អ្នក​ភូមិ​នៅ​សៀមរាប​លើក​គ្នា​បិទ​ផ្លូវ​លំ​ក្នុង​ភូមិ​មិន​ឱ្យ​រថយន្ត​ដឹក​ខ្សាច់​ធំៗ​ឆ្លង​កាត់

អ្នក​ភូមិ​វត្ត ឃុំ​ត្បែង ខេត្ត​សៀមរាប ប្រមាណ ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​កំណាត់​ផ្លូវ​លំ ក្រាល​ក្រួស​ក្រហម ប្រវែង​ជាង ២​គីឡូម៉ែត្រ មិន​ឱ្យ​រថយន្ត​ដឹក​ខ្សាច់​ធំៗ​របស់​ឈ្មួញ​បើកបរ​ឆ្លងកាត់​ភូមិ​បាន​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា។

រថយន្ត​ធំៗ ជា​ច្រើន​គ្រឿង ដែល​ដឹក​ជញ្ជូន​ខ្សាច់​ទាំង​នោះ តែង​បើក​ឆ្លងកាត់​ផ្លូវលំ​ក្រាល​ក្រួស ១​ខ្សែ​របស់​ភូមិ​វត្ត ធ្វើ​ឱ្យ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​នេះ ទទួល​រង​ការ​បាក់បែក​ទ្រុឌទ្រោម ព្រម​ទាំង​ជង្ហុក​ជ្រៅៗ ពិបាក​ធ្វើ​ដំណើរ។

ក្រុម​អ្នក​ភូមិ​រួម​ទាំង​កុមារ​តូចៗ ដែល​ក្នុង​ដៃ​មាន​កាន់​បដា​អំពាវនាវ​ឱ្យ​អ្នក​តំណាងរាស្ត្រ អាជ្ញាធរ​ខេត្ត​សៀមរាប អាជ្ញាធរ​ស្រុក​បន្ទាយស្រី ព្រម​ទាំង​អាជ្ញាធរ​ឃុំ​ត្បែង ជួយ​ចាត់​វិធានការ​បំបាត់​ការដ្ឋាន​បូម​ខ្សាច់ ដោយ​គ្មាន​ច្បាប់​ផង​នោះ បាន​ចោទ​ប្រកាន់​រថយន្ត​ធំៗ​ថា កំពុង​បំផ្លាញ​ផ្លូវ​លំ​ក្នុង​ភូមិ​របស់​គេ​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

តំណាង​អ្នក​ភូមិ​វត្ត គឺ​លោក ហេង ធារិទ្ធិ។ លោក​មាន​ប្រសាសន៍​ក្នុង​ពេល​ដែល​អ្នក​ភូមិ​ជា​ច្រើន​កំពុង​ឈរ​បិទ​កំណាត់​ផ្លូវ​លំ​នោះ​ថា រយៈពេល​ប្រហែល ៦​ខែ​ហើយ ដែល​រថយន្ត​ដឹក​ខ្សាច់​ធំៗ​រាប់​សិប​គ្រឿង តែង​បើក​ឆ្លងកាត់​ភូមិ​របស់​គាត់​ជា​រៀងរាល់​ថ្ងៃ បណ្ដាល​ឱ្យ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២​គីឡូម៉ែត្រ ត្រូវ​បាក់​ស្រុត ជង្ហុក​ជ្រៅៗ ព្រមទាំង​កន្លែង​ខ្លះ​បណ្ដាល​ឱ្យ​ប្រេះ​បែក​លូ បង្ហូរ​ទឹក​ទៀត​ផង។

ផ្លូវលំ ​ឃុំ​ត្បែង ខេត្ត​សៀមរាប ៨៥៥
ស្ថានភាព​ផ្លូវ​លំ នៅ​ឃុំ​ត្បែង ខេត្ត​សៀមរាប ដែល​ខូចខាត​ដោយសារ​តែ​ឡាន​ដឹក​ខ្សាច់​របស់​ឈ្មួញ​បើក​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ។ រូបថត​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

លោក ហេង ធារិទ្ធិ បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ភូមិ ឃុំ​បី​បួន​លើក​មក​ហើយ ឱ្យ​ចាត់​វិធានការ​បញ្ឈប់​ការដ្ឋាន​បូម​ខ្សាច់​នៅ​ក្បែរៗ​ភូមិ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ទេ ទើប​អ្នក​ភូមិ​បង្ខំ​ចិត្ត​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​ដោយ​ខ្លួន​ឯង៖ «ផ្លូវ​នេះ វា​កើត​ចេញ​ពី​ញើស​ឈាម​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា រួម​ទាំង​លោកសង្ឃ​ផង។ យើង​ទាមទារ​ឱ្យ​ការដ្ឋាន​ឈប់​បើកបរ​ឡាន​ដឹក​ខ្សាច់​ឆ្លង​កាត់​ភូមិ ពីព្រោះ​ខែ​ប្រាំង​គឺ​ធ្វើ​ឱ្យ​ដី​ហុយ​ខ្លាំង ឯ​ខែ​វស្សា​គឺ​ស្រុត​ខូច​ផ្លូវ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ប្រជាពលរដ្ឋ​ចំនួន ១០២​គ្រួសារ បាន​រួម​គ្នា​ផ្ដិត​មេដៃ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ជូន​មេ​ភូមិ​វត្ត មេ​ឃុំ​ត្បែង ព្រម​ទាំង​មន្ទីរ​រ៉ែ និង​ថាមពល ដើម្បី​ឱ្យ​ចាត់​វិធានការ​ទៅ​លើ​ការដ្ឋាន​បូម​ខ្សាច់​គ្មាន​ច្បាប់​ជា​ច្រើន​កន្លែង ដែល​កំពុង​តែ​គំរាមកំហែង​ទៅ​លើ​ការ​បាក់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ ព្រម​ទាំង​ដឹក​ជញ្ជូន​ធ្វើ​ឱ្យ​ខូច​ផ្លូវ​លំ​ផង​នោះ។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​នៅ​ឡើយ។

បូម​ខ្សាច់ សៀមរាប ៨៥៥
ការដ្ឋាន​​បូម​ខ្សាច់​របស់​ពួក​ឈ្មួញ​ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​ព្រួយ​បារម្ភ​​ទាំង​បាក់​ដី​ស្រែ និង​ឡាន​ដឹក​ជញ្ជូន​ធ្វើ​អោយ​ខូច​ផ្លូវ​លំ នៅ​ឃុំ​ត្បែង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

បុរស​អ្នក​ភូមិ​វត្ត​ម្នាក់ ក្នុង​ចំណោម​អ្នក​បិទ​ផ្លូវ​ជា​ច្រើន​ទៀត លោក ស្វាយ ស៊ីសាយ មាន​ប្រសាសន៍​ថា ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម ១​ខ្សែ នៅ​ក្នុង​ភូមិ​របស់​លោក គឺ​អ្នក​ភូមិ​និង​ព្រះសង្ឃ​បាន​ប្រឹងប្រែង​បង្កើត​ឡើង​តាំងតែ​ពី​ពេល​ជួល​កម្លាំង​ពលកម្ម​ឱ្យ​លើក​ដី​ដោយ​ឱ្យ​ថ្លៃ​ជា​អង្ករ​ម្ល៉េះ។ រហូត​មក​ដល់​ពេល​នេះ រថយន្ត​ធំៗ​ដឹក​ខ្សាច់​របស់​ពួក​ឈ្មួញ​បាន​បើក​ឆ្លង​កាត់ ធ្វើ​ឱ្យ​ហុយ​ដី​ទ្រលោម​នៅ​ខែ​ប្រាំង និង​បែក​ភក់​វ៉ល់​នៅ​ខែ​វស្សា ធ្វើ​ឱ្យ​សិស្ស​ខ្លះ​ពិបាក​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ទៀត​ផង៖ «ជា​ពិសេស​កូន​ខ្ញុំ ពេល​ទៅ​រៀន​ជិះ​កង់​ទៅ ហើយ​ឡាន​ដឹក​ខ្សាច់​ធំៗ​បើក​មក កិន​ភក់​ខ្ទាត​ប្រឡាក់​អាវ​ខាន​ទៅ​រៀន»

ពេល​បច្ចុប្បន្ន មាន​ក្រុម​ឈ្មួញ​ប្រមាណ ៤​នាក់ បាន​ទៅ​បើក​ការដ្ឋាន​បូម​ខ្សាច់ គ្មាន​ច្បាប់​ជា​ច្រើន​កន្លែង​នៅ​ជុំវិញ​ភូមិ​វត្ត ឃុំ​ត្បែង នៃ​ស្រុក​បន្ទាយស្រី ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឱ្យ​ការ​សាងសង់​នានា ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

ទោះជា​យ៉ាង​ណា​មេ​ឃុំ​ត្បែង លោក ហ៊ាប ថា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ដឹង​រឿង​អ្នក​ភូមិ​វត្ត​បិទ​ផ្លូវ​មិន​ឱ្យ​ឡាន​ដឹក​ខ្សាច់​ឆ្លង​កាត់​នោះ​ទេ ពីព្រោះ​តែ​លោក​រវល់​ដើរ​ចល័ត​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ លោក ហ៊ាប ថា បញ្ជាក់​ថា លោក​គាំទ្រ​ចំពោះ​អ្នក​ភូមិ​វត្ត ដែល​បិទ​កំណាត់​ផ្លូវ​លំ​មិន​ឱ្យ​រថយន្ត​ដឹក​ខ្សាច់​ឆ្លង​កាត់​នោះ ពីព្រោះ​ក្រុម​ឈ្មួញ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ដែល​គិតគូរ​ដល់​រឿង​ខូច​ផ្លូវ​ឡើយ។ លោក​មេ​ឃុំ​ត្បែង មាន​គម្រោង​នឹង​កោះ​ហៅ​ក្រុម​ឈ្មួញ​បូម​ខ្សាច់​ទាំង​នោះ​ទៅ​ជួប​ពិភាក្សា​លើ​បញ្ហា​ប៉ះពាល់​នានា នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។