អភិបាលក្រុង​សំរោង​ប្រាប់​ថា ថៃ​យក​ដី​ខ្មែរ​បាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុយ គឺ​ពួក​គេ​មានច្បាប់​ពី​ថ្នាក់លើ

ខេត្តឧត្ដរមានជ័យ ៖ ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុយ ដែល​ជា​ប្រភេទ​ល្បែង​ពេញ​និយម​របស់​ជនជាតិ​ថៃ ពេល​នេះ​បាន​រុករាន​ដល់​តំបន់​ជាយ​ដែនកម្ពុជា​ហើយ បង្ក​ការ​ប៉ះពាល់​ដល់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ ដែល​មានការ​ភ័យ​ខ្លាចពី​គ្រោះថ្នាក់​ជាយថាហេតុ និង​ប៉ះពាល់​ដល់​សុខភាព ដោយសារ​ក្លិន​ផ្សែង​នៃ​រំសេវ​ដែល​គេ​បាន​លាយ​ធ្វើ​ជា​កាំជ្រួច ។ ទីតាំង​បាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុយ វា​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។

ទាក់ទិន​នឹង​ព័ត៌មាន​នេះ នា​ព្រឹក​ថ្ងៃ​ទី​៤ តុលា​ ២០១៦ កោះសន្តិភាព​បាន​ទូរស័ព្ទ​ជួប​លោក អ៊ុ​ន សុភ​ក្រ័ អភិបាលក្រុង​សំរោង លោក​បាន​បំភ្លឺ​ថា ល្បែង​លេង​បាញ់​កាំ​ជ្រួក​ភ្នាល់​ដាក់​លុយ​ នៅ​តំបន់​ច្រក​ទ្វារ​អូរ​ស្មាច់ ពី​សំណាក់​ពលរដ្ឋ​ថៃ​នោះ គឺ​ពួក​គេ​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល ដូច្នេះ​ក្នុង​នាម​លោក​ជា​អភិបាលក្រុង ​មិន​អាច​ទប់ស្កាត់​បាន​ទេ តែបើ​មាន​ពាក្យបណ្តឹង​ណាមួយ​របស់​ពលរដ្ឋ​នោះ លោក​នឹង​ដាក់​បណ្តឹង​នេះ​ទៅ​ដល់​អាជ្ញាធរ​ខេត្ត ដើម្បី​ដោះស្រាយ ។ សួរ​អាជ្ញាធរ​ថៃ​តាម​ព្រំដែន​មើល បើ​ខ្មែរ​បើក​សង្វៀន​បញ្ជល់មាន់​ក្នុង​ដី​ថៃ​បាន​ដែរ​ឬ​អត់?​....​ដេកចាំ​ទៅ .....!!

ហេតុការណ៍​នេះ កើតឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នា​ក្រុង​សំរោង ការ​ទទួលខុសត្រូវ​ពី​ផល​ប៉ះពាល់​នានា ចាំបាច់​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ រាល់​ហានិភ័យ​នានា​ដែល​បាន​កើតឡើង​ជាយថាហេតុ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​និយាយ​ត្អូញត្អែ​ពី​ការ​បារម្ភ ដោយសារ​មានការ​ភ័យ​ខ្លាច​ពី​គ្រាប់​កាំជ្រួច​ថៃ ដែល​បាញ់​ភ្នាល់​ដាក់​លុយ​យ៉ាង​សប្បាយ​របស់​សាសន៍​ខ្លួន ។ ផ្ទុយ​ទៅ​វិញ ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​អាជ្ញាធរ​ខ្មែរ​ដែល​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ពលរដ្ឋ​ថៃ​ចូល​មក​លេងល្បែង​ភ្នាល់​នៅ​ក្នុង​ទឹកដី​កម្ពុជា តាម​អំពើ​ចិត្ត ។
ពលរដ្ឋ​ដដែល​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ​អ្នក​រស់នៅ​តំបន់​នោះ កំពុង​តែ​ព្រួយ​នឹង​កាក​សំណល់​គ្រាប់​កាំជ្រួច​ធ្លាក់​មក​លើ​លំនៅ​ឋាន ឬ​មនុស្ស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ដល់​កូន​ៗ​និង​មនុស្ស​ចាស់​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព ។

ពួក​គាត់​បាន​ត្អូញត្អែរ​ទៀត​ថា បញ្ហា​ដែល​សំខាន់​ទៀត​នោះ គឺ​នៅ​ពេល​បាញ់​កាំជ្រួច​បាន​បញ្ចេញ​នូវ​ផ្សែង​យ៉ាងច្រើន ដែល​មាន​សារជាតិ​គីមី​បង្ក​ឱ្យ​កូន​ក្មេង​កើត​មាន​ជម្ងឺ​គ្រុនផ្តាសាយ​ភាគច្រើន សូ​ម្បី​តែ​មាន់​ទា​ដែល​នៅ​ក្នុង​តំបន់​នេះ​ពុល​នឹង​ផ្សែង​ងាប់​ជា​បន្តបន្ទាប់​រួច​ហើយ​ដែរ ។

ប្រជាពលរដ្ឋ​បាន​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ព្រោះ​ក្រុម​មន្ត្រី​នានា ប្រៀប​ដូច​គេ​នាំ​គ្នា​រុញ​ទូក​បណ្ដោយ​ទឹកតែ​ប៉ុណ្ណោះ ដែល​ម្នាក់​ៗ​ឆ្លើយ​ដាក់​ថ្នាក់លើ​ជា​អ្នក​យល់ព្រម ៕