នៅសល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ James & Bella នឹងមកដល់ទឹកដីនៃ ប្រទេសកម្ពុជា

James & Bella នឹងមកដល់ទឹកដីកម្ពុជា ដើម្បីជួបជាមួយប្រិយមិត្តរបស់ខ្លួនក្នុងរយៈពេលបួនថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅឯផ្សារទំនើបអ៊ីអន ទីតាំង Daylight Plaza វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់តទៅ។

ដំណើរមកដល់របស់ពួកគេគឺតបតាមការអញ្ជើញ របស់ស្ថានីយទូរទស្សន៍ភីអិនអិនដើម្បីចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» ក្រោយពីមានការសំណូមពរយ៉ាងច្រើន ពីសំណាក់ប្រិយមិត្តកម្ពុជា ដែលចង់ឃើញ James & Bella ដោយផ្ទាល់។

កំពូលតារាសម្តែងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខបីថៃលោក James Jirayu និងកញ្ញា Bella Ranee បានបង្ហាញពីក្តីរំភើបរបស់ខ្លួន ជាខ្លាំងមុនជំនួប ជាមួយប្រិយមិត្តកម្ពុជាតាមរយៈការផ្ញើរវីដេអូឃ្លីបរបស់ ពួកគេមកពីប្រទេសថៃ។

តួឯកប្រុសក្នុងរឿងភរិយាបណ្តូលចិត្ត លោក James Jirayu បាននិយាយថា៖ «Bella និងខ្ញុំនឹងមកប្រទេសកម្ពុជា ដើម្បីជួបអ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាណា»។

មិនខុសគ្នាប៉ុន្មាន Bella ក៏បាននិយាយដែរថា៖ «ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានមកប្រទេសកម្ពុជា ដើម្បីជួបអ្នកទាំងអស់គ្នា ជួបគ្នាក្នុងពេលឆាប់ៗនេះ!»។

ពាក់ព័ន្ធទៅនឹងដំណើរ មកដល់របស់កំពូលតារាទាំងពីរដួង PNN បានរៀបចំកម្មវិធីផ្សងសំណាងមួយចំនួនសម្រាប់ប្រិយមិត្ត ដើម្បីទទួលបានសំបុត្រVIP ចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016», អាវយឺត និងមួកដ៏ស្រស់ស្អាត ព្រមជាមួយនឹងរូបថតដែលមានចុះហត្ថលេខាផ្ទាល់ពី James & Bella។

ការផ្សងសំណាងដើម្បីទទួលបានសំបុត្រVIP ត្រូវបានធ្វើឡើងតាំងពីខែកញ្ញា ហើយរហូតមក ដល់ពេលនេះភីអិនអិន បានរកឃើញ អ្នកឈ្នះសំបុត្រVIP រួចរាល់ហើយ។ ប្រិយមិត្តដែលឈ្នះសំបុត្រVIP សូមទៅទទួលសំបុត្រនៅអគារ LYP Group ដែលមានអាសយដ្ឋានផ្ទះលេខ ៣៤៤ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៦ ដល់៨ តុលា ឆ្នាំ២០១៦ ដោយភ្ជាប់ជាមួយនូវប័ណ្ណសម្គាល់ខ្លួន និងលេខទូរស័ព្ទ។

យ៉ាងណាមិញ សម្រាប់មិត្តយុវវ័យ ឬសាធារណជន ដែលមានបំណងចូលរួមកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ សូមកុំបារម្ភ ឬក៏មានការអាក់អន់ស្រពន់ចិត្ត ត្បិតលោកអ្នកនៅតែ អាចចូលរួមជួបផ្ទាល់ជាមួយកំពូលតារាភាពយន្តថៃទាំងពីរបានដោយសេរី នៅផ្សារទំនើបអ៊ីអន ទីតាំង Daylight Plaza ចាប់ពីវេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ ហើយក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ផងដែរ៕

វីដេអូខ្លីអំពីកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» សូមចុចទីនេះ https://www.facebook.com/PNNTVCambodia/videos/1207108546027532/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload