អាសាដ​៖ «​អាមេរិក​បង្កចលាចល​និង​សង្គ្រាម​ដើម្បី​រក្សា​អំណាច​គ្រប់គ្រង​ពិភពលោក​» និពន្ធដោយ : សៅ ផលនិស្ស័យ       October-05-2016, 10:39 pm         641

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាសាដ​៖ «​អាមេរិក​បង្កចលាចល​និង​សង្គ្រាម​ដើម្បី​រក្សា​អំណាច​គ្រប់គ្រង​ពិភពលោក​»​មហិច្ឆតា​កសាង​អនុត្តរភាព​របស់​អាមេរិក​បង្ក​ឲ្យ​មាន​ភាពចលាចល​និង​សង្គ្រាម​លើ​ពិភពលោក​រហូត​ធ្វើ​ឲ្យ​រដ្ឋ​មួយចំនួន​ដួលរលំ​ផង​។ ការព្យាយាម​ធ្វើបែបនេះ​ក៏​ដើម្បី​ធ្វើយ៉ាងណា​រក្សា​អំណាច​និង​ឥទ្ធិពល​ធំ​ផុត​គេ​របស់​អាមេរិក​ដែល​កំពុង​បាត់បង់​និង​ស្រុតចុះ​បន្តិច​ម្តងៗ​នាពេល​បច្ចុប្បន្ន​ដែរ​។​នេះ​ជាការ​លើកឡើង​របស់លោក បា​សា អាល់ អាសាដ ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី​អ៊ីរ៉ង់ Tehran Foreign Policy Studies Quarterly​។​

​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ បាន​រិះគន់​សហរដ្ឋអាមេរិក​មិន​សំចៃមាត់​ដោយ​លោក​លើកឡើងថា មហិច្ឆតា​របស់​អាមេរិក​ក្នុង​ការកសាង​អនុត្តរភាព​របស់ខ្លួន​កំពុង​បង្ក​គ្រោះមហន្តរាយ​និង​ភាពចលាចល​ដល់​ពិភពលោក​ទាំងមូល​។ អ្វីដែល​អាមេរិក​កំពុង​ធ្វើ​គឺ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​ដែល​កំពុង​ថមថយ​ចុះ​នៅលើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី  Tehran Foreign Policy Studies Quarterly នៅ​ថ្ងៃ​ពុធ​ទី ៥​តុលា​នេះ​លោក អាសាដ បាន​សង្កត់ធ្ងន់​លើ​ការអន្តរាគមន៍​របស់​អាមេរិក​ក្នុង​ជម្លោះ​អន្តរជាតិ ជាពិសេស​លូកដៃ​បង្កជម្លោះ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ជាពិសេស​នៅ​ស៊ី​រី​ជាដើម​។​

 «​អាមេរិក​កំពុង​កសាង​អនុត្តរភាព​របស់ខ្លួន​លើ​ប្រទេស​ដទៃ ហើយ​យើង​ឃើញស្រាប់​ហើយ​អាមេរិក​ទាញ​ប្រយោជន៍​ពី​ការដួលរលំ​នៃ​សហភាពសូវៀត និង​គ្រប់គ្រង​ពិភពលោក​ម្នាក់ឯង​ដល់​បច្ចុប្បន្ន​។ មហាអំណាច​នេះ​អន្តរាគមន៍​នៅ​ប្រទេស​ដទៃ​ដើម្បី​គំរាម​គេឯង​ឲ្យ​អោនក្បាល​ស្តាប់​តាម​ខ្លួន​។ ដូច​នៅក្នុង​បញ្ហា​ស៊ី​រី​នេះ​ស្រាប់​»​។ នេះ​ជាការ​លើកឡើង​របស់លោក បា​សា អាល់​អាសាដ​។​

​ហើយ​មេដឹកនាំ​ស៊ី​រី​ដែល​អាមេរិក​ចាត់ទុកជា​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ជឿជាក់ថា អាមេរិក​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រើប្រាស់​វិធានការ​គ្រប់យ៉ាង​រួមទាំង​កម្លាំង​ទ័ព​ផង​ឲ្យ​តែ​មានការ​ប្រជែង​អំណាច​គ្រប់គ្រង​ពិភពលោក​របស់ខ្លួន​។ ហើយ​អាមេរិក​បច្ចុប្បន្ន​ក៏​កំពុង​ថមថយ​ឥទ្ធិពល​និង​បាត់បង់​អំណាច​ក្នុងការ​គ្រប់គ្រង​រាល់​កិច្ចការ​ពិភពលោក​ដូចគ្នា​ដែរ​។​

​លោក​ពន្យល់ថា​៖«​បច្ចុប្បន្ន សហរដ្ឋអាមេរិក​កំពុង​បង្កើត​សង្គ្រាម​ដោយ​ប្រទេស​នេះ​មាន​គោលដៅ​ពង្រឹងគោលជំហរ​របស់​ខ្លួន​ក្នុងការ​គ្រប់គ្រង​ពិភពលោក​។ អាមេរិក​វាយប្រហារ​អ្នកណា​ក៏ដោយ​ឲ្យ​តែ​គេ​ហ៊ាន​ប្រឆាំង​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​នោះ​។ រឿង​ដែល​សំខាន់​អាមេរិក​មិនដែល​ហ៊ាន​ទទួលស្គាល់​ការផ្លាស់ប្តូរ​តុល្យភាព​អំណាច​នៅលើ​ពិភពលោក និង​ការ​រះ​ត្រដែត​ឡើង​នៃ​មហាអំណាច​ថ្មី​ឡើយ​»​។​

​ក្រៅពីនេះ លោក អាសាដ ជឿជាក់ថា បើសិនជា​ស៊ី​រី​អាច​ទ្រាំទ្រ​ជាមួយ​សម្ពាធ​ដែលមាន​និង​អាច​កម្ចាត់​អស់​ភេរវជន​ពី​ទឹកដី​របស់ខ្លួន ជ័យជម្នះ​មួយ​នឹង​កើតឡើង​សម្រាប់​ប្រជាជាតិ​លើ​ពិភពលោក ហើយ​វា​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​សាប​ព្រួស​គំនិត​«​ការរីកលូតលាស់​ដោយ​ឯករាជ្យ​» ដែល​វា​ជា​អ្វីដែល​លោកខាងលិច​បារម្ភ​ខ្លាំង​បំផុត​៕