វិស័យ​សំណង់ វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​វិស័យ​សេវាកម្ម ជួយ​ជំរុញ កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​​កម្ពុជា

វិស័យ​សំណង់ វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​វិស័យ​សេវាកម្ម ជួយ​ជំរុញ កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​​កម្ពុជា



ភ្នំពេញ​: យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥​ខែតុលា​នេះ បាន​លើក​ឡើង​ថា​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា នៅ​តែ​អាច​កាត់​បន្ថយ​បាន ដោយ​ពឹងផ្អែក​លើ​វិស័យ​សំណង់ វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​វិស័យ​សេវាកម្ម​។

របាយការណ៍​ដដែល​បាន​បន្ត​ថា ហេតុនេះ​មានការ​រំពឹង​ថា​នឹង​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ ចំពោះ​គ្រួសារ នៅ​ទីប្រជុំជន និង​គ្រួសារ នៅ​ជនបទ ជា​បន្តបន្ទាប់​ពី​ឆ្នាំ​២០១៥-១៦ ប៉ុន្តែ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ​កើតឡើង​ដោយ​កត្តា​ជំរុញ​ផ្សេង​ទៀត​។ ចំពោះ​គ្រួសារ​នៅ​ទីប្រជុំជន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នឹង​នាំមុខ​ដោយ វិស័យ​សំណង់ វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​វិស័យ​សេវាកម្ម​។ ចំណែក​គ្រួសារ​នៅ​ទី​ជនបទ​គេ​ឃើញ​មាន​កំណើន​ប្រភព​ចំណូល ពី​វិស័យ​មិនមែន​កសិកម្ម​។ សព្វថ្ងៃ​កសិកម្ម​បង្កើត​បាន​ប្រាក់​ចំណូល ត្រឹមតែ​២៥​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ក្រីក្រ ជាងគេ​ចំនួន​៤០​ភាគរយ ប៉ុណ្ណោះ​នៅ​ជនបទ​ហើយ​ពិពិធ​កម្មនេះ​ជួយ​ទប់​គ្រួសារ​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះថ្លៃ​ស្បៀងអាហារ​។ ទោះជា​យ៉ាងណា​ក្តី ការ​ធ្លាក់​ចុះថ្លៃ​ស្បៀងអាហារ​នៅ​តែ​ប៉ះពាល់​ប្រភព​កាលពី​មុខ នៃ​កំណើន​ប្រាក់​ចំណូល​របស់​គ្រួសារ​នៅ​ជនបទ​ហេតុនេះ​ល្បឿន​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ត្រូវ​រំពឹង​ថា មាន​កម្រិត​យឺ​ង​ជាង​មុន​ៗ​។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា ទោះបីជា​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ក្តី ចំណែក​នៃ​គ្រួសារ​មិន​ក្រីក្រ​ប៉ុន្តែ​មាន​អ​សុវត្ថិភាព​លើ​ផ្នែក​សេដ្ឋកិច្ច​បាន​និង​កំពុង​កើនឡើង​។ ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ការ​ផ្លាស់​ប្តូរ​កន្លែង​ទៅ​រក​សន្តិសុខ​សេដ្ឋកិច្ច​បាន​កម្រិត មួយ​ផ្នែក​គឺ​បណ្តាល​មក​ពី​មាន​មូលធន​មនុស្ស ឬ​មាន​ទ្រព្យធន​ដទៃ​ទៀត​មិន​គ្រប់គ្រាន់ ដូច​ជា មាន​ដីធ្លី​តិចតួច​ជាដើម​។

ការ​លំបាក​គឺ​ការ​លុប​បំបាត់​គម្លាត​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​សង្គម​ថ្នាក់​កណ្តាល​ទន្ទឹម​នឹង​ការ​វិនិយោគ​លើ​កម្មវិធី​នានា ដែល​លើកកម្ពស់​ភាព​ធន់​របស់​គ្រួសារ​និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ពួក​គេ​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។

ខណៈ​ដែល​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​តំបន់​ជន​បត​ត្រូវ​បាន​រំពឹង​ថា​បន្ថយល្បឿន​យ៉ាងច្រើន​នៅ​ឆ្នាំ​២០១៤ និង​២០១៥​ក្នុង​បរិបទ​នៃ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម និង​ធ្លាក់​ចុះថ្លៃ​ទំនិញ​ផលដំណាំ​ល្អ​ប្រសើរ​នៅ​ឆ្នាំ​២០១៦​ត្រូវ​បាន​រំពឹង​ថា អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ខ្លះ​ភាព​រស់​រវើក​នៃ​វិស័យ​សម្លៀក​បំពាក់​និង​សំណង់​គឺជា​កត្តា​ជំរុញ​ថ្មី​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​។ ក្នុង​ទសវត្សរ៍​កន្លង​ទៅ​កម្ពុជា​បាន​ទទួលផល​យ៉ាងច្រើន​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ជំរុញ​ដោយ​ថ្លៃ​កសិផល​ខ្ពស់ ក៏​ដូច​ជា​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​និង​បង្កើន​ទិន្នផល ។ គ្រួសារ​ជនបទ​បាន​ទទួលផល​ពី​កំណើន​ក្នុង​វិស័យ​កសិកម្ម ខណៈ​ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ គ្រួសារ​នៅ​ទីប្រជុំជន​បាន​ទទួលផល​ពី​កំណើន​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ពី​វិស័យ​សំណង់​។

បើ​តាម​ធនាគារពិភពលោក នៅ​ឆ្នាំ​២០១៦ កំណើន​ពិត​ត្រូវ​បាន​ប៉ាន់​ស្មានថា​ឡើង​ដល់​៧,០​ភាគរយ ហើយ​នៅ​ឆ្នាំ​២០១៧ និង​២០១៨ គេ​បាន​ប៉ាន់​ស្មានថា នឹង​មាន​កំណើន​៦,៩​ភាគរយ ដែល​ជំរុញ​ដោយ​ការ​នាំ​ចេញ​សំណង់ និង​ការ​ចំណាយ​ប្រើប្រាស់​របស់​រដ្ឋាភិបាល​ខណៈ​ដែល​ចំណូល​ក្នុង​ប្រជាជន​ម្នាក់​បាន​កើនឡើង​ពី​២២៩​ដុល្លារ ដល់​១.២១៦​ដុល្លារ​ឆ្នាំ​២០១៦​។ ក្នុង​ខែកក្កដា​ឆ្នាំ​២០១៦​នេះ​ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​៕