កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​របស់​​​រដ្ឋាភិបាល​​​ជាមួយ​​​​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​មិន​​​ទាន់​​​​​​​​​សម្រេច​​​​​​​​​

ទោះបីជារយៈពេល១០ខែបានកន្លងផុតទៅ ចាប់តាំងពីការផុតកំណត់កិច្ចព្រមព្រៀងរដ្ឋាភិបាលសម្រាប់កិច្ចសហការជាមួយស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏ដោយ ក៏មន្ត្រីមួយរូបបានគេចវេះមិនពិភាក្សាអំពីផលប៉ះពាល់អំពីការអស់សុពលភាព បន្ទាប់ពីកិច្ចប្រជុំមួយនៅភ្នំពេញកាលពីថ្ងៃអង្គារ។ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបាននិយាយថា លោកចាត់ទុកភាពជាដៃគូជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា មានតម្លៃសម្រាប់កម្ពុជា ប៉ុន្តែ លោកគ្មានសមត្ថកិច្ចថ្លឹងថ្លែងថា តើអនុស្សរណៈនៃការយោគយល់គ្នាគួរនឹងបន្តអាណត្តិ ឬយ៉ាងណាទេ។ លោកបាននិយាយបន្ទាប់ពីជួបប្រជុំជាមួយតំណាងអង្គការសហប្រជាជាតិនៅឯការិយាល័យគណៈកម្មាធិការនេះថា “ចំពោះខ្ញុំ ខ្ញុំគិតថា សំខាន់ណាស់ ប៉ុន្តែ ទុកឲ្យរដ្ឋាភិបាលជាអ្នកសម្រេចទៅចុះ។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន លោកនឹងពិនិត្យមើលថា តើសំខាន់ទេ? គួរបន្តឬទេ?”។ អនុស្សរណៈនៃការយោគយល់គ្នាត្រូវបន្តជាទៀងទាត់កាលពីម្ភៃឆ្នាំកន្លងមក។ ទោះជាយ៉ាងនេះក្តី នៅពេលនេះ ភាគីទាំងពីរត្រូវជាប់គាំង ដោយសារតែការទទូចរបស់រដ្ឋាភិបាលចំពោះការដាក់បន្ថែមខមិនជ្រៀតជ្រែក។ លោក រ៉េមី បានបង្វែរសំណួរបន្ថែមទៀតទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នាទៅក្រសួងការបរទេស ដែលអ្នកនាំពាក្យមិនអាចទាក់ទងបានទេ។ លោក រ៉េមី បាននិយាយថា អំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោកសម្គាល់ថា អង្គការសហប្រជាជាតិមានឥទ្ធិពលសាបរលាប។ លោកបាននិយាយថា “ខ្ញុំបានជម្រាបពួកគេថា សព្វថ្ងៃនេះអង្គការសហប្រជាជាតិកំពុងមានឥទ្ធិពលធ្លាក់ចុះ គឺបាត់ទំនុកចិត្តពីប្រទេសជាសមាជិកនៅក្នុងអង្គការសហប្រជាជាតិ។ ដោយសារអ្វី? ពីព្រោះនៅពេលដែលសហរដ្ឋអាមេរិកនិយាយអ្វីមួយ អង្គការសហប្រជាជាតិក៏ធ្វើតាម”។ មានប្រទេសប្រហែល៣៩ដែលបានយល់ព្រមលើការរិះគន់ដ៏ខ្លាំងខ្លាចំពោះគណបក្សប្រជាជនកម្ពុជាកាន់អំណាច ដែលអានដោយសហរដ្ឋអាមេរិកក្នុងពេលប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៣នៅក្នុងក្រុងហ្សឺណែវ កាលពីខែមុន ដោយសម្តែងការព្រួយបារម្ភផ្សេងៗទៅលើស្ថានការណ៍ដុនដាបនៅកម្ពុជា។ ជាការឆ្លើយតបបេសកជនកម្ពុជាប្រចាំសហប្រជាជាតិ លោក ណី សំអុល បាននិយាយថា រដ្ឋាភិបាលមិនអាចទទួលយកការជ្រៀតជ្រែកក្នុងកិច្ចការក្នុងប្រទេសរបស់ខ្លួនបានទេ។ តាមអ្នកស្រី លី វ៉ានហៀ តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អនុស្សរណៈនៃការយោគយល់គ្នាលើកមុនបានបញ្ចប់អាណត្តិនៅខែធ្នូ។ អ្នកស្រីបាននិយាយថា អនុស្សរណៈនេះមិនទាន់បានបន្តជាថ្មីនៅឡើយទេ ពីព្រោះរដ្ឋាភិបាលកម្ពុជាមានការយល់ខុសគ្នាជាងអង្គការសហប្រជាជាតិទាក់ទងនឹងតួនាទីរបស់ខ្លួននៅក្នុងប្រទេស។ អ្នកស្រី លី បាននិយាយថា រដ្ឋាភិបាលបានស្នើថា អនុស្សរណៈនៃការយោគយល់គ្នាថ្មីគួរលើកឡើងយ៉ាងច្បាស់នូវមាត្រាធម្មនុញ្ញសហប្រជាជាតិ ដែលចែងថា គ្មានមាត្រាណាមួយនៅក្នុងក្រមនឹងអនុញ្ញាតឲ្យអង្គការសហប្រជាជាតិជ្រៀតជ្រែកក្នុងកិច្ចការផ្សេងៗដែលស្ថិតក្នុងដែនសមត្ថកិច្ចក្នុងប្រទេសរបស់រដ្ឋមួយនោះទេ”។ អ្នកស្រីបាននិយាយថា អង្គការសហប្រជាជាតិជឿថា ច្បាប់ទាំងមូលរបស់ខ្លួនត្រូវគោរពតាម ដោយបញ្ជាក់នូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស”។ អ្នកស្រី លី បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអង្គារ គឺមានភាពរាក់ទាក់។ អ្នកស្រីបាននិយាយថា “យើងមិនអាចមើលឃើញបញ្ហាគ្រប់យ៉ាងដោយទស្សនដូចគ្នាបានទេហើយបញ្ហាខ្លះទៀតគឺស្មុគស្មាញពេក ដែលមិនអាចពិនិត្យឃើញបានទេសព្វថ្ងៃនេះ ប៉ុន្តែ ខ្ញុំសប្បាយចិត្តដោយមានភាពស្មោះត្រង់ និងរាក់ទាក់ក្នុងកិច្ចប្រជុំថ្ងៃនេះ”៕(រាយការណ៍បន្ថែមដោយ គីម ចាន់)     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​របស់​​​រដ្ឋាភិបាល​​​ជាមួយ​​​​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​មិន​​​ទាន់​​​​​​​​​សម្រេច​​​​​​​​​ appeared first on The Cambodia Daily.