ករណី​ឃាតកម្ម នៅ​មណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ​

មណ្ឌលគិរី៖ នៅថ្ងៃទី៣ និងល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ដោយជនសង្ស័យម្នាក់ ត្រូវជាប្អូនថ្លៃស្រីរងគ្រោះ និងម្នាក់ទៀត ជាអ្នករួមគំនិតជាមួយជនដៃដល់ ។
ការឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់ គឺធ្វើឡើងដោយមានការ ដឹកនាំកម្លាំងពីសំណាក់ លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី ចុះធ្វើការស្រាវជ្រាវ នៅទីតាំងកើតហេតុ ហើយឈានទៅធ្វើការ ឃាត់ខ្លួនបានជនសង្ស័យ ជាឃាតករបានជាបន្តបន្ទាប់  ។ ដោយជនសង្ស័យទី១. ឈ្មោះ ទី តី (ប្អូនថ្លៃ) ភេទប្រុសអាយុ១៩ឆ្នាំ ចាប់ខ្លួននៅចំណុចអូរជុំ ភូមិអូរអាម ឃុំស្រែខ្ទុម និងទី២. ខុម ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅស្រុកកែវសីមា ។
បច្ចុប្បន្នជនសង្ស័យជាឃាតករដៃដល់ ឈ្មោះ ទី តី និងឈ្មោះ ខុម ចាន់ ជាមួយអ្នករួមគំនិត កម្លាំងជំនាញកំពុងចងក្រងកសាង សំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ។
លោក សូ សុវណ្ណ បានបញ្ជាក់ថា តាមចម្លើយសារភាពជនសង្ស័យ បានឲ្យដឹងថា ខ្លួនគេមិនបានរំលោភ សម្លាប់ស្ត្រីរងគ្រោះឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ឆ្នាំនោះទេ គឺរូបគេ (ឃាតករ) ខឹងជនរងគ្រោះ បានផឹកស្រាស្រវឹង និងជេម្រ៉ាយខ្លួនធ្វើឲ្យរូបគេខឹងវាយ និងដៃចំគល់កចំនួន ៣ដៃ បណ្ដាលឲ្យសន្លប់ ហើយបានវាយនឹងឈើជ្រុងចំនួន ៣ឈើជ្រុងទៀត បណ្តាលឲ្យបាក់កស្លាប់ ។
ជនរងគ្រោះស្លាប់ រូបគេបានអូសទៅចោល កណ្តាលព្រៃតែម្តង រួចពួកគេជិះម៉ូតូមកផ្ទះជាធម្មតារៀងៗខ្លួន ។ ការកើតហេតុនេះខ្លួនបាន ប្រព្រឹតនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៦ ក្រោយមកមានអ្នកស្រុក បានឃើញសព ហើយរាយការណ៍ ឲ្យសមត្ថកិច្ចនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ។
កាលពីថ្ងៃទី២ ខែតុលា អ្នកស្រុកបានឃើញសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងព្រៃទាំង អាក្រាតកាយ នៅក្នុងព្រៃមួយកន្លែង ស្ថិតនៅចំណុចអូរជុំ ក្រោយភូមិអូរអាម ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី  ៕

ករណី​ឃាតកម្ម នៅ​មណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ​