​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​អាស៊ាន ប្រាប់​គន្លឹះ​ទាក់​ទាញ​អតិថិជន​ពេល​បើក​ក្រុម​ហ៊ុន​ដំបូង

ក្រុមហ៊ុន​ទើប​បើក​ថ្មី មនុស្ស​ម្នា​មិន​ទាន់​ស្គាល់​ច្រើន​នោះ​ទេ។ ដូច្នេះ​ការ​រក​អតិថិជន​ គឺ​ជា​រឿង​លំបាក​​សម្រាប់​អាជីវកម្ម​ទើប​បើក​ថ្មី​ថ្មោង ព្រោះ​ថា​បើ​ក្រុមហ៊ុន​គ្មាន​អតិថិជន​នោះ​ទេ នឹង​ជួប​វិបត្តិ​បិទ​ទ្វារ​មិន​ខាន​។

 

​អគ្គនាយក​ក្រុមហ៊ុន Lotus Green Team និង​ជា​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​អាស៊ាន​លើ​អាជីវកម្ម​ខ្នាត​តូច លោក ហុង លាង​អ៊ី បាន​​ចែក​រំលែក​ថា បើ​អ្នក​មាន​ជំនាញ ក្រម​សីលធម៌​ និង​ទំនួល​ខុស​ត្រូវ​លើ​ការងារ នោះ​ការ​រក​អតិ​ថិជន​សម្រាប់​ក្រុមហ៊ុន​លែង​ជា​ការ​លំបាក​ទៀត​ហើយ។

 

​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​អាស៊ាន ប្រាប់​គន្លឹះ​ទាក់​ទាញ​អតិថិជន​ពេល​បើក​ក្រុម​ហ៊ុន​ដំបូង
​ពេល​បើក​ក្រុមហ៊ុន​ដំបូង​ក្នុង​ឆ្នាំ​២០០៩ លោក​ លាង​អ៊ី ប្រាប់​ថា​​មិន​មាន​ឧបសគ្គ​ស្វែង​រក​អតិថិជន​ឡើយ​ចំពោះ​ក្រុម​ហ៊ុន​ចាយ​ទុន​ជាង​១៥០០០​ដុល្លារ​ផ្ដោត​លើ​សេវាកម្ម​ត​បណ្ដាញ​ទឹក ភ្លើង ម៉ាស៊ីន​ត្រជាក់ ​មួយ​នេះ។

 

អតីត​និស្សិត​អាហារូបករណ៍​ផ្នែក​វិស្វករ​មេកានិច​បន្ត​ថា ការ​គៀង​គរ​រក​អតិថិជន​ដោយ​ផ្ដោត​លើ​ជំនាញ​ ​ក្រម​សីលធម៌​ ​ជា​ចំណុច​សំខាន់។ ធ្វើ​យ៉ាង​ណា​ព្យាយាម​បញ្ចប់​គម្រោង​ឲ្យ​បាន​មុន​កំណត់ ដើម្បី​អតិថិជន​សប្បាយ​ចិត្ត។ អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន ​ត្រូវ​ប្រាប់​អតិថិជន​ត្រង់ កុំ​ព្យាយាម​​កុហក​អតិថិជន​របស់​អ្នក។

 

ជំហាន​ដំបូង​បើ​ក្រុម​ហ៊ុន​​ធ្វើ​បាន​ជោគជ័យ នោះ​អតិថិជន​របស់​អ្នក​នឹង​ដើរ​តួ​​​ជា​បណ្ដាញ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ ប្រាប់​តៗ​គ្នា​ឲ្យ​អ្នក​មិនខាន។ នៅ​ពេល​នោះ​ លំហូរ​អតិថិជន​ព្រម​ទាំង​ចំណូល​ក៏​ចាប់​ផ្ដើម​កើតឡើង​ផង​ដែរ។ កុំ​ដោយ​សារ​តែ​ចង់​ទាញ​អតិថិជន​ ក្រុមហ៊ុន​សុខ​ចិត្ត​ដាក់​តម្លៃ​ថោក​ហើយ​​ខាត​ខ្លួន​ឯង ។ បែប​នេះ​នឹង​មិន​មាន​ទុន​ច្រើន​ ដូច្នេះ​បើ​ខាត​គម្រោង​ហើយ​មិន​មាន​ទុន​ធ្វើ​បន្ត​​ នោះ​ទទួល​បាន​តែ​២-៣​គម្រោង​ នឹង​បិទ​ទ្វារ។​

 

 

​អត្ថបទ៖ លឹម សុ​នា​​