មិន​គួរ​សោះ ! គ្រាន់តែ​ចឹ​ង​ស្រែក​ ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន និង​វាយ​ឡើង​ទ្រម​ស្ទើរ​ស្លាប់​ស្ទើរ​រស់ បន្ទាប់​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ស្រែក ចោរ ! ចោរឆក់​ទូរស័ព្ទ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ ២០១៦ នៅ​ខាងលិច​ស្ពាន​អាកាស​៧​មក​រា តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ជាប់ចោទ​ឈ្មោះ ឆេ​ង ផេង អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ចំណែក​អ្នក​រត់​ម៉ូតូឌុប​ដែល​ចោទ​ជនសង្ស័យ​ថា ឆក់​ទូរស័ព្ទ​ពុំ​ត្រូវ​ស្គាល់ឈ្មោះ​ឡើយ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ឆ្លងស្ពាន​អាកាស​៧​មក​រា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​បាន​ឈប់​មួយ សន្ទុះ​ស្រាប់តែ​អ្នក​រត់​ម៉ូតូឌុប​បាន​ស្រែក​ឆោឡោ​ថា​ចោរឆក់​ទូរស័ព្ទ​ដៃ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ចាប់សង្ស័យ​ដែល​ព្យាយាម​រត់គេច​ខ្លួន ឆ្លងផ្លូវ​ចូល​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​បាន និង​បាន​នាំ​គ្នា​វាយដំ​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ  ។

នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​ឆក់​ទូរស័ព្ទ​ដៃ​នោះ​ទេ ។ មុន​ពេល​កើតហេតុ​ខ្លួន​បាន​ហៅ​ម៉ូតូឌុប​នោះ​ជិះ​ពី​ម្តុំ​វត្ត​ភ្នំ​មក​ទឹកថ្លា ក្នុង​តម្លៃ​៤០០០​រៀល តែ​ពេល​មក​ដល់​ខ្លួន​មាន​លុយ​តែ​១០០០​រៀល ​ហើយ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ដក​ទូរស័ព្ទ​ដៃ​​ដោយ​គំរាម​ថា ហៅ​ប៉ូលិស​មក​ចាប់ខ្លួន ដោយ​ភ័យ​ពេក​ក៏​រត់​ឆ្លងផ្លូវ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ស្រែក​ចោរ​ៗ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា បុរស​អ្នក​រត់​ម៉ូតូឌុប​ដែល​ស្រែ​កថា​ចោរឆក់​ទូរស័ព្ទ​នោះ​ក៏​បាន​ទៅ​បាត់ ធ្វើ​ឲ្យ​ពលរដ្ឋ និង​សមត្ថកិច្ច​មិន​ទាន់​អាច​ដឹង​ថា ជនសង្ស័យ​ដែល​ដេញចាប់​បាន និង​វាយ​ឡើង​ទ្រម​ស្ទើរស្លាប់​ស្ទើរ​រស់​នេះ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពិតប្រាកដ ឬ​យ៉ាងណា​នៅឡើយ​ទេ ៕