រាជធានី​ភ្នំពេញ​ពង្រឹង​សន្តិសុខ​ ត្រៀម​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ចិន

ភ្នំពេញ៖ ការត្រៀមការពារសុវត្ថិភាពកំពុងតែត្រូវបានដំណើរការឡើង សម្រាប់ដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា របស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង នាខែតុលានេះ។

គណៈប្រតិភូរបស់ប្រទេសចិន រួមមានវត្តមានរបស់អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ លោក Wang Xiaohong ដែលបានមកប្រទេសកម្ពុជាកាលពីដើមសប្តាហ៍មុន។ គណៈប្រតិភូរបស់លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល និងស្ថាប័នការពារសន្តិសុខកម្ពុជា រួមមានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សរ ខេង អគ្គស្នងការនគរបាលជាតិ នេត សាវឿន និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ។

Loading...

យោងតាមសារដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook របស់លោក នេត សាវឿន ភាគីទាំងពីរបានពិភាក្សាអំពីទស្សនកិច្ចរបស់លោក Xi Jinping មកកម្ពុជានាពេលខាងមុខនេះ ដោយភាគីខាងចិនបានសម្តែងនូវទំនុកចិត្តថា ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនដើម្បីធ្វើសហប្រតិបត្តិការ។

លោក នេត សាវឿន ក៏បានថ្លែងអំណរគុណចំពោះ លោកអនុរដ្ឋមន្រ្តី Wang Xiaohong សម្រាប់ជំនួយសម្ភារៈ និងការបណ្តុះបណ្តាល ដែលក្រសួងរបស់លោកបានផ្តល់ឲ្យមន្រ្តីពាក់ព័ន្ធកាលពីពេលមុនៗផងដែរ។

ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋាភិបាលបានធ្វើការកត់សម្គាល់ថា ដំណើរទស្សនកិច្ចនៅខែតុលានេះ ដែលកាលបរិច្ឆេទច្បាស់លាស់ពុំទាន់ត្រូវបានឲ្យដឹងនោះ នឹងជាដំណើរទស្សនកិច្ចលើកទី ២ របស់លោក ស៊ី ជីងពីង ដោយលើកទី ១ គឺនៅឆ្នាំ ២០០៩ ខណៈលោកនៅជាអនុប្រធានាធិបតី។

កម្ពុជាត្រូវបានគេមើលឃើញថា ជាសម្ព័ន្តដ៏ជិតស្និទ្ធបំផុតរបស់ប្រទេសចិននៅក្នុងតំបន់។ កម្ពុជាបានទទួលជំនួយ និងកម្ចីរាប់ពាន់លានដុល្លារពីប្រទេសចិន ស្របពេលដែល កម្ពុជាបានបង្ហាញនូវការគាំទ្រយ៉ាងបើកចំហចំពោះប្រទេសចិន នៅក្នុងវិវាទសមុទ្រចិនខាងត្បូង ដែលជាការរំខានមួយសម្រាប់ប្លុកអាស៊ានទាំងមូល។

លោក គង់ ផូក សហស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងបន្តពង្រឹងចំណង់មិត្តភាពរបស់ប្រទេសទាំងពីរ។

លោកនិយាយថា៖ «ជាការពិតណាស់ វាគឺជារឿងសំខាន់ ព្រោះលោកប្រធាន ស៊ី គឺជាមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក។ ដំណើរទស្សកិច្ចរបស់លោកមកកម្ពុជា នឹងពង្រឹងសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

លោកបន្ថែមថា៖ «ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។ នៅប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរក៏កំពុងតែពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍