នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង ចូល​ចត​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​វៀតណាម​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-05-2016, 2:05 pm         651

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង ចូល​ចត​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​វៀតណាម​កងទ័ពជើងទឹក​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​ចំនួន​ពីរ​គ្រឿង ទៅកាន់​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​វៀតណាម​។ នេះ​ជា​លើកដំបូង​នៃ​រយៈពេល​២១​ឆ្នាំ ដែល​នាវាចម្បាំង​អាមេរិក​ចូល​ចត​ក្នុង​កំពង់ផែ​វៀតណាម​ជា​អតីត​គូសត្រូវ ពោលគឺ​បន្ទាប់ពី​អាមេរិក និង​វៀតណាម សម្រួល​ទំនាក់ទំនង​ការទូត​ឡើងវិញ​ក្នុង​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ​។​

​នាវាមុជទឹក​ដឹកជញ្ជូន USS Frank Cable និង​នាវា​ពិឃាត​ប្រើ​មី​ស៊ី​ល USS John S. McCain បាន​ទៅដល់​កំពង់ផែ​ទឹក​ជ្រៅ Cam Ranh របស់​វៀតណាម ដែលជា​កំពង់ផែ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។ ការមកដល់​នាវាចម្បាំង​ដល់​ទៅ​ពីរ​នេះ គឺជា​ជំហាន​ថ្មី​មួយទៀត នៃ​ទំនាក់ទំនង​អាមេរិក និង​វៀតណាម ដែលជា​គូសត្រូវ​សម័យ​សង្គ្រាម​វៀតណាម​កាលពី​ជាង​៤០​ឆ្នាំមុន​។​

​កងទ័ពជើងទឹក​អាមេរិក នៅ​ថ្ងៃទី​៤ ខែតុលា ប្រកាសថា នាវាចម្បាំង​ទាំងពីរ​ខាងលើ បាន​ចូល​ចត​នៅ​កំពង់ផែ​ក្នុង​ខេត្ត Khanh Hoa ភាគ​កណ្ដាល​វៀតណាម​។ ទស្សនកិច្ច​នេះ កើតឡើង​ក្រោយ​រដ្ឋាភិបាល​អាមេរិក បានសម្រេច​ព្យួរ​ទណ្ឌកម្ម​លើ​ការទិញ​អាវុធ​ធុន​ធ្ងន់​លើ​វៀតណាម កាលពី​ខែឧសភា អំឡុងពេល​នៃ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​វៀតណាម​។

​ការចូល​ចត​នេះ​ក៏​ចំ​ពេលដែល​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​តានតឹង​ដោយសារ​ការទាមទារ​ដែ​ន​អធិបតេយ្យ​លើ​សមុទ្រ​នេះ​រវាង​ចិន និង​សមាជិក​អាស៊ាន​បួន​ទៀត ដែល​រួមទាំង​វៀតណាម​ផងដែរ​។ អាស្រ័យ​នេះ ក្រុង​ហា​ណួ​យ ក៏​ព្យាយាម​សម្រួល​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ផ្សេងៗ​ដូចជា អាមេរិក បារាំង ឥណ្ឌា ដើម្បី​ទប់ទល់​ឥទ្ធិពល​ដ៏​ខ្លាំង​នៃ​មហាអំណាច​ចិន​។

​អ្វី​ជាការ​កត់សម្គាល់​នោះ មូលដ្ឋានទ័ព Cam Ranh ត្រូវ​ចាត់ទុកជា «​ពេជ្រ​» របស់​កងទ័ព​វៀតណាម ដ្បិត​វា​មាន​ទាំង​កំពង់ផែ​ទឹក​ជ្រៅ និង​មូលដ្ឋាន​អាកាស​។ មូលដ្ឋាន​ទ័ពអាកាស​នៅ​ទីនោះ ត្រូវបាន​ប្រើ​ដោយ​កងទ័ពអាកាស​អាមេរិក​ម្ដង ហើយ​បន្ទាប់មក ក៏ត្រូវ​បាន​ប្រើ​ដោយ​កងទ័ពអាកាស​អតីត​សហភាពសូវៀត​ជា​ញឹកញយ​ដែរ​។ ចំណែក​កំពង់ផែ Cam Ranh វិញ ជា​មូលដ្ឋាន​របស់​នាវាមុជទឹក​របស់​វៀតណាម ដែល​ផលិត​ដោយ​រុស្សី​។​

​តាមពិតទៅ មូលដ្ឋាន​កងទ័ព Cam Ranh នេះ​ត្រូវបាន​កសាងឡើង​ដោយ​កងទ័ព​អាមេរិក កាលពី​សម័យ​សង្គ្រាម​វៀតណាម ប៉ុន្តែ​ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​រុស្សី​ទៅវិញ​។ នាពេល​កន្លងមក ក្រៅពី​នាវា​មកពី​ជប៉ុន និង​បារាំង កំពង់ផែ​នេះ មិនសូវមាន​នាវា​បរទេស​ចូល​ចត​ឡើយ ហើយ​ត្រូវ​រក្សា​សម្រាប់​ការងារ​ជួសជុល​នាវា​ប៉ុណ្ណោះ​៕