អាមេរិក​៖ ការបោះឆ្នោត​ប្រធានាធិបតី​មុន​ការកំណត់​ចាប់ផ្តើម​ហើយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       October-05-2016, 9:39 pm         1227

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​៖ ការបោះឆ្នោត​ប្រធានាធិបតី​មុន​ការកំណត់​ចាប់ផ្តើម​ហើយ​​ការបោះឆ្នោត​មុន​ការកំណត់​មកដល់​បានចាប់ផ្តើម​ហើយ​នៅ​រដ្ឋ​ចំនួន ៣៧ នៅ​សហរដ្ឋអាមេរិក​។ គេ​អាច​បោះឆ្នោត​ដោយ​គូស​សន្លឹកឆ្នោត​ដោយផ្ទាល់ ឬ​អាច​បោះឆ្នោត​តាម​អ៊ី​ម៉ែ​ល​បាន ដោយ​នីតិវិធី​អាស្រ័យ​លើ​រដ្ឋ​នីមួយៗ​ប៉ុណ្ណោះ​។ រដ្ឋ​ខ្លះ​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត​មាន​ហេតុផល​ពិសេស​ដើម្បី​សុំ​បោះ​មុន ខណៈ​រដ្ឋ​ខ្លះទៀត​មិនត្រូវ​ការ ហេតុផល​ពិសេស​ពី​អ្នកបោះឆ្នោត​ឡើយ​។

​នៅសល់​ជាង​៣០​ថ្ងៃ​ទៀត ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មកដល់ តែ​ការបោះឆ្នោត​មុន​កាលកំណត់​បានចាប់ផ្តើម​នៅ​រដ្ឋ​មួយចំនួន​នៅ​អាមេរិក​ចាប់ពី​ដើមខែ​តុលា​នេះ​។​ប៉ុន្តែ​រដ្ឋ​ចំនួន ២​ក្នុងនោះ​មាន South Dakota និង Minnesota ដែល​បានរៀបចំ​ការបោះឆ្នោត​មុនគេ​បង្អស់​ពោលគឺ​ពីថ្ងៃ ២៣ កញ្ញា​។

​ជារួម​រដ្ឋ​ចំនួន ៣៧ អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន​បោះឆ្នោត​មុន ក្នុងនោះ​រដ្ឋ​ចំនួន​៣ អនុញ្ញាត​ឲ្យ​បោះឆ្នោត​តាម​អ៊ី​ម៉ែ​ល ។ នីតិវិធី​នៃ​ការបោះឆ្នោត​នេះ វា​អាស្រ័យ​លើ​រដ្ឋ​នីមួយៗ​ប៉ុណ្ណោះ ព្រោះ​រដ្ឋ​ខ្លះ​អនុ​ញ្ញា​ឲ្យ​បោះ​តាម​អ៊ី​ម៉ែ​ល តែ​មិន​ឲ្យ​គូស​សន្លឹកឆ្នោត​ដោយផ្ទាល់​ទេ​។ ហើយ​ខ្លះ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ដោយផ្ទាល់​តែ​មិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​តាម​អ៊ី​ម៉ែ​ល​។ រដ្ឋ​ខ្លះទៀត​ក៏​អនុញ្ញាត​ឲ្យ​បោះ​តាម​នីតិវិធី​ទាំងពីរ​ដែរ​។

​ចាប់តាំងពី​ឆ្នាំ ២០១២ មក ភាគរយ​នៃ​អ្នកបោះឆ្នោត​មុន​កាលកំណត់​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ភាគច្រើន​មនុស្ស​ចាស់​ជ្រើស​រើសយក​ការបោះឆ្នោត​មុន​ព្រោះ​វា​ងាយស្រួល​។ ឆ្នាំ ២០១២ អ្នកបោះឆ្នោត​មុន​ថ្ងៃ​កំណត់​មាន​រហូតដល់ ៣២ ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រៅពីនេះ រដ្ឋ​មួយចំនួន​អនុញ្ញាត​ឲ្យ​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​បោះឆ្នោត​មុន​បាន​ដោយ​តម្រូវ​ឲ្យ​ពួកគេ​ផ្តល់​ហេតុផល​ជាក់លាក់​។ ហើយ​រដ្ឋ​ខ្លះទៀត​មិនបាន​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត​ផ្តល់​ហេតុផល​ពិសេស​ដើម្បី​សុំ​បោះឆ្នោត​មុន​ឡើយ​។  ភាគច្រើន​នៃ​រដ្ឋ​ដែលមាន​អ្នកគាំទ្រ​គណបក្ស​ធំៗ​ទាំងពីរ​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ​ប្រហាក់ប្រហែល​គ្នា​អនុញ្ញាត​ឲ្យ​បោះឆ្នោត​មុន​បាន​ដោយ​មិន​ត្រូវការ​ហេតុផល​អ្វី​ឡើយ​។​

​ចំណែក​រាល់​សន្លឹកឆ្នោត​ដែល​ទទួលបាន​មុន​ថ្ងៃ​បោះឆ្នោត​នេះ​នឹងត្រូវ​រាប់​សរុប​ជា​ផ្លូវការ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខនេះ​។

​តាមពិត​ប្រព័ន្ធ​បោះឆ្នោត​នៅ​អាមេរិក​មាន​លក្ខណៈ​ងាយស្រួល​និង​ផ្ទេរ​សិទ្ធិអំណាច​ឲ្យ​បណ្តា​រដ្ឋ​ទាំង ៥០ អាច​រៀបចំ​ការបោះឆ្នោត​បាន​តាម​នីតិវិធី​រប​ស់​ខ្លួន​ដាច់ៗ​ដោយឡែក​ពីគ្នា​។ ដូច្នេះហើយ​បានជា គេ​អាច​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់​បាន​នៅ​រដ្ឋ​ភាគច្រើន​របស់​សហរដ្ឋ​អាមេរិក​ដូច្នេះ​។ ហើយ​អ្វីដែល​សំខាន់​ប្រជាជន​អាមេរិក​ចុះឈ្មោះ​បោះឆ្នោត តាម​គណបក្ស​ដែល​ខ្លួន​គាំទ្រ​។ វា​អាចជា​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ ឬ​អាច​គណបក្ស​ផ្សេងទៀត​៕