ប៉ូលិស​ចាប់​ចោរ​ម្នាក់ ប្រជាពលរដ្ឋ​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦ នៅខាងលិចស្ពានអាកាស៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យដែលជាប់ចោទឈ្មោះ ឆេង ផេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកអ្នករត់ម៉ូតូឌុបដែលចោទជនសង្ស័យថា ឆក់ទូរស័ព្ទពុំត្រូវស្គាល់ឈ្មោះឡើយ ។
មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង ឆ្លងស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុម៉ូតូបានឈប់មួយ សន្ទុះស្រាប់តែអ្នករត់ម៉ូតូឌុបបានស្រែកឆោឡោថាចោរឆក់ទូរស័ព្ទដៃ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាដេញចាប់សង្ស័យដែលព្យាយាមរត់គេចខ្លួន ឆ្លងផ្លូវចូលក្នុងដីឡូតិ៍មួយកន្លែងបាន និងបាននាំគ្នាវាយដំមួយដៃមួយជើងឡើងទ្រមខ្លួន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ  ។
នៅចំពោះមុខនគរបាល ជនសង្ស័យឲ្យដឹងថា ខ្លួនមិនបានឆក់ទូរស័ព្ទដៃនោះទេ ។ មុនពេលកើតហេតុខ្លួនបានហៅម៉ូតូឌុបនោះជិះពីម្តុំវត្តភ្នំមកទឹកថ្លា ក្នុងតម្លៃ៤០០០រៀល តែពេលមកដល់ខ្លួនមានលុយតែ១០០០រៀល ហើយត្រូវអ្នករត់ម៉ូតូឌុបដកទូរស័ព្ទដៃដោយគំរាមថា ហៅប៉ូលិសមកចាប់ខ្លួន ដោយភ័យពេកក៏រត់ឆ្លងផ្លូវត្រូវអ្នករត់ម៉ូតូឌុបស្រែកចោរៗតែម្តង ៕

ប៉ូលិស​ចាប់​ចោរ​ម្នាក់ ប្រជាពលរដ្ឋ​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ​