត្យ ទៅ​កាន់​គណបក្ស​អភិរក្សនិយម ក្នុង​ពេល​បើក​សន្និសីទ​ប្រចាំឆ្នាំ​នៅ Birmingham​។ លោកស្រី​ថ្លែង​ថា ៖ « ខ្ញុំ​បាន​និយាយ​ថា ពួក​យើង​នឹង​មិន​លើក​ឡើង​ពី​មាត្រា​នេះ​នៅ​មុន​ចុងឆ្នាំ​នេះ​ឡើយ ដើម្បី​ឱ្យ​ពួក​យើង​អាច​រៀបចំ​ខ្លួន ។ ពួក​យើង​នឹង​លើក​ឡើង​នៅ​មុន​ពេល​ចុងខែ​មីនា ឆ្នាំ​ក្រោយ » ។

លោកស្រី​បន្ត​ថា ពេល​ដែល​លើក​ឡើង​ពី​មាត្រា​នេះ​ហើយ វា​នឹង​ដាក់បន្ទុក​ទៅ​កាន់ EU ក្នុង​ការ​សម្រេចចិត្ត​ទៅ​លើ​ដំណើរការ​ចរចា​នា​ពេល​ខាង​មុខ​ៗ​ទៀត ។ លោកស្រី​បន្ត​ថា ៖ «​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​ពួក​គេ​ថា ពេល​ដែល​ពួក​គេ​បានដឹង​ពី​ពេល​ដែល​យើង​នឹង​លើក​ឡើង​ហើយ​នោះ ពួក​យើង​នឹង​អាច​រៀបចំ​ខ្លះ​ៗ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​ចរចា » ។

លោកស្រី​បន្ថែម​ថា ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ មិថុនា ដែល​បាន​សម្រេច​ឲ្យ​ប្រទេស​អង់គ្លេស​ចាកចេញ​ពី EU បាន​នាំ​មក​នូវ​សារ​ដ៏​ច្បាស់លាស់​មួយ​ថា ប្រជាជន​អង់គ្លេស​ចង់​ឲ្យ​មានការ​គ្រប់គ្រង​ទៅ​លើ​ការ​ចល័ត​មនុស្ស​ក្នុង EU ។ លោកស្រី​បន្ថែម​ថា ៖ « ពួក​យើង​នឹង​សម្រេច​លើ​វា ។ អ្វី​ដែល​ប្រជាជន​ចង់បាន គឺ​ចង់ឱ្យ​រដ្ឋាភិបាល​មាន​សមត្ថភាព​សម្រេច​ថា​អ្នក​ណា​អាច​ចូល​មក​កាន់​ប្រទេស ក៏​ដូច​ជា​ការ​ចេញ​វិធាន​សម្រាប់​មនុស្ស​ដែល​អាច​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​ជាដើម ។ ពួក​យើង​នឹង​ងាក​ទៅ​មើលផ្លូវ​ជា​ច្រើន​ដែល​អាច​ទទួល​បានការ​គ្រប់គ្រង​វិញ ដើម្បី​ធានា​ពី​លទ្ធផល​ដ៏​ភ្លឺ​ថ្លា និង​ល្អ​បំផុត​សម្រាប់​ប្រទេស​អង់គ្លេស » ។

មុន​នេះ លោកស្រី​បាន​ប្រកាស​ពី​ច្បាប់​និរាករណ៍​ដ៏​អស្ចារ្យ​ដើម្បី​បញ្ចប់​អំណាច​របស់​ច្បាប់ EU បន្ទាប់​ពី​អង់គ្លេស​ចាកចេញ ។ ក្រុម​នីតិបញ្ញត្តិ​នឹង​ធ្វើ​និរាករណ៍​ទៅ​លើ​ច្បាប់ ដែល​ធ្វើ​ឲ្យ​ច្បាប់ EU មាន​អំណាច​ធំធេង ដោយ​កត់ត្រា​បន្ថែម​រាល់​ច្បាប់ EU ចូល​ក្នុង​ច្បាប់​ជាតិ និង​បញ្ជាក់​ថា ក្រុម​នីតិបញ្ញត្តិ​របស់​អង់គ្លេស​មាន​សិទ្ធិ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ ។

លោកស្រី​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ៖ « នេះ​បង្ហាញ​ពី​ដំណាក់កាល​ដំបូង​សម្រាប់​អង់គ្លេស ក្នុង​ការ​ក្លាយជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​ម្តងទៀត។ វា​នឹង​ប្រគល់​នូវ​អំណាច និង​សិទ្ធិ​ទៅ​កាន់​ស្ថាប័ន​ដែល​បាន​ជ្រើសតាំង​ក្នុង​ប្រទេស​របស់​ពួក​យើង មាន​ន័យ​ថា អំណាច​នៃ​ច្បាប់ EU ក្នុង​ប្រទេស​អង់គ្លេស នឹង​ត្រូវ​បាន​បញ្ចប់»៕