អាមេរិក រម្លឹក​ពី​កិច្ចប្រឹងប្រែង​ខ្លួន​ដែល​បាន​ជួយ​ហ្វីលីពីន ក្រោយ​លោក Duterte ប្រកាស​ចង់​ផ្អាក​សហការ​ និពន្ធដោយ : ទេព អ៊ីវិសាល       October-05-2016, 4:41 pm         1842

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក រម្លឹក​ពី​កិច្ចប្រឹងប្រែង​ខ្លួន​ដែល​បាន​ជួយ​ហ្វីលីពីន ក្រោយ​លោក Duterte ប្រកាស​ចង់​ផ្អាក​សហការ​លោក Josh EARNEST អ្នកនាំពាក្យសេតវិមាន​បើទោះបីជា​រដ្ឋាភិបាល​ក្រុង​ម៉ានីល ថ្លែង​ម្តង​ហើយ​ម្តងទៀត​ពី​ចេតនា​ផ្អាក​សហការ​ការពារជាតិ​ជាមួយនឹង​ក្រុង​វ៉ាស៊ីនតោន​ក៏ដោយ ក្រុង​វ៉ាស៊ីនតោន នៅ​មិនទាន់​ដាក់​ទម្ងន់​ខ្លាំង​លើ​ពាក្យសម្តី​ទាំងនោះ​នៅឡើយ​នោះទេ​។ ជំនួស​ដោយ​ការមិន​ប្រតិកម្ម​បែប​កម្រោល​ទៅនឹង​ការព្រមាន​របស់​ក្រុង​ម៉ានីល រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​លើក​ពី​សកម្មភាព និង​កិច្ចប្រឹងប្រែង​របស់ខ្លួន​កន្លងមក​ក្នុង​ការជួយ​សម្ព័ន្ធមិត្ត​នៅ​អាស៊ីអាគ្នេយ៍​«​ហ្វីលីពីន​» ដែល​ទំនង​សំដៅ​ចង់​ឲ្យ​ហ្វីលីពីន​ដឹងគុណ​ខ្លួន មុននឹង​ចង់​ដើរ​ចេញពី​ទំនាក់ទំនង​ជិតស្និទ្ធ​នោះ​។

​ឆើ្ល​យ​តប​នឹង​សំណួរ​នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​ពាក់ព័ន្ធ​ភាពផុយស្រួយ​នៃ​ទំនាក់ទំនង​យោធា​អាមេរិក​-​ហ្វីលីពីន​ដោយសារ​ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Josh EARNEST អ្នកនាំពាក្យ​សេត​វិមាន បាន​អះអាងថា អាមេរិក នៅតែមាន​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​លើ​សម្ព័ន្ធភាព​ដែលមាន​ជាមួយនឹង​ហ្វីលីពីន​។ លោក ក៏​បញ្ជាក់ដែរថា​កិច្ចព្រមព្រៀង​ការពារជាតិ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ ក៏​មិនទាន់មាន​ការប្រែប្រួល​អ្វី​ដែរ​។

​ក្នុង​កម្មវិធី​នា​ថ្ងៃទី​០៣ ខែតុលា​នោះដែរ អ្នកនាំពាក្យ​រូបនោះ ក៏បាន​រម្លឹក​ពី​ការពឹងផ្អែក​របស់​ហ្វីលីពីន ក៏ដូចជា​សមិទ្ធផល​ដែល​អាមេរិក បាន​ជួយ​ហ្វីលីពីន​កន្លងមក ដោយ​លោក ថែ្ល​ង​ថា អាមេរិក និង​ទាហាន​អាមេរិក បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​ហ្វីលីពីន ទាំង​ផ្នែក​ធនធាន​ដើម្បី​ធានា​ពី​សន្តិសុខ​ដែនសមុទ្រ និង​កងទ័ព​ដែល​បាននិងកំពុង​តែ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​លើ​កិច្ចការ​ប្រឆាំង​ភេរវកម្ម ដែលជា​បញ្ហា​មួយ​កំពុងតែ​គម្រាមកំហែង​ដល់​សន្តិសុខ​ក្នុងប្រទេស​ហ្វីលីពីន​នោះ​។

​ជាងនេះទៅទៀត​នោះ លោក ក៏​លើក​តាំងពី​កិច្ចប្រឹងប្រែង​របស់​កង​ទ័ព​អាមេរិក​ក្នុង​កិច្ចការ​មនុស្សធម៌​ក្នុងការ​សង្គ្រោះ​ប្រជាជន​ហ្វីលីពីន​រាប់ពាន់នាក់ ដែល​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ព្យុះ​ទី​ហ្វុ​ង​ដែល​បាន​វាយប្រហារ​មកលើ​ប្រទេស​ហ្វីលីពីន​យ៉ាងខ្លាំង​កាលពី​ពីរ​ឬ​បី​ឆ្នាំមុន​នោះ​។ អ្នកនាំពាក្យ​រូបនោះ បាន​លើក​យ៉ាង​ដូច្នេះ ក្នុង​គោលបំណង​ចង​ឲ្យ​ដឹងថា​ទំនង​ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន​ដែល​ចង់ភ្ជាប់​តាមរយៈ​សន្ធិសញ្ញា មិនមែនជា​រឿង​សាមញ្ញ​នោះទេ ពោលគឺ​មិនមែន​ចង់​បញ្ចប់ ឬ​ដើរចេញ​ដោយ​ងាយៗ​ឡើយ​។

​ជាក់ស្តែង​នោះ មន្ត្រីជាន់ខ្ពស់​សេត​វិមាន​រូបនោះ បាន​លើកយក​កិច្ចព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិ​ការការពា​រ (EDCA) រវាង​អាមេរិក និង​ហ្វីលីពីន​ដែល​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៤ និង​ចូល​ជាធរ​មាននៅ​ថ​ដើមឆ្នាំ​២០១៦​នោះ ដោយ​អះអាងថា មិនអាច​បញ្ចប់​ដោយ​ងាយស្រួល​ឡើយ​។ លោក បាន​ពន្យល់ថា​កិច្ចព្រមព្រៀង​នោះ មាន​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់ ពោលគឺ បើ​ចង់​លុប និង​ផ្លាស់ប្តូរ ត្រូវ​ឆ្លងកាត់​ដំណើរការ​ផ្លូវការ​ជាមុន​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ចុង​សប្តាហ៍​មុន លោក​ប្រ​ធានា​ធីប​តី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ថ្លែង​ពី​ចេតនា​របស់លោក​ក្នុងការ​បញ្ចប់​ការធ្វើ​សមយុទ្ធ​ជាមួយនឹង​អាមេរិក ក៏ដូចជា ពិនិត្យឡើងវិញ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការពង្រឹង​វិស័យ​យោធា ដោយ​លោក អះអាងថា កិច្ចព្រមព្រៀង​នោះ គ្មាន​ន័យ​អ្វី​ឡើយ​។ ហើយ​លោក ថែមទាំង​ចង់​ឲ្យ​កងទ័ព​អាមេរិក​ចេញពី​ហ្វីលីពីន​ទៀតផង​។

​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ទំនាក់ទំនង​ហ្វីលីពីន និង​អាមេរិក បាន​មាន​ភាពស្អិតល្មួត​នឹង​គ្នា​។ ក្នុងនោះ អាមេរិក បាន​តួនាទី​យ៉ាងសំខាន់ និង​សកម្ម​ក្នុង​ជ្រោមជ្រែង​ទាំង​សន្តិសុខ​ក្នុងស្រុក និង​សន្តិសុខ​ដែនសមុទ្រ​ដែល​ហ្វីលីពីន​ប្រឈម​ជាមួយនឹង​ចិន​យ៉ាង​ផុយស្រួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​រដ្ឋបាល​ចាស់​នោះដែរ ហ្វីលីពីន ថែមទាំង​ផ្តល់​មូលដ្ឋាន​យោធា​ទ័ពអាកាស​ប្រាំ​កន្លែង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ឲ្យ​អាមេរិក​ដើម្បី​ទប់ទល់​ជាមួយនឹង​ចិន​ទៀតផង​៕