នៅ​សល់​រយៈពេល​តែ ៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ James និង Bella នឹង​មក​ដល់​ទឹកដី នៃ​ប្រទេស​កម្ពុជា

នៅ​សល់​រយៈពេល​តែ ៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ James និង Bella នឹង​មក​ដល់​ទឹកដី នៃ​ប្រទេស​កម្ពុជា



ភ្នំពេញ​: James & Bella នឹង​មក​ដល់​ទឹកដី​កម្ពុជា ដើម្បី​ជួប​ជាមួយ​ប្រិ​យ​មិត្ត របស់​ខ្លួន ក្នុង​រយៈពេល បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អន ទីតាំង Daylight Plaza វេលា​ម៉ោង ១២ និង​៣០​នាទី ថ្ងៃត្រង់​តទៅ​។

ដំណើរ​មក​ដល់​របស់​ពួក​គេ គឺ​តប​តាម​ការ​អញ្ជើញ របស់​ស្ថានីយទូរទស្សន៍ ភី​អិន​អិន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី «​វេទិកា​តារា​ថៃ ប្រចាំ PNN 2016» ក្រោយ​ពី​មាន ការ​សំណូមពរ​យ៉ាងច្រើន ពី​សំណាក់​ប្រិ​យ​មិត្ត​កម្ពុជា ដែល​ចង់​ឃើញ James & Bella ដោយ​ផ្ទាល់​។  កំពូល​តារា​សម្តែង ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​បី​ថៃ លោក James Jirayu និង​កញ្ញា Bella Ranee បាន​បង្ហាញ​ពី​ក្តី​រំភើប របស់​ខ្លួន​ជា​ខ្លាំង មុន​ជំនួប​ជាមួយ ប្រិ​យ​មិត្ត​កម្ពុជា តាម​រយៈ​ការ​ផ្ញើរ​វី​ដេ​អូ​ឃ្លី​ប របស់​ពួក​គេ មក​ពី​ប្រទេស​ថៃ​។

តួឯក​ប្រុស​ក្នុង​រឿង ភរិយា​បណ្តូលចិត្ត លោក James Jirayu បាន​និយាយ​ថា​៖ «Bella និង​ខ្ញុំ នឹង​មក​ប្រទេស​កម្ពុជា ដើម្បី​ជួប​អ្នក​ទាំងអស់​គ្នា ក្នុង​ពេល​ឆាប់​ៗ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប អ្នក​ទាំងអស់​គ្នា​ណា​»​។

មិន​ខុស​គ្នា​ប៉ុន្មាន Bella ក៏​បាន​និយាយ​ដែរ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍ រំភើប​ខ្លាំង​ណាស់ ដែល​បាន​មក​ប្រទេស​កម្ពុជា ដើម្បី​ជួប​អ្នក​ទាំងអស់​គ្នា ជួប​គ្នា ក្នុង​ពេល​ឆាប់​ៗ​នេះ​!»​។

ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ មក​ដល់​របស់​កំពូល​តារា ទាំង​ពីរ​ដួង PNN បាន​រៀបចំ​កម្មវិធី ផ្សងសំណាង​មួយ​ចំនួន សម្រាប់​ប្រិ​យ​មិត្ត ដើម្បី​ទទួល​បាន​សំបុត្រ VIP ចូលរួម​ក្នុង​កម្មវិធី «​វេទិកា​តារា​ថៃ ប្រចាំ PNN 2016», អាវយឺត និង​មួក​ដ៏​ស្រស់​ស្អាត ព្រម​ជាមួយនឹង​រូបថត ដែល​មាន​ចុះហត្ថលេខា​ផ្ទាល់​ពី James & Bella​។

ការ​ផ្សងសំណាង ដើម្បី​ទទួល​បាន​សំបុត្រ VIP ត្រូវ​បាន​ធ្វើ​ឡើង តាំងពី​ខែកញ្ញា ហើយ​រហូត​មក​ដល់​ពេល​នេះ ភី​អិន​អិន បាន​រក​ឃើញ​អ្នក​ឈ្នះ សំបុត្រ VIP រួចរាល់​ហើយ​។ ប្រិ​យ​មិត្ត​ដែល​ឈ្នះ​សំបុត្រ VIP សូម​ទៅ​ទទួល​សំបុត្រ នៅ​អគារ LYP Group ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ​៣៤៤ មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ចាប់ពី​ថ្ងៃ​ទី​៦ ដល់ ៨ តុលា ឆ្នាំ​២០១៦ ដោយ​ភ្ជាប់​ជាមួយ​នូវ ប័ណ្ណសម្គាល់ខ្លួន និង​លេខ​ទូរស័ព្ទ​។

យ៉ាងណាមិញ សម្រាប់​មិត្ត​យុវវ័យ ឬ​សាធារណជន ដែល​មាន​បំណង​ចូលរួម​កម្មវិធី «​វេទិកា​តារា​ថៃ ប្រចាំ​PNN 2016» នៅ​ថ្ងៃ​ទី​៩ ខែតុលា ខាង​មុខ​នេះ សូមកុំ​បារម្ភ ឬ​ក៏​មានការ​អាក់អន់ ស្រពន់ចិត្ត ត្បិត​លោក​អ្នក នៅ​តែ​អាច​ចូលរួម ជួប​ផ្ទាល់​ជាមួយ កំពូល​តារាភាពយន្ត​ថៃ ទាំង​ពីរ បាន​ដោយ​សេរី នៅ​ផ្សារ​ទំនើប អ៊ី​អន ទីតាំង Daylight Plaza ចាប់ពី​វេលា​ម៉ោង ១២ និង​៣០ នាទី ថ្ងៃត្រង់ ហើយ​ក៏​នឹង​មានការ​ផ្សាយ​ផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន ផង​ដែរ​៕