ទូរគមនាគមន៍​កម្ពុ​ជា នឹង​បិទ​ស៊ីម​កាត​ដែល​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       October-05-2016, 8:19 pm         1140

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទូរគមនាគមន៍​កម្ពុ​ជា នឹង​បិទ​ស៊ីម​កាត​ដែល​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ​​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នឹង​បិទ​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត ដែល​គ្មាន​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​

​បើទោះជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​សម្របសម្រួល និង​ណែនាំ​ដល់​ភ្នាក់ងារ​លក់​ស៊ីម​កាត​ជា​ច្រើនដង​រួចមកហើយ តែ​មិនទាន់មាន​លទ្ធផល​ល្អ​នឹង​ប្រសិទ្ធភាព​ឡើយ​។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏បាន​ពិនិត្យឃើញថា នៅមាន​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​ប្រមាណ​ពី ៧​ទៅ​៨​ភាគរយ​ទៀត ដែល​មិនមាន​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ​។

​ត្រង់ចំណុច​នេះ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បង្គាប់​ឲ្យ​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​ផ្ញើ​សារ​រំលឹក ដល់​អតិថិជន​ប្រើប្រាស់​ស៊ីម​កាត​ដែល​គ្មាន​ឯកសារ ឲ្យ​បាន​៧​ដង ក្នុង​រយៈពេល​៧ ចាប់ពី​ថ្ងៃទី​០១​តុលា​នេះ​។ តែ​ប្រសិនបើ​អតិថិជន​ដែល​ប្រើប្រាស់​ស៊ីម​កាត​គ្មាន​ឯកសារ​ទាំងនេះ នៅតែ​មិន​មក​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​ប្រតិបត្តិ​ករ ឲ្យ​បាន​មុន​ថ្ងៃទី​០១ វិច្ឆិកា ទេនោះ​និយ័ត​ករ​ទូរគមនាគមន៍ នឹង​ផ្អាក​ដំណើរការ​ស៊ីម​កាត ដោយ​បិទ​ការហៅ​ចេញ និង​ផ្ញើ​សារ​ជាដើម​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏​បង្គាប់​ឲ្យ​ភ្នាក់ងារចែកចាយ​ស៊ីម​កាត​ទាំងអស់ ត្រូវតែ​បញ្ឈប់​សកម្មភាព​ចែកចាយ​ជូន​អតិថិជន​ដោយ​គ្មាន​ឯកសារ ទោះ​ស្ថិតក្នុង​រូបភាព​បែបណាក៏ដោយ​។​

​គួរ​បញ្ជាក់ថា គណៈកម្មការ​អន្តរក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​ទៅតាម​មជ្ឈមណ្ឌល​ទូរស័ព្ទ​ចល័ត ទាក់ទង​នឹង​ព័ត៌មាន​អត្តសញ្ញាណ​នៃ​ស៊ីម​កាត​ទាំងអស់ ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា​ខាងមុខនេះ ដើម្បី​ធានាថា នឹងមិន​មានការ​លក់​ស៊ីម​កាត​ដោយ​គ្មាន​ឯកសារ​ទៀតឡើយ​៕