ធី សុវណ្ណថា ប្រកាសផ្ដល់អាហារូបករណ៍ ១០០០នាក់

សិស្សចំនួន១០០០នាក់ ទាំងជាប់ និងធ្លាក់បាក់ឌុប នឹងមានសំណាង ដោយសារអាហារូបករណ៍ ដែលផ្ដល់​ដោយ​កញ្ញា ធី សុវណ្ណថា ដើម្បីបន្តការសិក្សា នៅឧត្ដមសិក្សា។ នេះបើតាមការប្រកាស របស់​អតីត​តារា​ហ្វេសប៊ុក​រូប​នោះ នៅ​លើ​ទំព័រ​ផ្ទាល់​របស់​នាង នៅរសៀលថ្ងៃនេះ។
ធី សុវណ្ណថា ប្រកាសផ្ដល់អាហារូបករណ៍ ១០០០នាក់

កញ្ញា ធី សុវណ្ណថា បង្ហោះរូបថតនេះ នៅពេលនាងប្រឡងបាក់ឌុប ឆ្នាំ២០១៥ ដែលទទួលបាន​លទ្ធផល​បរាជ័យ។ (រូបថតលើហ្វេសប៊ុក)

សិស្ស«ក្រីក្រ»​ចំនួន១០០០នាក់ ទោះប្រឡងជាប់ ឬធ្លាក់បាក់ឌុបក្ដី នឹងមានសំណាង អាចបន្តការសិក្សា នៅសាកលវិទ្យាល័យ«ធំៗ» នៅកម្ពុជាទៀតបាន។ ធ្វើដូចម្ដេច ទើបទទួលបានសំណាងនេះ? សូមទូរស័ព្ទ ទៅកញ្ញា ធី សុវណ្ណថា ជាបន្ទាន់ ដើម្បីទទួលបានភ័ពសំណាងនេះ។

ដំណឹងខាងលើនេះ ជាអ្វីដែលគេអាចអានបាន នៅលើទំព័រ​ហ្វេសប៊ុក ​របស់​អតីត​តារាហ្វេសប៊ុករូបនេះ ដែលរូបនាងផ្ទាល់ ធ្លាប់បរាជ័យជាច្រើនដង ក្នុងការប្រឡងបាក់ឌុប។ កញ្ញា ធី សុវណ្ណថា អតីតអ្នកប្រឆាំងរដ្ឋាភិបាល​ចេញមុខ បានសរសេរ នៅមុននេះបន្តិចថា៖ «នាងខ្ញុំ ផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្ត (ក្នុង)សាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ»។

អតីតតារាហ្វេសប៊ុក ដែលបានផ្លាស់ប្ដូរជំហរ មកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន វិញ បានបញ្ជាក់ទៀតថា អាហារូបករណ៍នេះ មានការបែងចែក៖

- ៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប ដើម្បីអាចទៅរៀនបន្ត យកបរិញ្ញាបត្ររង ដោយប្រើរយៈពេល ២ឆ្នាំ
- ៤៩០កន្លែង សម្រាប់សិស្សជាប់បាក់ឌុប ដើម្បីអាចទៅរៀនបន្ត យកបរិញ្ញាបត្រ ដោយប្រើរយៈពេល ៤ឆ្នាំ
- និង ២០កន្លែង ទៀត សម្រាប់សិស្ស​ដែលជាប់បាក់ឌុប មាននិទ្ទេស ABCD និងដែលមានបំណង ចង់បន្តយកបរិញ្ញាបត្រសុខាភិបាល។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា កញ្ញា និងមានផ្តល់ជូន នូវកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃថែមទៀត។

រឿងដែលគេចង់ដឹង ជាបន្តនោះ ថាតើអតីតតារាហ្វេសប៊ុក ដែលបានក្លាយជាប្រធានអង្គការ «យុវជនកិច្ចការសង្គម»រូបន បានប្រកាសផ្ដល់​អាហារូបករណ៍ខាងលើ ក្នុងនាមរូបនាងផ្ទាល់ ឬក្នុងនាមអង្គការរបស់នាង។ បញ្ហាដែលសំខាន់មួយទៀត នៅត្រង់ថា តើនាងមានថវិកា សម្រាប់ផ្ដល់អាហារូបករណ៍ តាមរយៈអ្វី និងមានប្រភពយ៉ាងដូចម្ដេច?