សារព័ត៌មាន​អាមេរិក​លត់ ដូណាល់ ត្រាំ ថា​ជា​ជន​«បោក​ប្រាស់»

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក លែងសំចៃដៃ ជាមួយនឹងលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមហាសេដ្ឋី មកពី​​គណបក្ស​សាធារណរដ្ឋ ដើម្បីដណ្ដើមតំណែង ជាម្ចាស់សេតវិមានអាមេរិក នោះទៀតហើយ។ បន្ទាប់​ពី​ចាត់​ទុក​បេក្ខជន​រូប​នេះ ថា​ជា​«ជនបោកប្រាស់»រួច ប្រព័ន្ធផ្សព្វផ្សាយ នៅបានទម្លាយឲ្យដឹងថា លោក ដូណាល់ ត្រាំ បាន​គេសវេស​យ៉ាង​ប៉ិនប្រសព្វ និងដោយស្របច្បាប់ មិនបង់ពន្ធដារ អស់​រយៈ​ពេល​១៨ឆ្នាំ​មក​ហើយ។
សារព័ត៌មាន​អាមេរិក​លត់ ដូណាល់ ត្រាំ ថា​ជា​ជន​«បោក​ប្រាស់»

លោក ដូណាល់ ត្រាំ បេក្ខជនមហាសេដ្ឋី សម្រាប់តំណែងជាប្រធានាធិបតីអាមេរិក មកពីគណបក្ស​សាធារណរដ្ឋ។ (រូបថត ឯកសារ)

ប្រព័ន្ធផ្សព្វផ្សាយ បានលត់លោក ដូណាល់ ត្រាំ (Donald Trump) លែងទុកមុខឲ្យតទៅទៀត។ បក្ខជន​ប្រធានា​ធិបតី​អាមេរិក មកពីគណក្ស​សាធារណរដ្ឋ​រូប​​នេះ រងការវាយប្រហារ​ផ្ទួនៗ នៅក្នុងរយៈពេល​​ចុង​ក្រោយ​នេះ ថា​ជា​ជន«កុហកបោកប្រាស់» និងបានគេសវេសមិនបង់ពន្ធ ដោយស្របច្បាប់ តាំង​​ពី១៨ឆ្នាំ​​​មក​ហើយ។ សារ​ព័ត៌មាន​ធំៗ មានដូចជា «New York Times» និង«CNN» ជាដើម សុទ្ធ​តែ​បាន​ធ្វើការ​បរិហារ ពី​ពាក្យ​​«មុសា»​ជា​ច្រើន​របស់លោក ដូណាល់ ត្រាំ រហូតដល់ធ្វើសេចក្ដីសន្និដ្ឋានថា បេក្ខជន​មក​ពី​គណបក្ស​​សាធារណរដ្ឋ​រូប​នេះ ជា​បេក្ខជន​«បោក​ប្រាស់»ដ៏ធំមួយ នៅក្នុង​ប្រវត្តិសាស្ត្រ​​អាមេរិក។

នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន សារព័ត៌មានដ៏ល្បី «New York Times» បានហៅលោក ត្រាំ ថាជា​បេក្ខជន «គ្មានការយោគយល់ សាហាវព្រៃផ្សៃ និងមានពោរពេញ ដោយការសន្យាខ្យល់» បន្ទាប់ពី​សារព័ត៌មាន​បាន​លើក​យក​មកពន្យល់ នូវយុទ្ធនាការរបស់លោក ត្រាំ ប្រឆាំងបេក្ខនារី​មកពី​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ទាក់ទងនឹងដើមកំណើត របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​ជិត​ផុត​អណត្តិ ដែល​សារព័ត៌មាន​អះអាង​ថា ជារឿងប្រឌិតទាំងស្រុង ពីសំណាក់​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្សសាធារណរដ្ឋរូបនេះ។

រឿងរ៉ាវដដែលនេះ ក៏បានជំរុញឲ្យ «CNN» បណ្ដាញ​ទូរទស្សន៍ដ៏ធំ របស់អាមេរិក បញ្ជាក់អះអាងដែរថា គឺជា​ព័ត៌មាន​«មិនពិត» ខណៈ​បណ្ដាញ​ផ្សព្វផ្សាយ​អាមេរិក​ល្បីៗ ចំនួនជាង១០ទៀត ដែលសុទ្ធតែធ្លាប់មាននិន្នាការ «អភិរក្ស​និយម» បាន​អំពាវនាវ​ឲ្យបោះឆ្នោត ប្រឆាំងលោក ដូណាល់ ត្រាំ និងខ្លះទៀត បានផ្សាយ​ដោយ​ចេញ​មុខ ប្រកាស​គាំទ្រ​អ្នកស្រី ហ៊ីឡារី គ្លីនតុន តែម្ដង។ 

សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ ឈ្មោះ «USA Today» ដែលមិនប្រកាន់និន្នាការ តាំងពី៣៤ឆ្នាំ​មក​ហើយ​នោះ ស្រាប់តែបាន​បង្ហាញ​ជំហរដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល កាលពីថ្ងៃសុក្រមុន ដោយបានអំពាវនាវ ឲ្យធ្វើការ​«បោះ​​បង់​ចោល» លោក ដូណាល់ ត្រាំ។ ប៉ុន្តែសារព័ត៌មានមួយនេះ មិនបាន​ចេញមុខ​គាំទ្រ​ដោយ​ចំហរ ចំពោះ​​បេក្ខនារី​របស់​​គណបក្ស​​​ប្រជាធិ​បតេយ្យ​​នោះទេ។

ចំណែកឯសារព័ត៌មាន «Chicago Tribune» ដែលជាសារព័ត៌មាន «សាធារណរដ្ឋនិយម» ដ៏ដុះស្លែ​មួយ​នោះ ក៏​បាន​សម្រេចចិត្តទៅគាំទ្រលោក ហ្គារី ចនសុន (Gary Johnson) ដែលជាបេក្ខជនសេរី សម្រាប់​​ដណ្ដើម​​តំណែង ជា​ប្រធានាធិបតីអាមេរិក។ សារព័ត៌មានមួយនេះ បានវាយតម្លៃលោក ដូណាល់ ត្រាំ ថា​​គ្មាន​​«សមត្ថភាព»​ ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ​ឡើយ៕