ចេញពី​ជក់​គ្រឿងញៀន​ជិះ​ម៉ូតូឌុប​លាក់​ដាវ​ក្នុង​កាបូប ត្រូវ​នគរបាល​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ចាប់ខ្លួន​បាន បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូឌុប​មួយ​គ្រឿង​ចេញពី​ជក់​គ្រឿងញៀន នៅ​ម្ដុំ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឆ្ពោះទៅ​កាន់​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ដោយ​មាន​លាក់​ដាវ​១​ដើម​នៅ​ក្នុង​កាបូបស្ពាយ​មួយ នៅ​ពីក្រោយ​ខ្នង​ផង​។ ហើយដោយ​ឃើញ​គួរ​ឲ្យ​សង្ស័យ កម្លាំង​នគរបាល​ខាងលើ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ត្រួតពិនិត្យ រក​ឃើញ​ដាវ​នោះ​ក៏​បាន​ចាប់ខ្លួន​នាំ​ទៅ​កសាង សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ ហួត ហម អាយុ​២៦​ឆ្នាំ មុខរបរ​សន្តិសុខ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​។ រីឯ​ម្នាក់​ទៀត​ឈ្មោះ សំ រ​ដ្ឋា អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ខាងលើ បាន​ដើរ​ល្បាត​ពួនស្ទាក់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ពួក​គេ​កំពុង​ឈរ​រេរា​នៅ​តាម​ផ្លូវ ហើយ​ក៏​មាន​បុរស​អ្នក រត់​ម៉ូតូឌុប​ម្នាក់​ស្ថិត​នៅ​ក្បែរ​នោះ​ដែរ​។ ខណៈនោះ​ដោយ​មានការ​សង្ស័យ កម្លាំង​បាន​ចូល​ទៅ​ធ្វើការ​សួរនាំ ទើប​ដឹង​ថា​ពួក​គេ​ជិះ​ម៉ូតូឌុប​នោះ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ម៉ូតូឌុប​ទម្លាក់​ចោល​នៅ​ទីនោះ ដោយ​មិន​ហ៊ាន​ឌុ​ប​បន្តដំណើរ​ទៅ​មុខ​ទៀត​ឡើយ ព្រោះ​នៅ​តំបន់​នោះ​ស្ងាត់​ពេក កន្លង​មក​ធ្លាប់​មាន​សកម្មភាព​ចោរ​កាប់​ប្លន់​ម៉ូតូ​ជា​ញឹកញាប់ អ្នក​រត់​ឌុ​ប​នោះ​ខ្លាច​មាន​គ្រោះថ្នាក់​ទើប​មិន​ហ៊ាន​ទៅ​ក៏​ឈប់​នៅ​ទីនោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​ក៏​បាន ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ និង​កាបូបស្ពាយ​ពួក​គេ រក​ឃើញ​ដាវ​មួយ​ដើម ទើប​ចាប់ខ្លួន​តែ​ម្ដង ហើយ​កម្លាំង​នគរបាល​ក៏​បាន​សង្ស័យ​ថា​ពួក​គេ​គឺជា​មុខសញ្ញា​ក្រុម​ចោរ​ដែល​ត្រៀម​កាប់​ប្លន់​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នោះ​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​នគរបាល​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជន​នោះ​បាន​សារភាព​ថា ពួក​ខ្លួន​ទើប​ចេញពី​ជក់​គ្រឿងញៀន នៅ​ម្ដុំ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឆ្ពោះទៅ​កាន់​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ខណៈនោះ​អ្នក​រត់​ម៉ូតូឌុប​បាន​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ពួក​គេ​ប្រុង​ជិះ​ម៉ូតូឌុប​ផ្សេង​ទៀត បន្តដំណើរ​ទៅ​មុខ​ទៀត ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​៕