ឃាត់ខ្លួន​ប្អូនថ្លៃ​និង​អ្នកសំគំនិត វាយ​សម្លាប់​បងថ្លៃ​ស្រី​នៅ​ស្រុក​កែវ​សីមា

ឃាត់ខ្លួន​ប្អូនថ្លៃ​និង​អ្នកសំគំនិត វាយ​សម្លាប់​បងថ្លៃ​ស្រី​នៅ​ស្រុក​កែវ​សីមា



ម​ណ្ដ​ល​គិរី​: កម្លាំង​ជំនាញ​របស់​នគរបាល​ខេត្ត​និង​ស្រុក​កែវ​សីមា​បាន​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ស្ត្រី​ម្នាក់​ស្លាប់ រួច​អូស​យក​ទៅ​បោះចោល​ក្នុង​ព្រៃ កាលពី​ថ្ងៃ​ទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៦ ក្រោយមក​មាន​អ្នកស្រុក បានឃើញ​សព ហើយ​រាយការណ៍ ឲ្យ​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​មក​ពិនិត្យ និង​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៣ និង​ល្ងាច​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ត្រូវជា​ប្អូនថ្លៃ​ស្ត្រី​រង​គ្រោះ និង​ម្នាក់​ទៀត ជា​អ្នក​រួមគំនិត​ជាមួយ​ជន​ដៃដល់​។

ក្នុង​ប្រតិបត្តិ​ប​ត្តិ​ការ​នេះ​ដឹកនាំ​កម្លាំង​ពី​សំណាក់ លោក សូ សុវណ្ណ ស្នងការ​រង​ខេត្តមណ្ឌលគិរី ចុះ​ធ្វើការ​ស្រាវជ្រាវ នៅ​ទីតាំង​កើតហេតុ ហើយ​ឈាន​ទៅ​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ ជា​ឃាតករ​បានជា​បន្តបន្ទាប់  ។

លោក សូ សុវណ្ណ ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​ទី​១. ឈ្មោះ ទី តី (​ប្អូនថ្លៃ​) ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ចាប់ខ្លួន​នៅ​ចំណុច​អូរ​ជុំ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម និង​ទី​២. ខុ​ម ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​កែវ​សីមា ។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ឃាតករ​ដៃដល់ ឈ្មោះ ទី តី និង​ឈ្មោះ ខុ​ម ចាន់ ជា​អ្នក​រួមគំនិត កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​។

លោក​បាន​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​ជនសង្ស័យ បាន​ឲ្យ​ដឹង​ថា ខ្លួន​គេ​មិន​បាន​រំលោភ សម្លាប់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ក្រែ​ត ស្រី​មុំ អាយុ​៣០​ឆ្នាំ​នោះ​ទេ គឺ​រូបគេ (​ឃាតករ​) ខឹង​ជន​រង​គ្រោះ បាន​ផឹកស្រា​ស្រវឹង និង​ជេរ​ខ្លួន​ធ្វើ​ឲ្យ​រូបគេ​ខឹង​វាយ និង​ដៃ​ចំ​គល់​ក​ចំនួន ៣​ដៃ បណ្ដាល​ឲ្យ​សន្លប់ ហើយ​បាន​វាយ​នឹង​ឈើ​ជ្រុង​ចំនួន ៣​ឈើ​ជ្រុង​ទៀត បណ្តាល​ឲ្យ​បាក់​ក​ស្លាប់ ។​ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់​រូបគេ​បាន​អូស​ទៅ​ចោល កណ្តាល​ព្រៃ​តែ​ម្តង រួច​ពួក​គេ​ជិះ​ម៉ូតូ​មក​ផ្ទះ​ជា​ធម្មតា​រៀង​ៗ​ខ្លួន ។

ការ​សម្លាប់​ស្រី្ត​រង​គ្រោះ បាន ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៦ ក្រោយមក​មាន​អ្នកស្រុក បានឃើញ​សព ហើយ​រាយការណ៍ ឲ្យ​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦​ថា​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់ ដេក​ស្លាប់​ទាំង អាក្រាត​កាយ នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​អូរ​ជុំ ក្រោយ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី​។  ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​មក​ពិនិត្យ កន្លែង​កើតហេតុ​និង​កំណត់​បាន​មុខសញ្ញា និង​ស្រាវជ្រាវ តាម​ចាប់​ជន​ដៃដល់​យក​មក​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕