គ្រូហុងកុង នឹងដាក់សុទ្ធតែកីឡាករខ្លាំងៗ ពេលជួបកម្ពុជា លើកនេះ

លោក Kim Pan-Gon គ្រូបង្វឹកក្រុមហុងកុង គ្រោងដាក់សុទ្ធតែកីឡាករខ្លាំងៗ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីយកឈ្នះលើក្រុមកម្ពុជា ជាលើកទី២។

mm3

គេនៅចាំបានថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើទឹកដីហុងកុង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមជម្រើសជាតិហុងកុង ដែលមានកីឡាករភាគច្រើនជាជនជាតិស្បែកខ្មៅចូលសញ្ជាតិនោះ បានយកឈ្នះក្រុមកម្ពុជា ៤-២ ប៉ុន្តែចំពោះលោក Kim Pan-Gon នៅតែខ្វល់ខ្វាយខ្លាំងចំពោះការធ្វើដំណើរមកជួបក្រុមកម្ពុជា លើកនេះ។

លោក Kim Pan-Gon បានថ្លែងនៅក្នុងសន្និសីទកាសែត នៅសណ្ឋាគារណាហ្គាវើល នៅថ្ងៃពុធនេះថា៖«ខ្ញុំពិតជាមានការភ្ញាក់មផ្អើល នៅពេលឃើញពីភាពរីកច្រើននៃវិស័យបាល់ទាត់នៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ហើយការទៅហ្វឹកហាត់បន្ថែមនៅប្រទេសសិង្ហបុរីរបស់ក្រុមកម្ពុជា ពិសេសអ្នកគាំទ្រយ៉ាងច្រើនរបស់កម្ពុជា វាបានក្លាយជាសម្ពាធមួយយ៉ាងធំសម្រាប់ក្រុមហុងកុងក្នុងការប្រកួតលើកនេះផងដែរ»។

យ៉ាងណាក៏ដោយគ្រូបង្វឹកវ័យ៤៧ឆ្នាំរបស់កូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា៖«បើទោះបីជាក្រុមកម្ពុជា លេងបានល្អ ដែលអាចនឹងធ្វើឲ្យការប្រកួតនេះមានភាពស្វិតស្វាញ និងតានតឹង ប៉ុន្តែយើងក៏ត្រៀមបានល្អផងដែរ ហើយខ្ញុំនឹងដាក់កីឡាករល្អៗ និងខ្លាំងៗរបស់ក្រុមហុងកុងឲ្យលេងទាំងអស់ ដោយគ្មានលាក់ជើងទុកនោះទេ ហេតុនេះយើងនៅតែសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អជាថ្មីម្តងទៀត»៕

The post គ្រូហុងកុង នឹងដាក់សុទ្ធតែកីឡាករខ្លាំងៗ ពេលជួបកម្ពុជា លើកនេះ appeared first on CamboSport.