ឆ្មាំ ពលករ និង​ភ្នាក់ងារទេសចរណ៍ ​បានទទួល​អង្ករ ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ឆ្មាំ ពលករ និង​ភ្នាក់ងារទេសចរណ៍ ​បានទទួល​អង្ករ ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ



ភ្នំពេញ​: នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ ឆ្មាំ ពលករ និង​ភ្នាក់ងារទេសចរណ៍ មក​ពី​នាយកដ្ឋាន​នានា និង​អង្គភាព​ចំណុះ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទាំងអស់ ទទួល​បាន​អង្ករ ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ខ្មែរ នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ ដែល​មាន​ទីតាំង នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក ព្រហ្ម សំ​អ៊ា​ន អនុប្រធាន​នាយកដ្ឋាន គណនេយ្យ និង​ហិរញ្ញវត្ថុ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​ទិញ​អង្ករ ចំនួន​១៣​តោន ចែក​ជូន​ដល់​ឆ្មាំ  ពលករ និង​ភ្នាក់ងារទេសចរណ៍ ចំនួន​១.៣៣៧​នាក់ ដែល​មក​ពី​នាយកដ្ឋាន​ផ្សេង​ៗ និង​អង្គភាព​ចំណុះ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងអស់ ដោយ​ម្នាក់​ៗ ទទួល​បាន​អង្ករ ១០ គីឡូក្រាម​។

ការ​ចែក​អង្ករ​ជូន​ដល់ ឆ្មាំ  ពលករ និង​ភ្នាក់ងារទេសចរណ៍​ទាំងអស់ ដើម្បី​លើកទឹកចិត្ត ចំពោះ​ពួក​គាត់ ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ថែរក្សា ការពារ​តំបន់​បេតិកភណ្ឌ​ជាតិ និង​ពិភពលោក ក៏​ដូច​ជា ការ​ចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល ដែល​បាន​អំពាវនាវ ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ ចូលរួម​ទិញ​អង្ករ​ខ្មែរ ដើម្បី​សម្រាល​បន្ទុក របស់​ប្រជា​កសិករ​ផង​ដែរ​។

ឆ្មាំ កម្មករ ពលករ និង​ភ្នាក់ងារទេសចរណ៍​ទាំងអស់ បាន​សម្តែង​នូវ​សេចក្តី រំភើប​ត្រេកអរ សប្បាយ​រីករាយ ដែល​បាន​ទទួល​អំណោយ ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​អប្សរា​។ ជាមួយ​គ្នា​នេះ​ដែរ ឆ្មាំ កម្មករ ពលករ និង​ភ្នាក់ងារទេសចរណ៍ ក៏​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ អា​ជា្ញ​ធរ​ជាតិ​អប្សរា​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​របស់​ឆ្មាំ កម្មករ ពលករ និង​ភ្នាក់ងារទេសចរណ៍ និង​ជា​ពិសេស សូម​ជូនពរ​ឲ្យ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​ជំទាវ ឯកឧត្តម​អគ្គនាយក អគ្គនាយករង លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​ទាំងអស់ ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន និង​សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច ៕