បែកធ្លាយ​ការណ៍​ពិត ! ក្រោយ​ចាប់ខ្លួន​ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​ស្រី​ចោល​សាកសព​ទាំង​អាក្រាត

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ចាប់ខ្លួន​ប្អូនថ្លៃ​ដែល​បាន​វាយ​សម្លាប់​បងថ្លៃ​ស្រី​រួច​អូស​សព​ទៅ​យក​ទៅ​បោះចោល​ទាំង​អាក្រាត​កាយ​រួច​មក ជន​ដៃដល់​បាន​សារភាព​ថា ឃាតករ​មិនមែន​មាន​តែ​ម្នាក់​ទេ គឺ​មាន​ដល់​ទៅ​២​នាក់​ដែល​ព្រួត​គ្នា​វាយ​សម្លាប់​បងថ្លៃ​ស្រី​រួច​អូស​សព​យក​ទៅ​បោះចោល​ក្បែរ​អូរ​ក្នុង​ព្រៃ​ចម្ការ​នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សូម​បញ្ជាក់​ថា ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​ស្រី​ចោល​សាកសព​ទាំង​អាក្រាត

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ គឺ​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ស្ត្រី​រង​គ្រោះ និង​ម្តាយ បាន​ចាក​ចេញពី​ចម្ការ​ដែល​ក្បែរ​ប៉ុស្តិ៍​កា​ពារ​ព្រំដែន​អូរ​ជុំ ឆ្ពោះទៅ​ផ្សារ​កែវ​សីមា ដើម្បី​ទិញ​ម្ហូប និង​អង្ករ ។ លុះដល់​ពេល​ល្ងាច​ទើប​ត្រឡប់​មក​រោង​ចាំចម្ការ​វិញ ដោយ​មាន​ទាំង​ស្បៀងអាហារ​ផង​ដែរ តែ​ម្តាយ​ស្ត្រី​រង​គ្រោះ​មិន​ទាន់​មក​ដល់​រោង​ចាំចម្ការ​ទេ ដោយ​ស្ត្រី​រង​គ្រោះ​បាន​មក​ដល់​មុន ។ ដោយ​ចាំ​ម្តាយ​យូរ​ពេក ស្ត្រី​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ បាន​ដេញ​ប្អូនថ្លៃ​ឈ្មោះ ទី តី ឲ្យ​ទៅ​ទ​ទូល​ម្តាយ និង​យក​អង្ករ ប៉ុន្តែ​ប្អូនថ្លៃ​ជា​ជន​ដៃដល់​មិន​ព្រមទៅ​តែ​ម្នាក់ឯង​នោះ​ទេ ។ ដោយ​ការ​ជេរ​ស្តី​ជា​ច្រើន​ដង ជន​ដៃដល់​ក៏​បបួល​បងថ្លៃ​ស្រី​ទៅ​ទ​ទូល​ម្តាយ​ជាមួយ​គ្នា ដែល​ម្តាយ​កំពុង​តែ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជាង​១​គីឡូ​ម៉ែ​ត​ពី​រោង​ចាំចម្ការ​របស់​ពួក​គេ ។ នៅ​ពេល​ធ្វើ​ដំណើរ​តែ​២​នាក់ បងថ្លៃ​ស្រី​ជា​ជន​រង​គ្រោះ​បាន​ជេរ​ស្តី​ជន​ដៃដល់​រហូត ។ បន្តិច​ក្រោយមក​បុរស​ម្នាក់​ទៀត​ឈ្មោះ ខុ​ម ចាន់ ត្រូវជា​បងថ្លៃ​ប្រុស​របស់​ជន​ដៃដល់​ឈ្មោះ ទី តី បាន​ដើរមក​តាម​ពី​ខាងក្រោយ និង​បាន​ញុះញង់​ឲ្យ​ឈ្មោះ​ទី តី វាយ​ជន​រង​គ្រោះ​ពី​ខាងក្រោយ ។ ឮ​ពាក្យ​ញុះញង់​និង​ក្តៅចិត្ត​បងថ្លៃ​ស្រី​ជេរ​ស្តី​យូរ​មក​ហើយ​នោះ ពេល​ដើរ​ដល់​ពាក់​កណ្តាលផ្លូវ​ជន​ដៃដល់​ឈ្មោះ ទី តី បាន​ដាល់​បងថ្លៃ​ស្រី​ពីក្រោយ​ខ្នង​៣​ដៃ​បណ្តាល​ឲ្យ​ដេក​ដួល​ទៅ​នឹង​ដី ហើយ​មិន​បង្អង់​យូរ​ជន​ដៃដល់​ឈ្មោះ ខុ​ម ចាន់ បាន​វាយ​សំពង​បន្ថែម​យ៉ាង​ចាស់ដៃ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ ដែល​មាន​សភាព​ស្រវឹងស្រា​ផង​នោះ​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ នៅ​ពេល​សម្លាប់​ស្ត្រី​រង​គ្រោះ​រួច​ហើយ​នោះ ជន​ដៃដល់​ទាំង​២​នាក់​បាន​អូស​សព​ទៅ​បោះចោល​នៅ​ក្បែរ​អូរ​ទឹក​អែប​ចម្ការ​ដំឡូង​មី ចម្ងាយ​ជាង​ម្ភៃ​ម៉ែ​ត​ពី​កន្លែង​វាយ​សម្លាប់ ហើយ​វិល​ត្រឡប់​ទៅ​រោង​ចាំចម្ការ​វិញ ធ្វើ​ដូច​ជា​មិនដឹង​រឿង​អ្វី ។

សូម​រំលឹក​ថា ព្រៃផ្សៃ​ម្ល៉េះ ! រំលោភ​រួច​សម្លាប់​​ទាំង​អាក្រាត

សមត្ថកិច្ច​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​ភូមិ​ថ្ម​ហាល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ មុខរបរ​កសិករ ចំណែក​ជន​ដៃដល់​ម្នាក់​ឈ្មោះ ទី តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា និង​ម្នាក់​ទៀត​ឈ្មោះ ខុ​ម ចាន់ អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​ខេត្តកំពង់ចាម ។ ជន​ដៃដល់​ទាំង​២​នាក់​ជា​ប្អូនថ្លៃ​របស់​ស្ត្រី​រង​គ្រោះ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​បាន​សារភាព​មុខ​សមត្ថកិច្ច​ថា ពួក​គេ​ពិតជា​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ ត្រូវជា​បងថ្លៃ​ស្រី​ពិតមែន មូលហេតុ​ដោយ​ឈ្មោះ ខុ​ម ចាន់ ធ្លាប់​ចងគំនុំ​ជាមួយ​ស្ត្រី​រង​គ្រោះជា​យូរ​មក​ហើយ ដោយឡែក​ជន​ដៃដល់​ឈ្មោះ ទី តី ខឹង​ស្ត្រី​រង​គ្រោះ​ដែល​តែងតែ​ជេរ​ស្តី​ខ្លួន​ជា​ប្រចាំ​មិន​ដែល​ទុក​មុខមាត់​ឲ្យ​សោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ យោង​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​មិន​បាន​រំលោភ​រួច​សម្លាប់​ស្ត្រី​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​ចម្លើយ​គឺ​នៅ​តែ​មិន​ជាក់លាក់ ដោយ​សព​ជន​រង​គ្រោះ​មាន​សភាព​ហើម​ស្អុយរលួយ​ទើប​មិន​អាច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្វែងរក​អំណះអំណាង​នៃ​ការ​រំលោភ​បាន ៕