រុ​ស្ស៊ី​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​S-300 នៅ​ស៊ី​រី

រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-300​នៅ TARTOUS ជាទី​ក្រុង​ឆ្នេរសមុទ្រ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​ដែល​នៅ​ទីនោះ​ខ្លួន​មាន​បណ្តា​ទីតាំង​កំពង់​ផែ​យោធា ។ នេះ​ជា​ការ​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៤ តុលា របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ។

ប្រព័ន្ធ S-300 ទាំងនោះ​នឹង​បន្ថែម​លើ​ប្រព័ន្ធ​ការពារ​អាកាស S-400 ដ៏​ទំនើប ដែល​ដាក់​ពង្រាយ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍  HMEIMIM ភាគ​ពាយ័ព្យ​ស៊ី​រី​ដែល​បញ្ជូន​មក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ជាមួយ​ប្រព័ន្ធ S-300 និង​ប្រព័ន្ធ S-400 ទាំងនោះ រុ​ស្ស៊ី​អាច​ធានា​ដល់​កិច្ច​ការពារ​អាកាស​សម្រាប់​ទីតាំង​សំខាន់​២​របស់​ខ្លួន​នៅ​ស៊ី​រី​គឺ​កំពង់​ផែ TARTOUS និង​មូលដ្ឋាន​អាកាសចរណ៍  HMEIMIM ក្នុង​ខេត្ត LATTAQUIE ដែល​នៅ​ទីនោះ​រុ​ស្ស៊ី​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​វាយប្រហារ​មក​ដី​និង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​សិប​គ្រឿង ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​នោះ​ដោយ​ព្រមាន​ប្រឆាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាំងនោះ​ប្រឆាំង​បណ្តា​យន្តហោះ​អាមេ​រិ​ក ។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក  PETER COOK ថ្លែង​ថា ពួក​ជ្រុលនិយម​ដែល​រុ​ស្ស៊ី​ចង់​ប្រយុទ្ធ​ប្រឆាំង​ដូច​ជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ឬ​ក្រុម​រណសិរ្ស  FATEH AL-CHAM  (​អតីត​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​) ពុំ​មាន​យន្តហោះ​ឡើយ ។ លោក​ព្រមាន​ប្រឆាំង​រាល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាំងនោះ​លើ​បណ្តា​យន្តហោះ​អាមេ​រិ​ក ។ លោក​គូសបញ្ជាក់​ថា ទាំង​ពួក​រុ​ស្ស៊ី​ទាំង​ពួក​អ្នក​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី​ដឹង​ច្បាស់​ថា យើង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ដល់​សន្តិសុខ​របស់​បណ្តា​អ្នក​បើក​យន្តហោះ​របស់​យើង ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​អុ​ី​ហ្គ័​រ គូ​ណា​ឆេ​ន​កូ ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា ប្រព័ន្ធ​នោះ​គឺ​ដើម្បី​ធានា​សន្តិសុខ​មូលដ្ឋាន​នាវាចរណ៍ TARTOUS ។ យើង​សូម​រំលឹក​ថា S-300 ជា​ប្រព័ន្ធ​ការពារ​សុទ្ធសាធ ហើយ​ពុំ​គំរាមកំហែង​នរណា​ឡើយ ៕