កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

ខេត្តកំពង់ឆ្នាំង ៖ ទូកប្រណាំង មាន​ទូកង ទូក​ចែវ និង​ទូក​អុំ ប្រមាណ​២៤​គ្រឿង រួម​នឹង​កីឡាករ កីឡាការិនី​ប្រមាណ​ជិត​១.៣០០​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប អកអំបុក សំពះ​ព្រះ​ខែ  ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​មុខ​ព្រះ​បរមរាជវាំង នា​ថ្ងៃ​ទី​១៣,១៤​និង​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ​។ លោក សៀត គឹ​ម​លៀង ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​បែប​នេះ នៅ​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦​។

លោក បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៨​ក្រុង ស្រុក ក៏​ប៉ុន្តែ​មាន​តែ​៦​ក្រុង​ស្រុក​តែ​ប៉ុណ្ណោះ​ដែល​មាន​ទូក​ចូលរួម​ប្រណាំង ដោយឡែក​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គី​មាន​ជ័យ ទឹកដី​ក្នុងស្រុក​មិន​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេ​គឺ​ពុំ​មាន​ទូកប្រណាំង​ឡើយ​។ ក្រុង ស្រុក​ដែល​បា​នប​ញ្ជួ​ន​ទូក​ចូលរួម​ប្រ ណាំង​រួម​មានស្រុក​បរិបូណ៌ មាន​ទូក​ចែវ​បុរស​ចំនួន​៣​ទូក ស្រុក​រលាប្អៀរ​មាន​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​៤​ទូក  ស្រុក​កំពង់ត្រឡាច មាន​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​៣​ទូក ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក និង​ទូក​ចែវ​បុរស​២​ទូក ស្រុក​កំពង់លែង​មាន​ទូក​ចែវ​បុរស​ចំនួន​១​ទូក ស្រុក​ជល​គី​រី​មាន​ទូក​ចែវ​បុរស​៥​ទូក ទូក​ចែវ​នារី​១​ទូក និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​២​ទូក ចំណែក​ក្រុង​កំពង់ឆ្នាំង​មាន​ទូក​ចែវ​បុរស​ចំនួន​១​ទូក​ផង​ដែរ​។

កីឡាករ កីឡា​ការ​នី នៅ​លើ​ទូក​វិញ​មាន​ចំនួន​៨៨៣​នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ចំនួន​៩៣​នាក់ និង​កីឡាករ កីឡាការិនី​បម្រុង​មាន​ចំនួន​៣៨៤​នាក់ ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​២២​នាក់ សរុប​ចំនួន​កីឡាករ កីឡាការិនី​ទាំងអស់​ចំនួន​១២៦៧​នាក់​។ បច្ចុប្បន្ន កីឡាករ កីឡា​ការី​នី​ទាំងអស់​កំពុងធ្វើការ​ហាត់​សម​អុំទូក និង​ចែវ​ទូក​នៅ​តាម​មូលដ្ឋាន និង​តាម​ទី​វត្ត​អារាម​ដែល​មាន​ទូក​រៀង​ៗ​ខ្លួន ហើយ​ការ​សាកល្បង​ប្រណាំង​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ចេញ​វស្សា​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​។

នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ​នេះ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង នឹង​រៀបចំ​ការ​ប្រណាំងទូក​សាកល្បង​នៅ​មុខ​វត្ត​កំពង់ត្រឡាច​ក្រោម បន្ទាប់​មក​នឹង​ធ្វើ​ពិធី​ជូន​ដំណើរ​ទូក និង​កីឡាករ​កីឡា​ការ​នី ទៅ​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ទីក្រុង​ភ្នំពេញ​៕