ព្យុះ MATTHEW បោកបក់​ដល់​គុយ​បា​ហើយ​តម្រង់​ទៅ​អា​មេ​រិ​ក

ព្យុះសង្ឃរា​ឈ្មោះ MATTHEW ក្រោយ​បោកបក់​លើ​ប្រទេស​ហៃ​ទី និង​សាធារណរដ្ឋ​ដូ​មី​នី​កែន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩​នាក់​បាន​បោកបក់​ដល់​គុយ​បា​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៤ តុលា រួច​កំពុង​បោកបក់​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​អាជ្ញាធរ​ចេញ​ការ​ប្រកាស​អាសន្ន​រហូត​ដល់​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញ ។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ខ្យល់ព្យុះ​អា​មេ​រិ​ក NHC ប្រកាស​ថា​មហា​ព្យុះ​MATTHEW បោកបក់​លើ​ភាគ​ខាងកើត​គុយ​បា​រួច​ស្ថិត​នៅ​ចម្ងាយ​៩០​គ​.​ម​ខាងកើត ហ្គ​ង់​តា​ណា​ម៉ូ ។ ព្យុះ​នេះ​មាន​កម្លាំង​ខ្យល់​ដល់​ទៅ​២២០​គ​.​ម​ក្នុង​១​ម៉ោង ។ ព្យុះសង្ឃរា​ប្រភេទ​ទី​៤​នោះ​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ហៃ​ទី​កាលពី​ថ្ងៃ​ទី​៤ តុលា ដែល​នៅ​ទីនោះ​ទីក្រុង​LES CAYES ជាទី​ក្រុង​ធំ​ទី​៣​របស់​ប្រទេស​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត ។ ដំបូលផ្ទះ ហាង​ទំនិញ ស្ថានីយ ចាក់​ប្រេង​ទាំងឡាយ​ត្រូវ​ប៉ើង​អស់​គ្មាន​សល់ ។

ព្យុះ MATTHEW នៅ​ហៃ​ទី​បាន​បំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង សម្លាប់​មនុស្ស​យ៉ាងតិច​៥​នាក់ ហើយ​ប្រជាជន​ច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ​។ ការ​បោកបក់​របស់​ព្យុះ​នោះ​លើ​សាធារណរដ្ឋ​ដូ​មី​នី​កែន ជាប់​ជិតខាង​ហៃ​ទី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ហើយ​ផ្ទះ​ជិត​២០០​ខ្នង​រង​ការ​បំផ្លាញ​។ ព្យុះ​នេះ​បន្ត​បោកបក់​សំដៅ​បា​ហា​ម៉ាស់ ហើយ​បន្ត​តម្រង់​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក ៕