ធ្លាប់​មាន​អារម្មណ៍​ថាអ្វីដែល​កំពុងកើតឡើង ដូចជាធ្លាប់កើតឡើងម្តងរួចមកហើយ​ដែរ​ឬ​ទេ ? ( ច្រើនជាង 70% នៃប្រជាជន​ពិភពលោកសុទ្ធតែធ្លាប់)

ការចងចាំ ជាដំណើរផ្តិតយកទិដ្ឋភាព រូបភាព ព្រឹត្តិការណ៍ដែលធ្លាប់កើតឡើងពិតប្រាកដ ទៅក្នុងខួរក្បាល ដើម្បីរក្សាទុក។ ពិតណាស់ដែលយើងចងចាំ អំពីកុមារភាព ថ្ងៃដំបូងនៅសាលារៀន វេលាពិសេសក្នុងជិវិតសិក្សា ពេលផ្ដើមស្នេហ៍ដំបូង ជិវិតអាពាពិពាហ៍ -ល- ដែលរឿងរ៉ាវទាំងអស់នោះ បានកើតឡើងយ៉ាងជាក់ស្ដែងក្នុងជិវិតរបស់យើង។

តែដោយឡែក តើប្រិយមិត្តរបស់ CAMBOMAG ធ្លាប់ដែរឬទេ នៅពេលធ្វើដំណើរទៅកន្លែងណាមួយជាគ្រាដំបូងបំផុត លោកអ្នកមានអារម្មណ៍ថា ធ្លាប់ឃើញរូបភាពនេះពីមុនមក ឬពេលធ្វើសកម្មភាពអ្វីមួយ ក្នុងស្ថានភាពណាមួយ លោកអ្នកក៏យល់ថា ធ្លាប់បានធ្វើសកម្មភាព និងបានស្ថិតក្នុងស្ថានភាពបែបនេះរួចមកហើយ។

បាតុភូតនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រប្រសិទ្ធិនាមថា បាតុភូត Déjà vu (ដេហ្សា វុយ)។

Déjà vu ជាពាក្យដែលទាញយកមកប្រើពីភាសាបារាំង ដោយតាមអក្សរសាស្ត្រ វាមានន័យថា “ធ្លាប់បានឃើញ”។ តាមន័យចិត្តសាស្ត្រ Déjà vu ជាបាតុភូតដែលយើងមានអារម្មណ៍ទទួលដឹងញាណខ្លាំង ចំពោះហេតុការណ៍ ឬរឿងរ៉ាវអ្វីមួយ ដែលកំពុងប្រព្រឹត្តទៅ ថាវាហាក់ដូចជាធ្លាប់បានកើតមានហើយ ជាបទពិសោធន៍កាលពីអតីតកាល។ នេះសំដៅដល់អារម្មណ៍បែបស្រដៀងៗធ្លាប់ជួប ឬភាសាអង់គ្លេសប្រើពាក្យថា “already lived through” គឺធ្លាប់ឆ្លងកាត់រួចហើយ ដែលនេះជាផ្នែកមួយនៃការចងចាំ។

ការបកស្រាយបែបវិទ្យាសាស្ត្រ ច្រានចោល ការលើកឡើងថា Déjà vu ដូចទៅនឹង”ការដឹងញាណមុន “ឬ”ការទស្សន៍ទាយ”។ ការស្រាវជ្រាវបង្ហាញថា វាដូចជាការចងចាំបែបមិនប្រក្រតីម៉្យាង ដែលបង្កើតការបែងចែកអារម្មណ៍ នៃបទពិសោធន៍ដែលត្រូវបានចងចាំ។ ការចងចាំនេះ បើទោះវាខ្លាំងក្លាប៉ុណ្ណាក្ដី ក៏យើងមិនអាចកំណត់បានដែរ ថាតើវាបានកើតពេលណា ទីណា ដោយរបៀបណា។

គេចែក Déjà vu ជា២យ៉ាងសំខាន់ៗ គឺ Déjà vu បែបជំងឺ ដែលភាគច្រើនភ្ជាប់ជាមួយនឹងជំងឺឆ្កួតជ្រូក (Epilepsy) និង Déjà vu ប្រក្រតី ដែលកើតមានចំពោះមនុស្សធម្មតាគ្មានជំងឺ ។ គួរបញ្ញាក់ថាលើសពី 70% នៃប្រជាជនទូទាំងពិភពលោក ត្រូវបានរាយការណ៍ថា ធ្លាប់មានអារម្មណ៍ ការចងចាំបែប Déjà vu នេះ ដែលភាគច្រើនកើតចំពោះក្រុមមនុស្ស អាយុពី ១៥ទៅ២៥ឆ្នាំ ។

ដោយសារ Déjà vu កើតឡើងចំពោះបុគ្គលជាច្រើន ទាំងមាន និងគ្មាន លក្ខខណ្ឌជំងឺ ហេតុនេះ មានការពន្យល់ជាច្រើន ទាក់ទិននឹងបញ្ហាហេតុអ្វីបានជាបាតុភូតនេះកើតឡើង។ អ្នកវិភាគចិត្តវិទ្យាមួយចំនួនកំណត់លក្ខណៈ Déjà vu ថាជាការរវើរវាយ ឬការប្រាថ្នាព្រាងទុក ខណៈដែលអ្នកចិត្តសាស្ត្រផ្សេងទៀត បញ្ជាក់ថា វាមកពីការតម្រូវខុសនៃខួរក្បាល ដែលបង្កឲ្យមានកំហុស រវាង បច្ចុប្បន្ន និងអតីតកាល។ ហើយក៏មានអ្នកជំនាញជាច្រើនទៀតដែរ អះអាងថា នេះទាក់ទងនឹងបទពិសោធន៍ជិវិតពីអតីតកាល។ សរុបជារួម គេពុំទាន់កំណត់ការបកស្រាយ និងមូលហេតុជាក់លាក់ នៅឡើយទេ គឺមានការសង្កេតតាមដាន ជាច្រើនទាក់ទិននឹង Déjà vu កំពុងត្រូវបានគេធ្វើ។

ខាងក្រោមជាពន្យល់សង្ខេប លក្ខណៈវីដេអូ៖

ដោយ៖ NEA
ឯកសារយោង៖ Wikipedia |

  • ធ្លាប់​មាន​អារម្មណ៍​ថាអ្វីដែល​កំពុងកើតឡើង ដូចជាធ្លាប់កើតឡើងម្តងរួចមកហើយ​ដែរ​ឬ​ទេ ? ( ច្រើនជាង 70% នៃប្រជាជន​ពិភពលោកសុទ្ធតែធ្លាប់)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: