ថ្ងៃក្រោយ​ឲ្យ​រាង ! កុំ​ចេះ​តែ​ហ៊ាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទៀត

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ប្រើ​អាវុធ​ខ្លី​បាញ់បោះ​សេរី​នៅ​ចំណុច​ផែ​ទំនិញ​ទំនប់​រលក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។

លោក​វរសេនីយ៍ត្រី ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផេង ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សា​ឡង់​ដឹក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ថៃ​នៅ​ផែ​ទំនប់​រលក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ទីបញ្ជាការ​ខេត្ត ។

ក្រោយ​ពេល​ចាប់​ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣ ខែតុលា នៅ​ចំណុច​ផែ​ទំនិញ​ទំនប់​រលក ខណៈ​រូបគេ​បាន​ផឹកស្រា​រហូត​ស្រវឹង ក៏​បាញ់​លេង​១​គ្រាប់​ទៅ ដែល​ការ​បាញ់​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​គំរាម​អ្នក​ណា​ម្នាក់​ឡើយ ហើយ​អាវុធ​ខ្លី​ដែល​បាញ់​នោះ​ជា​ប្រភេទ​កាំភ្លើង​ខ្យល់​កាច់​កាណុង បាញ់​ម្តង​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ។

ជនសង្ស័យ​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាញ់​រួច រូបគេ​ក៏​ឡើង​ទៅ​លើ​សា​ឡង់​វិញ រួច​យក​កាំភ្លើង​នេះ​ទៅ​បោះចោល​ក្នុង​ទឹកសមុទ្រ​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​អាច​រក​កាំភ្លើង​ដែល​បាញ់​នោះ​ឃើញ​ឡើយ ។

លោក​វរសេនីយ៍ត្រី ឆេ​ង វុ​ទ្ធី បញ្ជាក់​បន្ថែម​ថា ទោះបីជា​បាញ់​លេង ឬ​បាញ់​គំរាម​ក៏​ដោយ ជនសង្ស័យ​នៅ​តែ​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕