មេ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប លោក ព្រិ​ន្ទ សា​វិ​ន បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​

ប្រជា​នេសាទ​នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​នេសាទ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​តំបន់​៧៨ ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តំបន់​៧៨​ក្នុង​ទឹកដី​សង្កាត់​ក្របី​រៀល សព្វថ្ងៃនេះ​ករណី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​ទាំង​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប និង​មន្ត្រីក្រោមឱវាទ​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​ប្រើ​ស្បៃ​មុង​ចាប់​កូន​ត្រី​ល្អិតៗ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​បំផុត ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

ដោយឡែក​ប្រជា​នេសាទ​នៅ​តំបន់​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹងថា បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​នៃ​សង្កាត់​ចុង​ឃ្នៀ​ស កើតឡើង​កាន់តែច្រើន​ក្រោយពេល​មានការ​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​ឆ្ដោ​ឡើងវិញ​ពី​សំណាក់​ក្រសួងកសិកម្ម​។ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ មិន​ប្រើ​ចំណី​សិប្ប​និ​មិ្ម​ត​ដើម្បី​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ​នោះទេ គឺ​ពួកគេ​ទិញ​កូន​ត្រី​ល្អិតៗ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យកទៅ​ឲ្យ​ត្រី​រ៉ស់ ត្រី​ឆ្ដោ ស៊ី​ដូច​មុន​ដដែល​។

​ប្រជា​នេសាទ​នៅ​តំបន់​កំពង់​ភ្លុក កំពង់​ឃ្លាំង និង​តំបន់​អន្លង់​សំណ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​រយៈពេល​៣​ខែ​កន្លងទៅនេះ​គឺ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប បានកើត​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​បំផុត​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​រិះគន់ថា នៅពេល​ពួកគាត់​ប្រើ​ឧបករណ៍​ខុសច្បាប់​តិចតួច​ដូចជា ឆ្នុក និង​សំណាញ់​ជាដើម ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​យោគយល់​ឡើយ​។ ចំណែក​ជនជាតិ​យួន​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចាប់​កូន​ត្រី​ល្អិតៗ​បាន​រាប់​តោន​ក្នុង​មួយថ្ងៃៗ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​នោះទេ​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តសៀមរាប​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​៕

srnews-post100 srnews-post99